ភ្នំពេញ ៖ អង្គការ LICADHO / លីកាដូ បានផ្សាយថា នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ សហជីព កម្មករ និងសកម្មជនសិទ្ធិមនុស្ស ប្រមាណជា ១០០នាក់ បានជួបជុំគ្នា ដើម្បីប្រារព្ធពិធីរំលឹកខួប៥ឆ្នាំដែលកងកម្លាំងប្រដាប់អាវុធបានបើកការបាញ់ប្រហារទៅលើកម្មករដែលកំពុងធ្វើកូដកម្មនៅលើផ្លូវវេងស្រេងក្នុងរាជធានីភ្នំពេញ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន៤នាក់ ម្នាក់បាត់ខ្លួន និងរងរបួសរាប់សិបនាក់ផ្សេងទៀត។ ប៉ុន្តែករណីនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា សំណុំរឿងបាតុកម្មផ្លូវវ៉េងស្រេង តុលាការនៅតែបន្តស៊ើបអង្កេត។
ការរំលឹកខួបនៅថ្ងៃទី៣មករានេះ ត្រូវបានរៀបចំឡើងនៅសម្ព័ន្ធសមាគមនិងសហជីព “ផ្ទះសាមគ្គី” ដែលចូលរួមដោយកម្មកររោងចក្រកាត់ដេរ សហជីព និងក្រុមគ្រួសារជនរងគ្រោះ។ អ្នកទាំងនោះបានចូលរួមក្នុងពិធីសូត្រមន្តតាមបែបសាសនា និងការពិភាក្សាពីការតវ៉ាអំពីប្រាក់ឈ្នួលអប្បបរមា ក៏ដូចជាហេតុនៃអំពើហិង្សា។
ជនរងគ្រោះនៃអំពើហិង្សាបានស្នើសុំឱ្យមានការចាត់វិធានការនិងទំនួលខុសត្រូវចំពោះអ្នកបាត់បង់ជីវីត និងទម្លាក់ចោលបទចោទប្រឆាំងនឹងកម្មករនិងមេដឹកនាំសហជីពពាក់ព័ន្ធនឹងការតវ៉ានេះ។
ការបង្ក្រាបយ៉ាងហិង្សានេះ បានកើតឡើងបន្ទាប់ពីមានការតវ៉ាជាបន្តបន្ទាប់ពីសំណាក់កម្មករ ដើម្បីស្នើសុំដំឡើងប្រាក់ឈ្នួលអប្បរមាក្នុងឆ្នាំ២០១៣ ខណៈពេលដែលគណបក្សជំទាស់ធ្វើពហិកាមិនចូលប្រជុំសភាពាក់ព័ន្ធនឹងបញ្ហាចម្រូងចម្រាសនៃលទ្ធផលបោះឆ្នោតជាតិឆ្នាំ២០១៣។
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ កងកម្លាំងប្រដាប់អាវុធចម្រុះបានបាញ់ប្រហារទៅលើកម្មករ បណ្ដាលឱ្យមានមនុស្សបាត់បង់ជីវីតចំនួន៤នាក់ និងបាត់ខ្លួនម្នាក់មកទល់សព្វថ្ងៃ (ត្រូវបានគេឃើញលើកចុងក្រោយ ត្រូវគ្រាប់កាំភ្លើងចំពោះ)។ យ៉ាងតិចណាស់ មនុស្ស៣៨នាក់ផ្សេងទៀត ត្រូវបានរងរបួស និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលភាគច្រើនរងរបួសដោយសារគ្រាប់កាំភ្លើង។
កម្មករទាំង៤នាក់ មានឈ្មោះ លោក គឹម ផាលាភ លោក សាម រ៉ាវី លោក យាន រិទ្ធី និងលោក ផេង កុសល។ កម្មករម្នាក់ទៀតឈ្មោះ លោក ខឹម សុផាត ត្រូវបានគេឃើញលើកចុងក្រោយ ដែលកំពុងត្រូវបានលើកចេញដោយកងកម្លាំងប្រដាប់អាវុធដោយមានត្រូវគ្រាប់កាំភ្លើងចំពោះ។ ខណៈពេលដែលអាជ្ញាធរធ្លាប់បានអះអាងថា បានស៊ើបអង្កេតទៅលើការបាត់ខ្លួននេះ និងបើទោះជាមានការស្នើសុំដោយទទួច ដើម្បីឱ្យមានការស៊ើបអង្កេតត្រឹមត្រូវមួយ ក៏សុផាតនៅតែបាត់ខ្លួនអស់រយៈពេល៥ឆ្នាំមកហើយ។
នៅពេលនោះ មេដឹកនាំសហជីពនិងសកម្មជន២៣នាក់ត្រូវបានចាប់ខ្លួន ចោទប្រកាន់និងឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល៥ខែ។ កាលពីខែមុន មេដឹកនាំសហជីពចំនួន៦នាក់គឺលោក អាត ធន់ លោក ជា មុនី អ្នកស្រី យ៉ាង សោភ័ណ្ឌ លោក ប៉ាវ ស៊ីណា លោក រ៉ុង ឈុន និងអ្នកស្រី ម៉ម ញឹម ត្រូវបានផ្ដន្ទាទោសនិងព្យួរទោស ពាក់ព័ន្ធនឹងការតវ៉ានេះ។ នេះគឺរួមបញ្ចូលទាំងការផ្ដន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំកន្លះ និងប្រាក់សំណងជារួមចំនួន ៨៦០០ ដុល្លារ ទៅដើមបណ្ដឹងរដ្ឋប្បវេណី។
