ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវក្មួយស្រីចោទប្រកាន់ថា ចាប់រំលោភរហូតបានសម្រេច១លើក ហើយប្តឹងនគរបាល ឲ្យឃាត់ខ្លួនចាត់ការទៅតាមផ្លូវច្បាប់ ប៉ុន្តែជនសង្ស័យបានបដិសេដ្ឋមិនបានធ្វើសកម្មភាពដូចការចោទប្រកាន់នោះទេ ប៉ុន្តែទោះបីយ៉ាងណានគរបាលបានកសាង សំណុំរឿងបញ្ជូនទៅតុលាការជាអ្នកវិនិច្ឆ័យ ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពី១១ជាងយប់ថ្ងៃទី៩ខែមករា ឆ្នាំ២០១៩ នៅក្នុងភូមិលេខ២ឃុំស្វាយរលំស្រុកស្អាងខេត្តកណ្ដាល។
នគរបាល ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះប ណ រ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មានស្នាមកូតចំនួន ៣កន្លែង,ដើមដៃ និងកំពួនដៃឆ្វេង) មានទីលំនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ។ ជនសង្ស័យ ឈ្មោះប៉ុក អាមីឡា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិសំបួរ ឃុំ សំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១១.៣០នាទី ឈ្មោះប៉ុក អាមីឡា(ជនសង្ស័យ)និងប្រពន្ធឈ្មោះ រ៉ាយ ចន្ធូ (ត្រូវជាពូ និងមីងរបស់ជនរងគ្រោះ) បានបបួល ឈ្មោះ ប ណ រ ទៅរកទិញអីហូបនៅផ្សារកែងកាច់ជ្រុងតាខ្មៅ ក្រុងតាខ្មៅ ដោយនាំគ្នាជិះម៉ូតូ១គ្រឿង មានគ្នា៣នាក់ ម៉ាកFZ ពណ៌ខៀវ បានជិះកាត់ផ្លូូវលំទួលអន្សែ ភូមិលេខ២ ឃុំស្វាយរលំ ។
លុះពេលមកដល់ចំណុចកើតហេតុ បានជិះម៉ូតូចូលផ្លូវលំតូច ហើយជនសង្ស័យ បានឈប់ម៉ូតូរបស់ខ្លូន ហើយដេញប្រពន្ធឈ្មោះ រ៉ាយ ចន្ធូ ឲ្យដើរចេញឲ្យឆ្ងាយពីខ្លួន បន្ទាប់មក ឈ្មោះ ប៉ុក អាមីឡា បានធ្វើសកម្មភាពចាប់រំលោភឈ្មោះ ប ណ រ បានសម្រេចបានចំនួន១ដង ។ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភ បានសម្រេចហើយ ក៏បានប្រាប់ឈ្មោះប ណ រ ថាកុំឲ្យប្រាប់រឿងនេះ អ្នកណាដឹងឲ្យសោះ ហើយអ្នកទាំង ៣នាក់ បាននាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញ។ ពេលមកដល់ផ្ទះរបស់ខ្លួន ឈ្មោះ ប ណ រ បានរៀរាប់ប្រាប់ម្ដាយរបស់ខ្លួន ឲ្យបានដឹងពីរឿងហេតុ។ បន្ទាប់មកឈ្មោះណូយ សុខលាប ជាម្តាយ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរលំ ហើយសមត្ថកិច្ចប៉ុស្តិ៍ បានធ្វើការកោះហៅឈ្មោះប៉ុក អាមីឡា មកសាកសួរ ប៉ុន្តែជនសង្ស័យបានប្រកែកថា មិនបានប្រព្រឹត្តដូចការរៀបរាប់របស់ជនរងគ្រោះនោះទេ ។
យោងតាមសាក្សី ភស្តុតាង និងការរៀបរាប់របស់ជនរងគ្រោះ គឺជនសង្ស័យពិតជាបានប្រព្រឹត្តពិតប្រាកដមែន ។ ករណីនេះសមត្ថកិច្ចជំនាញកំពុងបន្តចាត់ការតាមនីតិវិធី ។ ប៉ុន្តែទោះយ៉ាងណានគរបាលបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីធ្វើការសាកសួរ និងសើបអង្កេតបន្ត៕ ដោយ ៖ កូឡាប