ភ្នំពេញ ៖ សម្ដេចតេជោថ្លែងថា យើងមានរួចមកហើយ នូវច្បាប់ស្ដីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ ប៉ុន្តែសូមពិនិត្យមើលថា គប្បីមានចំណុចណាខ្លះ ដែលត្រូវធ្វើវិសោធនកម្ម។ យើងតម្រូវឱ្យមានច្បាប់ចំនួនបីឱ្យទៅជាមួយគ្នា ច្បាប់ទីមួយ គឺរបបសារព័ត៌មានឆ្នាំ១៩៩៥ ច្បាប់ទីពីរ ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ដែលយើងកំពុងតែធ្វើសេចក្ដីព្រាងច្បាប់ ឯច្បាប់មួយទៀតដែលត្រូវតែមាននោះ គឺច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលសេចក្ដីព្រាងច្បាប់ទាំងបីនេះ ត្រូវតែមានសង្គត៌ភាពជាមួយគ្នា។
សម្ដេចបានលើកឡើងថា នៅក្នុងកិច្ចប្រជុំអាស៊ី អឺរ៉ុប នៅទីក្រុងព្រុចសែល កាលពីពេលកន្លងមក បណ្ដាប្រទេសអឺរ៉ុបភាគច្រើនស្ទើរតែទាំងស្រុងដែលឡើងថ្លែងយោបល់នៅក្នុងកិច្ចប្រជុំ ដោយគ្មានប្រទេសណាមួយដែលភ្លេចអំពីឧក្រិដ្ឋកម្មប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាព័ត៌មានក្លែងក្លាយនោះទេ សូម្បីតែប្រទេសដែលគេហៅថាគោរពនូវសិទ្ធនៃការបញ្ចេញមតិ ក៏បង្កើតនូវការព្រួបារម្ភអំពីបញ្ហាដែលទាក់ទងជាមួយនិង ឧក្រិដ្ឋកម្មព័ត៌មានវិទ្យា និងព័ត៌មានក្លែងក្លាយ រហូតដល់ប្រទេសខ្លះនៅអឺរ៉ុបដែលគេហៅថា បិតាប្រជាធិបតេយ្យក៏ត្រូវតែមានច្បាប់រារាំង ដើម្បីដាក៉ទណ្ឌកម្មទៅលើ ព័ត៌មានក្លែងក្លាយ និងដាក់ទណ្ឌកម្មទៅលើការរំលោភបំពានទៅលើបច្ចេកវិទ្យាព័ត៌មាននេះផងដែរ។
សម្តេចតេជោ បានថ្លែងបញ្ជាក់ថា ៗដូច្នេះខ្ញុំស្នើឱ្យមានការពិភាក្សាឱ្យច្បាស់ទៅលើបញ្ហានេះ ប៉ុន្តែយើងលើកជាក្របខ័ណ្ឌ នៃការគ្រប់គ្រងព័ត៌មានក្លែងក្លាយច្ចុប្បន្ននេះ ខ្ញុំសុំទាញការចាប់អារម្មណ៍ថា ច្បាប់ទាំងអស់ត្រូវមានសង្គត៌ភាពជាមួយគ្នា បំពេញឱ្យគ្នាទៅវិញទៅមក រាប់ជាមួយនិងក្រមព្រហ្មទណ្ឌ ដែលយើងកំពុងតែប្រើប្រាស់នេះផងដែរ ដើម្បីផ្ដន្ទាទោស ទៅលើបទល្មើសបច្ចេកវិទ្យាព័ត៌មាន។
ក្នុងពិធីជួបជុំប្រចាំឆ្នាំជាលើកទី៣ ដើម្បីសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយអ្នកសារព័ត៌មាន ប្រមាណជិត ៥០០០នាក់ នាល្ងាចថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងថា នេះជាចំណុចដែលខ្ញុំគួរនឹងត្រូវបានលើក ដើម្បីយកមកពិចារណា រួមគ្នាដោះស្រាយបញ្ហានេះ ដើម្បីឱ្យដើរទាន់នូវបច្ចេកវិទ្យានៃយុគសម័យ ឌីជីថលរបស់យើង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងថា បញ្ហានេះវាមានចំណោទពីរយ៉ាង ចំណោទទីមួយ គឺបណ្ដាប្រទេសជិតខាងយើង និងទទួលរងផលប៉ះពាល់ ពីការផ្សព្វផ្សាយប្រព័ន្ធអាណាឡូករបស់យើងទៅលើបណ្ដាខេត្តដែលនៅជាប់តាមព្រំដែនជាមួយនិងប្រទេសកម្ពុជា ឯចំណោទទីពីរ នៅពេលនោះប្រព័ន្ធអាណាឡូក មិនត្រូវបានក្រុមហ៊ុនផលិតសម្ភារៈបរិក្ខាសោតទស្សន៍យកមកប្រើប្រាស់ទៀតទេ ដូច្នេះឧបករណ៍នៅទីនោះ គឺនឹងជួបការលំបាក ជាពិសេសសម្ភារៈដែលទាក់ទងនិងគ្រឿងបន្លាស់នេះ។ ដូច្នេះគួរតែពិភាក្សាគ្នាលើបញ្ហានេះឡើងវិញ ថាតើយើងត្រូវដកថយមកកម្រិតត្រឹមប៉ុនណា ឬក៏យើងអាចធ្វើតាមលទ្ធភាព ដែលថាតើក្រុមហ៊ុនណាដែលមានលទ្ធភាព សម្រាប់ការឈានទៅមុនបាន គឺក្រុមហ៊ុននោះត្រូវទៅមុន ឯក្រុមហ៊ុនណាទៅក្រោយ គឺទៅក្រោយ កុំរង់ចាំមួយពេលទៅទាំងអស់នោះ៕ ដោយ ៖ កូឡាប