កន្លងមក គ្មានទាហានឬកងកម្លាំងប្រដាប់អាវុធណាម្នាក់ ត្រូវបានយកមកផ្ដន្ទាទោស ចំពោះការស្លាប់របស់កម្មករទាំងនោះទេ។
លោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងថា ថ្ងៃទី៣ ខែមករា គឺជាថ្ងៃដែលយើងធ្វើពលិកម្មដើម្បីសិទ្ធិសេរីភាព និងលក្ខខណ្ឌការងាររបស់កម្មករ និងជាស្នូរជួង ដើម្បីបន្លឺប្រាប់ប្រជាពលរដ្ឋខ្មែរ នុងអន្តរជាតិថា ប្រជាពលរដ្ឋខ្មែរមិនអាចនៅស្ងៀមបានទេ ដរាបណាមានអយុត្តិធម៌ក្នុងសង្គម កម្មករត្រូវការលក្ខខណ្ឌការងារ។
លោកវន់ ពៅ បានលើកឡើងថា “ប្រាប់ទៅមនុស្សជំនាន់ក្រោយថា ការតស៊ូត្រូវការលះបង់ ប៉ន្តែការលះបង់ សុំកុំខ្លាច ដើម្បីជោគជ័យត្រូវតែហ៊ាន ត្រូវតែតស៊ូ”។
ចំណែកលោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា ករណីបាតុកម្មផ្លូវវ៉េងស្រេង តុលាការមានភស្តុតាងគ្រប់គ្រាន់ ក្នុងការធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់សម្បត្តិរដ្ឋ ឯកជន និងប៉ះពាល់ដល់ការបាត់បង់អាយុជិវិតមនុស្ស ហើយតុលាការនៅតែបន្តស៊ើបអង្កេតនៅលើករណីនេះទៀត។ ហើយអ្វីដែលក្រុមលោកវន់ ពៅ ធ្វើនេះ គ្រាន់តែជាការបង្កើនមិនឲ្យឆាប់ភ្លេចនៅសកម្មភាពក្នុងកិច្ចការប្រឆាំងជាមួយរាជរដ្ឋាភិបាល។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា “ការធ្វើនេះ គ្រាន់តែជាចលនាមួយ ដើម្បីទូងស្គរ ដែលបង្ហាញអំពីអ្វីទៅដែលគេយកការលើកឡើងរបស់ EU មកអនុវត្ត និងគ្រាន់តែជាអាយ៉ងរបស់បរទេសតែប៉ុណ្ណោះ។ ហើយគួរឲ្យសោកស្តាយដែលយើងកំពុងតែរៀបចំឲ្យសកម្មភាពវាស្ងប់ស្ងៀម រក្សាសេចក្តីថ្លៃថ្នូរ ការពារអធិបតេយ្យភាព មិនធ្វើខ្ញុំបរទេស គេទៅបង្កើតសាច់រឿងបង្កឲ្យមានអរិភាព។ ដូច្នេះអ្វីដែលបង្កអរិភាពរាជរដ្ឋាភិបាលនិងចាត់វិធានការជាធរមាន ដើម្បីរក្សាសណ្តាប់ធ្នាប់ធ្នាប់ រក្សាស្ថានភាពសាធារណៈឲ្យស្ថិតនៅក្នុងភាពសុខក្សេមក្សាន្ត”។
លោកផៃ ស៊ីផាន បានសង្កត់ថា រាជរដ្ឋាភិបាលកម្ពុជានឹងចាត់វិធានការមិនអនុញ្ញាតឲ្យសកម្មភាពទាំងនេះ បង្កើតបានតទៅទៀតទេ។
សូមជម្រាបថា លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ឋ និង មនុស្ស២២នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនអំឡុងពេលកម្មកររោងចក្រកាត់ដេរ ធ្វើបាតុកម្ម ទាមទារឡើងប្រាក់ខែ នៅរោងចក្រ យ៉ាកជីន ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងផ្លូវវ៉េងស្រេង ក្នុងពេលតវ៉ាដំឡើងប្រាក់ខែកម្មករ ១៦០ដុល្លារ កាលពីថ្ងៃទី២-៣ ខែមករា ២០១៤។ ហើយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ តុលាការបានសម្រេចដោះលែងអ្នកទាំងនោះ ពាក់ព័ន្ធនឹងបទញុះញង់ បង្កហិង្សា និងបំផ្លិច បំផ្លាញទ្រព្យសម្បត្តិ ៕ ដោយ ៖ រចនា