Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​អភិវឌ្ឍន៍អាស៊ី​ជួយ​កែលំអ​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ក្នុង​ទីក្រុង​ចំនួន ៤ នៅ​កម្ពុជា​

​រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី បានអនុម័ត​កម្ចី​ក្នុង​ទឹកប្រាក់ ៥០ លាន​ដុល្លារ ដើម្បី​ជួយ​ពង្រីក និង​កែលំអ​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ក្នុង​ទី​រួម​ខេត្ត​ធំៗ​ជាង​គេ​ចំនួន ៤ របស់​ប្រទេស​កម្ពុជា ដែល​សុទ្ធតែ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ទេសចរណ៍​ដ៏​សំខាន់​របស់​ប្រទេស​នេះ​។​

​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ក៏​នឹង​គ្រប់គ្រង​ហិរញ្ញប្បទាន​ឥត​សំណង ក្នុង​ទឹកប្រាក់ ១០ លាន​ដុល្លារ​ពី​មូលនិធិ​ជប៉ុន សម្រាប់​យន្តការ​ផ្តល់​ឥណទាន​រួម ដែល​ទទួលបាន​មូលនិធិ​ពី​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ជួយ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការសាងសង់​រោងចក្រ​សំអាត​ទឹកស្អុយ​សន្សំសំចៃ​ថាមពល​ថ្មី​ក្នុង​ខេត្ត​បាត់ដំបង​ផងដែរ​។ លើសពីនេះ ធនាគារ​អភិវឌ្ឍន៍អាស៊ី​ក៏​នឹង​គ្រប់គ្រង​ហិរញ្ញប្បទាន​កម្ចី ក្នុង​ទឹកប្រាក់ ៤០ លាន​អឺរ៉ូ (​ស្មើនឹង ៤៣,៥៤ លាន​ដុល្លារ​) មួយទៀត ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ប្រទេស​បារាំង (AFD) ដែល​នឹង​ចូលរួម​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ដែល​នឹង​អនុវត្ត​ក្នុង​ទីក្រុង​ទាំង ៤ ខាងលើនេះ​។​

