ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយជួបសំណេះសំណាលនិងពិសារបាយសាមគ្គីជាមួយអ្នកព័ត៌មាន ៤.៥០០ពាន់នាក់ ដែលមកពីស្ថាប័នផ្សេងៗរួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មាន ស្ថានីយវិទ្យុនិងទូរទស្សន៍, សារព័ត៌មានបោះពុម្ពផ្សាយ, ក្រុមសារព័ត៌មានតាមបណ្តាញសង្គម Facebook, គេហទំព័រ និង TV Online, អ្នកនាំពាក្យក្រសួង-ស្ថាប័ន, អ្នកនាំពាក្យរាជធានី-ខេត្ត និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញមកជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនកូនក្មួយជាអ្នកសារព័ត៌ មានជាតិនៅក្នុងជំនួបលើកទី៣ ប្រចាំឆ្នាំ២០១៩។
ក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន តែងតែផ្សាភ្ជាប់ទំនាក់ទំនងល្អជាមួយពលរដ្ឋ អង្គការ និងសមាគមនានាតាមរយៈកម្មវិធីជួបជុំដូចល្ងាចនេះដែលកន្លងមក គឺមានកម្មវិធីជួបជុំបងប្អូនខ្មែរឥស្លាម, បងប្អូនខ្មែរ-ចិន, បងប្អូនគ្រឹស្ថសាសនា, បងប្អូនកូនក្មួយសិល្បៈករ សិល្បៈការិនី, បងប្អូនកូនក្មួយកីឡាករកីឡាការិនី និងការជួបជុំជាមួយបងប្អូនកូនក្មួយអ្នកសារព័ត៌មានជាដើម។ គោលបំណងនៃការជួបជុំគឺដើម្បីស្វែងយល់អំពីសុខទុក្ខផ្ទាល់របស់បងប្អូនអ្នកសារព័ត៌មាន និងបានផ្តល់នូវអនុសាសន៍ល្អៗ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានអោយបានល្អត្រឹមត្រូវពិតប្រាកដតាមក្រមសីលធម៍ច្បាស់លាស់ដើម្បីបំរើសង្គមជាតិឲ្យកាន់តែរីកចម្រើន។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរដល់ស្ថាប័នសារព័ត៌មានទាំងអស់ ត្រូវអនុវត្តនូវចំនុចសំខាន់ៗមួយចំនួនដូចជា ៖
១) ស្ថាប័នព័ត៌មានទាំងរដ្ឋ និងឯកជនទាំងអស់ ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។ សូមកុំឲ្យកញ្ចក់នោះជាកញ្ចក់ដែលបែកធ្លុះផ្សាយព័ត៌មានមិនពិតពីសង្គម។
២) ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានពិតដោយមានការពន្យល់ច្បាស់លាស់ ទៅប្រជាពលរដ្ឋឲ្យបានយល់ជ្រួតជ្រាបអំពីទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយនាំយកនូវអ្វីដែលជាការពិត ពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលវិញ គឺទាំងក្នុងកម្រិតតាក់តែង និងកម្រិតអនុវត្តន៍អោយមានប្រសិទ្ឋភាព។
៣)ស្នើឲ្យសារព័ត៌មានត្រូវចេះចូលរួមជួយរិះគន់ ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញ នៃក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលម្អ ហើក៏មិនមែនរិះគន់ដើម្បីតែជាន់ពន្លិចនោះទេ។
៤) សំណូមពរឲ្យអ្នកសារព័ត៌មានចូលរួមសិក្សាវិភាគជាលក្ខណៈអន្តរជាតិ ដើម្បីបានដឹងអំពីររឿងរ៉ាវទាំងឡាយដែលកើតមានឡើងនៅលើពិភពលោក ហើយក៏ចង់ឲ្យអ្នកសារព័ត៌មានក្លាយ ទៅជាអ្នកវិភាគផងដែរ ចំពោះព្រឹត្តិការណ៍ក្រៅប្រទេស ពីព្រោះកន្លងមកមានបរទេសគេវិភាគ និងផ្សាយពីកម្ពុជា ដូច្នេះយើងត្រូវចេះសិក្សាបកស្រាយ និងវិភាគពីគេវិញផងដែរ។
