ស្ទឹងត្រែង ៖ រថយន្តដឹកឈើប្រណីតប្រមាណជា១០គ្រឿង បានចេញពីទឹកដីស្រុកសៀមប៉ាង ឆ្លងកាត់ស្ពានសេកុង ក្រុងស្ទឹងត្រែង ឆ្ពោះទៅកាន់ខេត្តរតនគិរី ដោយរលូន កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។
មិនខុសដូចសព្វមួយដង ក្រុមឈ្មួញក្រោយពីមានអ្នករត់ការ បើកផ្លូវបង់លុយ ទៅសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ជាមុន ទើបមានរថយន្តដឹកឈើ ចេញនៅពេលយប់ ហើយរឿងទាំងអស់នេះ សមត្ថកិច្ចមួយក្តាប់តូច និងឈ្មួញរកស៊ីបទល្មើស បានចាត់ទុកក្រុមអ្នកសារព័ត៌មានថា ជាឆ្អឹងទទឹងកពួកគេ។
ជាក់ស្តែងយប់ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ មានរថយន្តសាំងយ៉ុង កាមរីបាឡែន ឬក៏ឡិចស៊ិស ដឹកឈើប្រណីតចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង របស់ថៅកែវៀតណាម ដ៏ល្បីឈ្មោះម្នាក់ឈ្មោះទូ។ ឈើរាប់សិបតោន ដែលថៅកែឈ្មោះទូ បោះលុយរាប់ម៉ឺនដុល្លារ ប្រមូលទិញពេញស្រុកសៀមប៉ាង ជាយូរឆ្នាំមកហើយនោះ គេមិនទាន់ឃើញមានការចាប់ខ្លួន អ្នកជាប់ពាក់ព័ន្ធ នឹងបទល្មើសព្រៃឈើម្នាក់ នៅឡើយទេ។
តាមការស៊ើបអង្កេតមួយ បានឲ្យដឹងថា ជំនួញឈើថែកែវៀតណាមម្នាក់នេះ មានមន្ត្រីគ្រប់ស្ថាប័នស្ទើរមួយចំហៀងខេត្ត ជាប់ពាក់ព័ន្ធផលប្រយោជន៍។ ប្រភពឈើប្រណីត នៅសេសសល់ចុងក្រោយនេះ ដឹកចេញពីស្រុកសៀមប៉ាង ព្រំដែនកម្ពុជា (ខេត្តស្ទឹងត្រែង) ឡាវ ឆ្ពោះទៅក្រុមហ៊ុនចំការដូងប្រេង ក្បែរស្ពានស្រែពកថ្មី ព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ បន្ទាប់មកទៀត ឈ្មួញដឹកតាមរថយន្តយីឌុប កាត់ក្រុងបានលុង ខេត្តរតនគិរី ដោយមានមន្ត្រីមួយចំនួនធំ ជាប់ពាក់ព័ន្ធរឿងនេះ ក្នុងជំនួញឈើ ចេញទៅប្រទេសវៀតណាម។
ដោយឡែកនៅខេត្តស្ទឹងត្រែង មានអ្នករត់ការឈ្មោះឈី ហៅក្វាន់ រស់នៅថ្មីសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និងមាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃម្នាក់ ជាអ្នកនៅពីក្រោយខ្នង ទទួលលុយពីឈ្មួញធំ ជនជាតិវៀតណាមឈ្មោះទូ។
ទោះយ៉ាងណា អ្នកព័ត៌មានមិនអាចទំនាក់ទំនង ឈ្មួញឈើដ៏ធំ ជនជាតិវៀតណាម ឈ្មោះទូ ដើម្បីបំភ្លឺបានទេ នៅថ្ងៃទី១០ខែមករានេះ៕ ដោយ ៖ រចនា