Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ នៅសល់​ផ្ទៃដី​ចំការមីន ជាង​២០០​ទីតាំង​

​បន្ទាយមានជ័យ​ ៖​ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ មាននៅ​សល់​ផ្ទៃដី​ចំការមីន ជាង​២០០​ទីតាំង ដែលមាន​ទំហំ​ជាង​២.៥០០​ហិច​តា មាន​អត្រា​គ្រោះថ្នាក់ ក្លាយជា​ជនពិការ​ជាង​៥០០​នាក់​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា បានស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ឃុំ​ទួល​ពង្រ ត្រូវមាន​ការប្រុងប្រយ័ត្ន ។​

​ថ្ងៃ​សុក្រ ទី​១១ ខែមករា ឆ្នាំ​២០១៩ លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ និង​ថ្នាក់ដឹកនាំ​ស៊ីម៉ាក់ បានទទួល​ស្វាគមន៍ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​មីន គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ការងារ​វិស្វកម្ម​កងយោធពល​ខេមរភូមិន្ទ ដែល​ស្ថិតនៅ​ភូមិ​ខ្លា​ងាប់ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។

​ក្នុងឱកាស​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ទេសរដ្ឋមន្ត្រី បាន​កោតសរសើរ​ដល់​កម្លាំង​បោសសំអាត​មីន​របស់​ស៊ីម៉ាក់ ដែល​បាន​លះបង់​អាយុជីវិត និង​សេចក្តីសុខ​ផ្ទាល់ខ្លួន នៅក្នុង​កិច្ចការ​បោសសំអាត​មីន ដើម្បី​រំដោះ​ផ្ទៃដី ដែល​រង​ផលប៉ះពាល់​ដោយសារ​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​បុព្វហេតុ​ជាតិ​។

​ឆ្លៀត​ក្នុងឱកាស​នេះដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ទេសរដ្ឋមន្ត្រី បាន​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ជនពិការ ដោយសារ​គ្រាន់​មីន​ឬ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។ ក្នុង​ពិធី​សំណេះសំណាល​នេះដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ JMAS ដែល​បាន​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​គាំទ្រ​ដល់​ស៊ីម៉ាក់ ដើម្បី​រំដោះ​ផ្ទៃ​ដែល​រង​ផលប៉ះពាល់ ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​ស្ថិតនៅ​តំបន់​ភូមិសាស្ត្រ​ស្រុក​ម៉ាឡៃ​នេះ​។

​សូមបញ្ជាក់ថា ឃុំ​ទួល​ពង្រ​នេះ មាននៅ​សល់​ផ្ទៃដី​ចំការមីន ជាង​២០០​ទីតាំង ដែលមាន​ទំហំ​ជាង​២.៥០០​ហិច​តា មាន​អត្រា​គ្រោះថ្នាក់ ក្លាយជា​ជនពិការ​ជាង​៥០០​នាក់ ឃុំ​ពង្រ​នេះ នៅតែ​ជា​ឃុំ​មាន​បញ្ហា​មីន​ធ្ងន់ធ្ងរ​ជាងគេ​៕ ​ដោយ​ ៖​ រចនា​

×