ក្រុមហ៊ុនជប៉ុនមួយ បានរៀបចំផែនការប្រើប្រាស់យន្តហោះគ្មានអ្នកបើកបរដែលអាចបញ្ចេញស្នូរតន្ត្រី ដើម្បីបង្ខំឲ្យពួកបុគ្គលិកធ្វើការបន្ថែមម៉ោងត្រូវវិលត្រឡប់ទៅផ្ទះវិញ ឲ្យបាន…ទាន់ពេល!។
BBC ឲ្យដឹងថា តាមប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុននោះ ក្រុមហ៊ុន Taisei ដែលមានឯកទេសខាងផ្តល់សេវាសន្តិសុខ និងអនាម័យការិយាល័យ និងអភិវឌ្ឍន៍បរិក្ខារពិសេសមួយ ដោយមានការជួយគាំទ្រពីសំណាក់រោងចក្រផលិតយន្តហោះគ្មានអ្នកបើកបរ Blue Innovation និងក្រុមហ៊ុនទូរគមនាគមន៍ NTT East។
បរិក្ខារនេះជាយន្តហោះគ្មានអ្នកបើកបរ ឈ្មោះថា T-frend មានសមត្ថភាពបចញ្ចេញស្នូរតន្ត្រី Auld Lang Syne -ជាតន្ត្រីល្បីល្បាញរបស់ប្រទេស Scotland មានតាំងពីសតវត្សរ៍ទី ១៨ ម្ល៉េះ -មុននេះគេច្រើនប្រើប្រាស់វាសម្រាប់ក្រើនរំលឹកដល់អ្នកទិញទំនិញតាមហាងថា “ជិតដល់ពេលបិទទ្វារ” ហើយ!។
គេនឹងបង្កើតកម្មវិធីសម្រាប់អាគារធ្វើការនីមួយៗ សម្រាប់ឲ្យយន្តហោះនេះបញ្ចេញស្នូរតន្ត្រី “ដាសតឿន” ឲ្យត្រលប់ទៅផ្ទះវិញ តាមការិយាល័យនីមួយៗ។
ក្រុមហ៊ុន Taisei មានគំរោងដាក់ពង្រាយឲ្យ T-Frend ប្រតិបត្តិការខែ ៤/២០១៨។ តម្លៃសេវាពុំទាន់ផ្លូវការគឺប្រមាណ ៤៥០០USD/ខែ។
ការធ្វើការបន្ថែមម៉ោងដើម្បីបង្កើនប្រាក់ចំណូលបានក្លាយជានិន្នាការមួយនៅប្រទេសនេះ ម្យ៉ាងដោយសារពួកគេខ្លាចរងការចោទប្រកាន់ធ្វេសប្រហែសក្នុងការងារនាំឲ្យបាត់អាជីពផង។ ហេតុនេះមានករណីច្រើន ដែលប្រឹងធ្វើការហួសហេតុបណ្តាលឲ្យស្លាប់ -នៅជប៉ុន ហៅថា “Karoshi” ។ តាមសៀវភៅ ស របស់ Karoshi ដែលប្រកាសផ្សាយកាលពីខែតុលា ២០១៧នេះ គឺមានករណីអត្តឃាត និងប៉ងធ្វើអត្តឃាតចំនួន១៩១ ករណី ផ្តើមចេញពីសម្ពាធការងារធ្ងន់ធ្ងរពេក ក្នុងនោះដែរ ក៏មានករណីចំនួន ៤៩៨ កើតរោគផ្លូវចិត្ត។ កាលពីខែ ៥/២០១៧ រដ្ឋការជប៉ុន បានប្រកាសឈ្មោះក្រុមហ៊ុនចំនួន ៣០០ ដែលបំពានច្បាប់ពលកម្ម៕ សូយន