៥)សំណូមពរការផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានត្រឹមត្រូវ មានក្រមសីលធម៌វីជ្ជាជីវៈ ពិសេស សម្តេចតេជោបានសំណូមពរ ដល់អ្នកប្រប្រាស់បណ្តាញសង្គម ហ្វេសបុគ (Facebook) សូមកុំឲ្យមានការជេរប្រមាថ ហែកកេរ្តិ៍ខ្មាស់គ្នា ដែលនាំឲ្យមានរឿងប្តឹងផ្តល់ និងឡើងតុលាការជាដើម។ សូមរក្សាតម្លៃរបស់ខ្លួន ពិសេសអ្នកសារព័ត៌មានត្រូវធ្វើព័ត៌មានដែលច្បាស់ពិត កុំស្មានៗ ហើយក៏មិនត្រូវដើរតួជាតុលាការកាត់ក្តីឡើយ។
៦) ត្រូវចូលរួមលុបបំបាត់អ្នកសារព័ត៌មានជម្រិតទារប្រាក់ គឺកុំធ្វើជាអ្នកសារព័ត៌មានសម្រាប់តែជម្រិតទាលុយពីគេ ឬមានលក្ខណៈជាក្រុមព័ត៌មាន “ម៉ាហ្វីយ៉ា”។
៧) កុំផលិត និងជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលមិនបានផ្តល់ប្រយោជន៍ដល់សង្គម។ ម្យ៉ាងវិញទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺអ្នកសារព័ត៌មានត្រូវបញ្ចេញព័ត៌មានពិតប្រាកដចេញមកបកស្រាយ ដើម្បីលុបបំបាត់នូវព័ត៌មានក្លែងក្លាយទាំងនោះ។
៨) ត្រូវខិតខំលើកកម្ពស់សមត្ថភាពបុគ្គលិកសារព័ត៌មាន និងធ្វើការបណ្តុះបណ្តាធនធានមនុស្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ។ ជាពិសេស ត្រូវទំនាក់ទំនងជាមួយបណ្តាសមាគម ស្ថាបន័ជំនាញ សកលវិទ្យាល័យ និងក្រសួងព័ត៌មានជាដើម ដើម្បីទទួលបាននូវការបណ្តុះបណ្តាលនូវជំនាញសារព័ត៌មានបន្ថែមទៀត។ ម្យ៉ាងទៀត គឺត្រូវទាក់ទងអ្នកដែលមានជំនាញច្បាស់លាស់ ដើម្បីបង្កើនគុណភាពការងារ និងការផលិតឲ្យមានភាពកាន់តែល្អប្រសើរ។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រនិងជំរុញឲ្យមានការរៀបចំយុទ្ធនាការប្រកួតប្រជែង អំពី “ការផលិតព័ត៌មានពិត ហើយលឿន បើអាចធ្វើច្រើនភាសា គឺរិតតែល្អ”។ សម្តេចតេជោ ក៏បានគាំទ្រ និងជំរុញអោយមានប្រព័ន្ឋផ្សេព្វផ្សាយអនឡាញ (online)អោយបានច្រើន ព្រោះសព្វថ្ងៃនេះ អ្នកតាមដានព័ត៌មានមិនសូវរង់ចាំមើលតាមទូរទស្សទេ។
នៅថ្ងៃនេះ សម្តេចតេជោ បានបញ្ជាក់ជូនអ្នកសារព័ត៌មានទាំងអស់ថា សម្តេចនឹងនៅបន្តដឹកនាំប្រទេសយ៉ាងហោចណាស់ដល់ឆ្នាំ ២០២៨ ដែលសម្តេចគ្រោងនឹងជួបបងប្អូនអ្នកសារព័ត៌មានចំនួន ៩ដងទៀត។
សម្តេចតេជោ បានថ្លែងថា សម្តេចកំពុងក្លាយជាតួអង្គមួយដែលត្រូវមានជំនួបជាច្រើនប្រចាំឆ្នាំមិ
នត្រឹមតែអ្នកព័ត៌មានទេ នៅមានជំនួបជាមួយអ្នកសិល្បៈ ជាមួយសមាគមចិន ជាមួយគ្រឹស្តបរិស័ទ និងជាមួយបងប្អូនខ្មែរ-ឥស្លាមជាដើម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានបញ្ហាជាច្រើនដែលត្រូវរួមគ្នាដោះស្រាយ មិនមែនជាកាតព្វកិច្ចរបស់អ្នកព័ត៌មាន ឬស្ថាប័នណាមួយនោះឡើយ។ សម្តេច បានឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានពិចារណាក្នុងការកែប្រែប្រព័ន្ធផ្សាយពីអាណាឡូក (Analog) ទៅជាឌីជីថល (Digital)។ ក្រសួងព័ត៌មាន និងក្រសួងប្រៃសនីយ៍រួមគ្នាគិតគូរលើបញ្ហានេះ។
សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមានការសិក្សាទិដ្ឋភាពច្បាប់ ដើម្បីឈានទៅរកការគ្រប់គ្រងលើឧក្រិដ្ឋកម្មព័ត៌មានបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ។ បណ្តាប្រទេសនៅតំបន់អឺរ៉ុបសុទ្ធតែមានក្តីបារម្ភពីឧក្រិដ្ឋកម្មព័ត៌មានបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ ហើយប្រទេសទាំងនោះ ក៏មានច្បាប់គ្រប់គ្រងទៅលើបញ្ហាទាំងពីរនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយបានប្រឹងប្រែងក្នុងការផ្សព្វផ្សាយ តែប្រជាពលរដ្ឋមួយចំនួនមិនទទួលយក។ រវាងព័ត៌មាន និងបទចម្រៀង ពលរដ្ឋចូលចិត្តចម្រៀងជាង រវាងព័ត៌មាន និងបាល់ទាត់ ពលរដ្ឋចូលចិត្តបាល់ទាត់ជាង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ឲ្យអ្នកព័ត៌មានចូលរួមរិះគន់ ដើម្បីស្ថាបនាទាំងកម្រិតបញ្ហានយោបាយ ទាំងស្ថាប័ន និងបុគ្គល។
សម្តេចនាយករដ្ឋមន្ត្រី បន្តអំពាវនាវដល់អ្នកព័ត៌មានឲ្យផ្សាយត្រឹមហេតុការណ៍ កុំព្យាយាមធ្វើជាចៅក្រមកាត់សេចក្តី។ អ្នកព័ត៌មាន មិនមែនជានគរបាលយុត្តិធម៌ ទៅដាក់ប៉ារ៉ាស់ចាប់រថយន្តនោះឡើយ។ សូមឲ្យអ្នកព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធជាមួយព័ត៌មានក្លែងក្លាយ ព្រោះនៅកម្ពុជាព័ត៌មានក្លែងក្លាយកំពុងកើតមានច្រើន។ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ គឺត្រូវរួមគ្នាផ្សព្វផ្សាយព័ត៌មានពិតចេញមក។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងគាំទ្រចំពោះគំនិតបង្កើតព័ត៌មាន ជាភាសាអង់គ្លេស ដើម្បីរុញព័ត៌មានពីកម្ពុជា ទៅកាន់ពិភពលោក។ អ្នកព័ត៌មាន ត្រូវបើយកយុទ្ធនាការប្រកួតប្រជែង ផ្សព្វផ្សាយឲ្យបានលឿន និងពិត ហើយមានច្រើនភាសា។
សម្តេចនាយករដ្ឋមន្ត្រីប្រកាសថា នឹងនៅតែបន្តជួបជាមួយអ្នកព័ត៌មាននៅឆ្នាំបន្តបន្ទាប់ទៀត រហូតដល់ឈប់ធ្វើនាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថានៅថ្ងៃនេះដែរ សម្តេចតេជោនាយរកដ្ឋមន្ត្រី បានប្រកាសឲ្យអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋបានដឹងថា សម្តេចតេជោបានសម្រេចបញ្ចប់រឿងរ៉ាវមួយដ៏សំខាន់ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺចាប់ពីពេលនេះតទៅនៅតាមច្រកព្រំដែនទាំងអស់ គឺមិនឲ្យមានផ្នែកណាផ្សេងក្រៅតែពី “នគរបាលអន្តោប្រវេសន៍ និងគយ “ តែប៉ុណ្ណោះ។ ភ្នាក់ងារដទៃៗទៀត រួមទាំងកាំកុងត្រូល គឺត្រូវដកចេញឲ្យអស់។ ទន្ទឹមនឹងនោះ ក៏ត្រូវបញ្ចុះតម្លៃស្កែន (Scan) ទំនិញផងដែរ ដើម្បីឲ្យអ្នករកស៊ីទទួលបានផលចំណេញកាន់តែច្រើន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ថាការអនុវត្តបែបនេះ គឺដើម្បីចូលរួមចំណែកក្នុងការលុបបំបាត់ភាពអសកម្មផ្សេងៗ និងអំពើរពុករលួយជាដើម និងម្យ៉ាងវិញទៀតគឺបានបង្កលក្ខណៈកាន់តែងាយស្រួលដល់ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋក្នុងការប្រកបអាជីវកម្មផងដែរ។ ទន្ទឹមនិងនេះ គឺនឹងជួយឲ្យសេដ្ឋកិច្ចជាតិមានដង្ហើមរស់បានដោយស្រួលទៀតផង៕ ដោយ៖កូឡាប