យុវតីជនជាតិអារ៉ាប់ប៊ីសាអូឌីតម្នាក់ ដែលបានរត់ចេញពីគ្រួសារ និងបានជាប់នៅទីក្រុងបាងកកពេលនេះកំពុងធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសកាណាដា ក្រោយពេលនាងទទួលបានសិទ្ធិជ្រកកោននៅទីនោះ។
ស្ត្រីវ័យក្មេង Rahaf Mohammed al-Qunun អាយុ ១៨ បានព្យាយាមធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី តាមជើងហោះហើរក្នុងទីក្រុងបាងកក ប៉ុន្តែនាងត្រូវបានប៉ូលីសថៃ ប្រាប់អោយត្រឡប់ទៅកាន់ប្រទេសគុយវ៉ែតវិញ ខណៈគ្រួសារនាងកំពុងរង់ចាំនៅទីនោះ។
ស្ត្រីខាងលើបដិសេធត្រឡប់ទៅកាន់ប្រទេសគុយវ៉ែត ដោយសារមានការភ័យខ្លាចថា គ្រួសារនាងនឹងសម្លាប់នាងចោល ព្រោះនាងបានបោះបង់ចោលសាសនាអ៊ីស្លាម ដែលការលះបង់ចោលសាសនាគឺមានទោសប្រហារជីវិតនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត។
ភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានចាត់ទុកនាងគឺជាជនភៀសខ្លួនស្របច្បាប់។
ការទទួលយកស្ត្រីអារ៉ាប់ខាងលើអោយបានសិទ្ធិជ្រកកោនក្នុងប្រទេសកាណាដា កើតឡើងខណៈកាណាដាបានប្រកាសថា ខ្លួននឹងទទួលយកជនអន្តោប្រវេសន៍អោយមករស់នៅអចិន្ត្រៃយ៍ ចំនួន ១លាននាក់ អោយមករស់នៅក្នុងប្រទេសសម្រាប់ ៣ឆ្នាំខាងមុខ៕ សុភ័ក្ត្រ
ប្រភព៖ BBC