ភ្នំពេញ ៖ លោកគង់ គាំ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ បានដាក់លិខិតជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីលោកជួយស្នើសុំសម្តេចនាយករដ្ឋមន្ត្រីបន្តទូលថ្វាយព្រះមហាក្សត្រ សូមព្រះអង្គព្រះរាជទាននីតិសម្បទាធ្វើនយោបាយឡើងវិញ។
បើតាមផេកហ្វេសប៊ុកផ្លូវការលោក គង់ គាំ-Kong Korm កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា “មិនសុំសិទ្ធិធ្វើនយោបាយឡើងវិញ តាមការអំពាវនាវ (ឃាត់ឃាំង) របស់លោក សម រង្ស៊ី គឺជាការបំផ្លាញខ្លួនឯង។ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ម្សិលម៉ិញនេះ ខ្ញុំបានដាក់លិខិតជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីលោកជួយស្នើសុំសម្តេចនាយករដ្ឋមន្ត្រីបន្តទូលថ្វាយព្រះមហាក្សត្រ សូមព្រះអង្គព្រះរាជទាន នីតិសម្បទា ធ្វើនយោបាយឡើងវិញ មុនកាលកំណត់របស់សាលដីកាតុលាការកំពូល ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា នឹងបានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ ហើយតាមបំណងដ៏មុតមាំ មូលមាត់រហូតមករបស់ថ្នាក់ដឹកនាំ គណបក្ស ឆន្ទៈខ្មែរ ខ្ញុំនឹងទៅទទួលឋានៈជាទីប្រឹក្សារបស់គណបក្ស ឆន្ទៈខ្មែរជាក់ជាមិនខាន។ ជាអ្នកដឹកនាំ (កម្លាំងនយោបាយ) ត្រូវដឹង យល់យ៉ាងស៊ីជម្រៅពីបរិយាកាស និងជម្រើសសម្រាប់កាលៈទេសៈនីមួយៗ។
មានភ្នំពេញប៉ុស្តិ៍ជាសាក្សី (មុនឆ្នាំ២០១៦ មុន CNRP ត្រូវរំលាយ មុនមេដឹកនាំ CNRP បាត់បង់ទាំងស្រុងសិទ្ធិសេរីភាពដោយអំណាចតុលាការ) ខ្ញុំ គង់ គាំ មានយោបល់ថា ការរួបរួមគ្នាជា “គណបក្សថ្មីមួយ” ដើម្បីត្រៀមចូលរួមការបោះឆ្នោត (ប្រាំឆ្នាំម្តងជាទៀងទាត់) តាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងតាមស្មារតីរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា គឺជាជម្រើសតែមួយគត់។ សូមគោរពសរសើរគណបក្ស ឆន្ទៈខ្មែរ ដែលមិនទុកឲ្យឱកាសកន្លងផុត ដោយគ្មានផ្តល់ឱកាសថ្មី សម្រាប់អតីតសកម្មជននយោបាយ និងផ្តល់ជម្រើសថ្មីសម្រាប់អ្នកគាំទ្រ សម្រាប់ប្រជាពលរដ្ឋ ដែលចង់បានការផ្លាស់ប្តូរជាវិជ្ជមាន នៅពេលបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។ សោកស្តាយបំផុត (ដែលពេលនោះមេដឹកនាំអញនិយម ប្រធានចលនា និងក្រុមជក់ខ្យល់បុគ្គលនិយម ជាមួយបក្សពួកជាប់ខ្សែនិយម បានដេកផ្ទះ បានទុកម្រាមដៃស្អាត បានរុញស៊ីក្លូចូលឡាន …គឺលើកអំណាចជូន…សម្លាប់ប្រជាធិបតេយ្យ។ បរាជ័យគ្រប់ជំហ៊ានមិនឆ្អែតទេ ក្រោយពីបោកបញ្ឆោតថា ចាំពេលនេះ ចាំពេលនោះ ប្រាកដយ៉ាងនេះយ៉ាងនោះ ។ល។ ម្តងជាសន្និសីទ កម្រិតពិភពលោក ម្តងជាវេទិកាសាធារណៈ ប្លន់ឋានៈជាប្រធានស្តីទី (បក្សខ្មោច) ហួចផ្លុំអាគម សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ – ទម្លាក់ចោលការចោទប្រកាន់-សងអំណាច-បោះឆ្នោតឡើងវិញ-អន្តរជាតិសង្កេតការណ៍ ។ល។ (សោយក្លិនមិនឆ្អែត-ទទួលស្នូរ បានខ្យល់)។ ពេលវេលាមានតម្លៃ ខ្ញុំលើកទឹកចិត្ត និងជំរុញគម្រោងគណបក្ស ឆន្ទៈខ្មែរ ចុះបញ្ជីឈរឈ្មោះបោះឆ្នោតរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅខែឧសភា ឆ្នាំ២០១៩ ដ៏ខ្លីខាងមុខកុំបីខាន។ ពិតជាក្នុងចេតនាល្អ (វិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាល ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ) បង្កើនសមាជិកក្រុមប្រឹក្សារាជធានីពី ២៤ដល់ ២៧ សមាជិកក្រុមប្រឹក្សាខេត្តពី ២១ ដល់ ២៧ សមាជិកក្រុមប្រឹក្សាស្រុក ខណ្ឌ ពី១១ ដល់ ២១ គឺបើកឱកាសឲ្យគណបក្ស ឆន្ទៈខ្មែរ ទទួលសម្លេងពីទាំង CPP ហ្វុនស៊ីនប៉ិច រួបរួមជាតិ និងអតីត CNRP។ សូមអតីតមន្ត្រីជាប់ឆ្នោតរបស់អតីត CNRP អាចទទួលយកអំណាចវិញជា CPP ហើយ បោះឆ្នោតគាំទ្រគណបក្ស ឆន្ទៈខ្មែរ ដើម្បីឲ្យឆ្នាំ២០១៩ មានអំណាចពហុបក្សនៅមូលដ្ឋាន ដើម្បីការឆ្នោតឆ្នាំ ២០២២ និងឆ្នាំ២០២៣ មានអំណាចពហុបក្សនៅព្រឹទ្ធសភា និងរដ្ឋសភាវិញកុំបីខាន។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ឱ្យដឹងថា បន្ទាប់ពីទទួលបានលិខិតរបស់លោក គង់ គាំ ហើយនោះ នៅវេលាម៉ោង៣៖២០នាទីរសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ ក៏បានទទួលលិខិតមួយទៀតពី លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ដែលស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
លោក គង់ បូរ៉ា បានប្រកាសរួចហើយថា លោកនឹងស្នើសុំសិទ្ធិធ្វើនយោបាយ ទោះបីជាមានការអំពាវនាវហាមឃាត់ដោយ លោក សម រង្ស៉ី ដែលជាអតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិក៏ដោយ។
លោក គង់ បូរ៉ា បានបញ្ជាក់តាមរយៈបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ ទោះបីជាទំព័រ Facebook លោក សម រង្ស៊ី តាំងនាមជាប្រធានស្តីទី អតីតគណបក្សសង្គ្រោះជាតិ ក្រៅច្បាប់នាំ អន្តរជាតិបំផ្លាញកម្ពុជា បានអំពាវនាវទៅ មន្ត្រីអតីតបក្សប្រឆាំងទាំង១១៨រូបនោះ ក៏ដោយ។ ខ្ញុំ គង់ បូរ៉ា មិនអាចបន្តរួមដំណើរក្នុងអំពើក្បត់ប្រទេស ក្បត់ប្រជាពលរដ្ឋតទៅទៀតបានឡើយ។
ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការបើកផ្លូវឲ្យអ្នកនយោបាយជាប់បម្រាម អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩។
សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្ត្រចំនួន៨៧រូប ដែលត្រូវរដ្ឋសភាអនុម័ត កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ និងត្រូវបានឱ្យយោបល់ឯកភាព ទាំងស្រុងដោយ ព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។
សេចក្តីស្នើច្បាប់នេះ បានបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖ “បុគ្គលត្រូវបានតុលាការសម្រេចហាម ឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាម ឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈ ពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។
ក្រោយច្បាប់នេះចូលជាធរមាន លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៊ី បានដាក់លិខិតស្នើសុំរបស់លោក បានចូលដល់ក្រសួងមហាផ្ទៃ តាំងពីវេលាម៉ោងប្រមាណជាង១០៖៣០ព្រឹកថ្ងៃទី០៩ ខែមករានេះម្ល៉េះ។
លោក គង់ គាំ និង លោក គង់ បូរ៉ា ពីរនាក់ឪពុកនិងកូន រួមទាំងអតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន១១៨នាក់ ត្រូវបានតុលាការកំពូលចេញសាលដីកា ផ្អាកសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ៕ ដោយ៖បញ្ញាស័ក្តិ