ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងសាធារណការ បានប្រកាសថា ក្នុងឆ្នាំ២០១៩នេះ ក្រុមហ៊ុនកែច្នៃយានយន្ដ ដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ត្រូវតែបិទចោលទាំងអស់ ។
ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅទីស្ដីការក្រសួង នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា នឹងចាត់វិធាននៅឆ្នាំ២០១៩នេះ ដោយកន្លងមកក្រសួង មិនដែលធ្លាប់បានបិតក្រុមហ៊ុន កែច្នៃ មួយណានៅឡើយទេ ដូច្នេះត្រូវរកនិតីវិធីដើម្បីតាមដានគ្រប់គ្រង ដើម្បីឈានទៅដល់ បិតក្រុមហ៊ុន ឬអាជីវកម្មដឹកទំនិញកែច្នៃ ខុសលក្ខណៈបច្ចេកទេសទាំងនេះឲ្យបាន។ ដើម្បីកុំឲ្យមានករណីកែច្នៃ កាត់ត ទ្រុងឡាន កើតឡើងដដែលៗ ដូច្នេះឆ្នាំ២០១៩នេះ ត្រូវតែបិតក្រុមហ៊ុនកែច្នៃយានយន្ដ ដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយក្រសួង នឹងដាក់បច្ចេកទេសទំនើប តាមប្រព័ន្ធអនឡាញមួយ ដើម្បីត្រួតពិនិត្យតាមដានឲ្យជាប់ បើក្រុមហ៊ុនដដែលៗ ឬឡានដដែល ដែលយើងចាប់បាន ថាដឹកទំនិញលើសទម្ងន់ ឬកែច្នៃខុសបច្ចេកទេសនោះ នឹងចាត់វិធានការទៅតាមហ្នឹង។ កន្លងមកក្រសួង ក៏បានធ្វើដែរ តែធ្វើតាមក្រដាស តែពេលនេះ ធ្វើការតាមដានតាមប្រព័ន្ធអនឡាញម្ដង ដើម្បីឆ្លើយតបនឹងសម្ដេចតេជោ ដែលសម្ដេចតែងតែមានប្រសាសន៍ហើយថា ចាំដល់ថ្ងៃណាទៀត បើក្រុមហ៊ុនដដែលៗ មិនគោរពច្បាប់ នៅតែចាប់មិនបាននោះ តើចាប់ដល់ពេលណាទៀត៕ ដោយ ៖ បញ្ញាស័ក្តិ