កោះកុង ៖ ព្រឹកថ្ងៃសៅរ៍ ទី៥មករា នេះ ទឹកសមុទ្របានជនជោរ ដោយមានខ្យល់បក់បោកខ្លាំង បង្កើតជារលកធំៗ វាយប្រហារតូបលក់ដូរ និងលំនៅដ្ឋានរបស់អាជីវករ និងប្រជាពលរដ្ឋ បណ្តាលឲ្យជន់លិច នៅឆ្នេរបាក់ខ្លង ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ អាជ្ញាធរខេត្តកោះកុង បានជម្លៀសក្រុមអាជីវករ ទៅរកទីទួលមានសុវត្ថិភាព ។
ស្របពេលដែលមន្ត្រីព្យាករណ៍អាកាសធាតុ នៃក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី២ ខែ មករា ឆ្នាំ បានចេញសេចក្តីប្រកាសជូនដំណឹង បញ្ជាក់ថា ចាប់ពីថ្ងៃទី២-៤ ខែមករា ឆ្នាំ២០១៩នេះ សូមប្រជានេសាទ និងអ្នកដែលមានបំណងទៅកម្សាន្តនៅតាមកោះនានា ក្នុងដែនសមុទ្រកម្ពុជា ឲ្យផ្អាកសកម្មភាព ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ខណៈដែលពួកគេបានព្យាករណ៍ឃើញថា ឥទ្ធិពលនៃព្យុះប៉ាប៊ុកពីសមុទ្រ ចិនខាងត្បូងនឹងអាចធ្វើឲ្យផ្ទៃសមុទ្រកម្ពុជាមានរលកធំៗ និងខ្ពស់ៗព្រមទាំងមានធ្លាក់ភ្លៀងផងដែរ។
សេចក្តីការណ៍បានបញ្ជាក់ទៀតថា ជាដោះស្រាយចំពោះមុខប្រជាពលរដ្ឋ និងអាជីវកម្ម ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចជម្លៀស ទៅរកទីតាំងមានសុវត្ថិភាពជាបណ្តោះអាសន្ន រង់ចាំស្ថានភាពត្រឡប់មករកភាពដើមវិញ។ ករណីកើតមានរលកធំៗនេះ ទំនងជាមិនមែនកើតឡើង តែនៅឆ្នេរបាក់ខ្លងប៉ុណ្ណោះទេ គឺអាចកើតឡើង ចំពោះឆ្នេរសមុទ្រទាំងអស់ ក្នុងខេត្តកោះកុង។
ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យបងប្អូននេសាទ អ្នកដំណើរតាមសមុទ្រ ជាពិសេសវីរកងទ័ពឈរជើង នៅតាមបណ្តាកោះនានា សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតព្យុះ ដែលអាចនឹងបង្កឲ្យកើតមានភ្លៀងលាយឡំ ជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕ ដោយ ៖ បញ្ញាស័ក្តិ