យុវតីជនជាតិអារ៉ាប់ប៊ីសាអូឌីតម្នាក់ ដែលរត់គេចខ្លួនពីគ្រួសារ និងមិនហ៊ានត្រឡប់ទៅស្រុកកំណើតវិញ ពេលនេះទទួលបានការផ្តល់ឋានៈដោយអង្គការសហប្រជាជាតិ ជាជនជាតិភៀសខ្លួន និងអាចទទួលបានសិទ្ធិជ្រកកោននៅក្នុងប្រទេសអូស្ត្រាលី។ នេះបើតាមការចេញផ្សាយរបស់ BBC នៅរសៀលថ្ងៃពុធនេះ។
យុវតីម្នាក់នោះមានឈ្មោះថា Rahaf Mohammed al-Qunun និងមានវ័យ ១៨ឆ្នាំ។ នាងបដិសេធមិនឡើងយន្តហោះពីទីក្រុងបាងកក ប្រទេសថៃ ដើម្បីហោះហើរទៅកាន់ប្រទេសគុយវ៉ែតវិញឡើយកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ និងបានចាក់សោរខ្លួននាងក្នុងបន្ទប់សណ្ឋាគារនៅព្រលានយន្តហោះ។
នាងបញ្ជាក់ថា នាងមានការភ័យខ្លាចថា គ្រួសារនឹងសម្លាប់នាងដោយសារតែនាងបោះបង់ចោលសាសនាអ៊ីស្លាម។
ភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានគាំទ្រករណីរបស់នាង និងអាចផ្តល់សិទ្ធិជ្រកកោនដល់នាងក្នុងប្រទេសអូស្ត្រាលី។
ឪពុក និងបងប្រុសរបស់យុវតីខាងលើ បានធ្វើដំណើរមកដល់ប្រទេសថៃ ប៉ុន្តែនាងបដិសេធមិនព្រមជួបពួកគាត់ទេ។
សូមបញ្ជាក់ថា ការលះបង់សាសនាអ៊ីស្លាម (ការដកខ្លួនចេញពីសាសានា) គឺមានទោសប្រហារជីវិត នៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត។
ចំណែកមន្ត្រីអន្តោប្រវេសន៍ថៃ កាលពីដំបូងបាននិយាយថា យុវតីខាងលើគួរត្រឡប់ទៅកាន់ប្រទេសគុយវ៉ែត ៕ សុភ័ក្ត្រ
ប្រភព៖ BBC