​លោក Michael White អ្នកឯកទេស​ផ្នែក​អភិវឌ្ឍ​ទីក្រុង នៃ​នាយកដ្ឋាន​អាស៊ីអាគ្នេយ៍​របស់​ធនាគា​រ​អភិ​- វឌ្ឍន៍​អាស៊ី បាន​មានប្រសាសន៍ថា “​ខណៈពេល​ដែល​ប្រទេស​កម្ពុជា​បន្ត​ពង្រីក និង​អភិវឌ្ឍន៍​ទីក្រុង​របស់​ខ្លួន​ក្នុង​ល្បឿន​មួយ​ដ៏​លឿន គេ​ចាំបាច់​ត្រូវ​ធានា​យ៉ាងណាឲ្យ​ប្រជាពលរដ្ឋ​អាច​ទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ដែល​មាន​សុវត្ថិភាព និង​អាច​ជឿ​ទុកចិត្តបាន ដើម្បី​ទ្រទ្រង់​ដល់​ផលិតភាព និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ ក៏​ដូចជា​កែ​លំអ​បរិស្ថាន​ក្នុង​ទីក្រុង​ផងដែរ​។ ធនាគារ​អភិវឌ្ឍន៍អាស៊ី​នឹង​សហការ​យ៉ាង​ជិតស្និទ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ អាច​ទទួលបាន​សេវា​ជា​មូលដ្ឋាន​ក្នុង​ទីក្រុង​ទាំងនេះ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​ទីក្រុង ដែល​មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ប្រទេស​នេះ​។​”
​ចំនួន​ប្រជាជន​តាម​ទីក្រុង​របស់​ប្រទេស​កម្ពុជា កំពុង​កើនឡើង​ក្នុង​ល្បឿន​មួយ​ថេរ ហើយ​គេ​រំពឹង​ថា​នៅក្នុង​ឆ្នាំ ២០៣០ ចំនួន​ប្រជាជន​ដែល​រស់នៅ​ក្នុង​ទីក្រុង នឹង​ឡើង​ដល់​ប្រមាណ​ជា ៣០ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​។ ក្នុងខណៈពេល​ដែល​កំណើន​នេះ​បាន​រួមចំណែក​ដល់​កំណើន​ជា​រួម​របស់​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស កំណើន​នៃ​ទីក្រុង ដែល​គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ត ដូចជា ទីក្រុង​បាត់ដំបង កំពង់ចាម សៀមរាប និង​ព្រះសីហនុ តម្រូវការ​សេវា​ជា​មូលដ្ឋាន​ក្នុង​ទីក្រុង ដូចជា​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ក៏​មាន​ការកើនឡើង​ផងដែរ​។ បច្ចុប្បន្ននេះ ប្រជាជន​ដែល​រស់​ក្នុង​ទីក្រុង​ប្រមាណ​តែ ៤២,២ ភាគរយ​តែ​ប៉ុណ្ណោះ ដោយ​មិន​រាប់បញ្ចូល​រាជធានី​ភ្នំពេញ បាន​ទទួល​បាន​ការផ្គត់ផ្គង់​ទឹកស្អាត និង​ប្រមាណ​ជា ៨០,២ ភាគរយ បាន​ទទួល​សេវា អនាម័យ​ដែល​ត្រូវបាន​កែលំអ ដែល​ក្នុងនោះ​មាន​ត្រឹមតែ ១០,៧ ភាគរយ​ប៉ុណ្ណោះ​ដែល​ទទួលបាន​សេវា​បង្ហូរទឹក​តាម​ប្រព័ន្ធ​លូ និង​សេវា​សំអាត​ទឹកស្អុយ​។​

​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ថ្នាក់​ខេត្ត​នេះ នឹង​កែលំអ​ការផ្គត់ផ្គង់​ទឹក​តាម​បំពង់​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​កំពង់ចាម ដែល​នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជា ២០៩.០០០ នាក់​បន្ថែមទៀត ឬ​ស្មើនឹង​ការតភ្ជាប់​បណ្តាញ​ប្រមាណ ៤០.០០០ ត្រឹម​ឆ្នាំ ២០២២ តាមរយៈ​ការសាងសង់​រោងចក្រ​សំអាត​ទឹក​ចំនួន ២ ដែល​មាន​សមត្ថភាព​រួម​គ្នា ៦១.៦០០ ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ និង​បណ្តាញ​ចែកចាយ​ថ្មី ដែល​មាន​ប្រវែង​សរុប​បញ្ចូល​គ្នា ១៦១ គីឡូម៉ែត្រ​។ គម្រោង​នេះ​នឹង​បង្កើន​វិសាលភាព​គ្របដណ្តប់ នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​តាម​បំពង់​រហូតដល់​ប្រមាណ​ជា ៩០ ភាគរយ នៃ​ប្រជាជន​ដែល​រស់នៅ​ក្នុង​ទីក្រុង ដែល​ជា​តួលេខ​រំកិល​កៀក​ទៅ​នឹង​គោលដៅ ១០០ ភាគរយ ត្រឹម​ឆ្នាំ ២០២៥ ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញ ។​

