ភ្នំពេញ ៖ ប្តីប្រពន្ធពីរនាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង កំពុងជិះម៉ូតូ ត្រូវរថយន្តកុងតឺន័រ បើកបុកហើយកិន នៅតាមបណ្តោយផ្លូវជាតិលេខ៣ ជិតវត្តព្រៃស្ពឺ ក្នុងខណ្ឌពោធិ៍សែនជ័យ នាព្រលប់ថ្ងៃទី៣មករា ឆ្នាំ២០១៩។
ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ មិនទាន់ស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កុបពីពណ៌ក្រហម ស្លាកលេខភ្នំពេញ1GV-9379 ដែលជិះពីរង្វង់មូលចោមចៅ ឆ្ពោះទៅផ្លូវជាតិលេខ៣ លុះមកដល់កន្លែងកើតហេតុ ក៏បានបុកជាមួយរថយន្តកុងទីន័រ ស្លាកលេខ ភ្នំពេញ 4A 5235 យ៉ាងពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗតែម្តង។ វត្ថុតាងទាំងពីរគ្រឿង ត្រូវបានខាងនគរបាលចរាចរណ៍ ចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ បញ្ញាស័ក្តិ