​លើសពីនេះ គម្រោង​នេះ​នឹង​បង្កើន​សេវា​អនាម័យ​ក្នុង​ទីក្រុង តាមរយៈ​ការសាងសង់​រោងចក្រ​សំអាត​ទឹកស្អុយ​ថ្មី​មួយ​កន្លែង​នៅ​ទីក្រុង​បាត់ដំបង និង​ការពង្រីក​រោងចក្រ​សំអាត​ទឹកស្អុយ​ក្នុង​ក្រុង​ព្រះសីហនុ ដែល​គម្រោង​ទាំង ២ នេះ​រួម​គ្នា​មាន​សមត្ថភាព​សំអាត​ទឹកស្អុយ​ប្រមាណ​ជា ៣.០០០ ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ​។ គម្រោង​នេះ​ក៏​ជួយ​សាងសង់​បណ្តាញ​លូ​ថ្មី​ប្រវែង ៣៧ គីឡូម៉ែត្រ​បន្ថែម​ទៀត​ផង​ដែរ​។ លើសពីនេះ នឹង​មាន​ការសាងសង់​ប្រព័ន្ធ​គ្រប់គ្រង​កាកសំណល់​ថ្មី​មួយ​កន្លែង ក្នុង​ខេត្ត​កំពង់ចាម និង​បណ្តាញ​លូ​ថ្មី​ប្រវែង ៣,៧ គីឡូម៉ែត្រ​ក្នុង​ខេត្តសៀមរាប ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​កែលំអ​បរិយាកាស​ក្នុង​ទីក្រុង នៅ​តំបន់​ដែល​ជា​គោលដៅ​ទេសចរណ៍​អន្តរជាតិ​មួយ​នេះ​។ វា​ក៏​នឹង​មាន​ការផ្តល់​ការគាំទ្រ​ដល់​ការកសាង​សមត្ថភាព​ស្ថាប័ន សម្រាប់​ទីភ្នាក់ងារ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផង ដែរ​។

​គម្រោង​នេះ​មាន​ចំណាយ​សរុប​ប្រមាណ​ជា ១១៩,១៧ លាន​ដុល្លារ ដែល​រដ្ឋាភិបាល​នឹង​ចូលរួម​បដិភាគ ១០,៥៤ លាន​ដុល្លារ ហើយ​កម្មវិធី​វិនិយោគ​អាស៊ី​របស់​សហភាព​អឺរ៉ុប នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ជា ៤,៦៧ លាន​អឺរ៉ូ (​ស្មើនឹង ៥,០៩ លាន​ដុល្លារ​) ដែល​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) សម្រាប់​គាំទ្រ​ដល់​វិធានការ​សន្សំសំចៃ​ថាមពល ការ​ភ្ជាប់​បណ្តាញ​លូ​តាម​ផ្ទះ​ដោយ​មិន​គិតថ្លៃ និង​ការអភិវឌ្ឍន៍ សមត្ថភាព​។ គម្រោង​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ ២០២២​។​

​មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ម៉ានីល ធនាគារ​អភិវឌ្ឍន៍អាស៊ី​ប្តេជ្ញា​កាត់បន្ថយ​ភាពក្រីក្រ​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក តាមរយៈ​កំណើនសេដ្ឋកិច្ច​ប្រកប​ដោយ​បរិ​​យាប័​ន្ន កំណើន​ដែល​ធានា​ដល់​ចីរភាព​បរិស្ថាន និង សមាហរណកម្ម​តំបន់​។ បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦៦ ធនាគារ​អភិវឌ្ឍន៍អាស៊ី​កំពុង​ប្រារព្ធ​ខួប​លើក​ទី ៥០ នៃ​ភាព​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន​ក្នុង​តំបន់​។ ធនាគារ​នេះ​ជា​កម្មសិទ្ធិ​របស់​សមាជិក​ចំនួន ៦៧ ប្រទេស ដែល​ក្នុងនោះ ៤៨ ប្រទេស មកពី​តំបន់​។ ក្នុង​ឆ្នាំ ២០១៦ ធនាគារ​អភិវឌ្ឍន៍អាស៊ី​ផ្តល់​ជំនួយ​សរុប​ក្នុង​ទឹកប្រាក់ ៣១,៧ ពាន់​លាន​ដុល្លារ ក្នុងនោះ ១៤ ពាន់​លាន​ដុល្លារ ជា​សហ​ហិរញ្ញប្បទាន​៕ ដោយ​៖​កូឡាប​

 

×