តាកែវ ៖ ជនសង្ស័យចំនួន ២នាក់ ដែលជាមុខសញ្ញាលួច និងជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងក្រុងដូនកែវ ត្រូវបានជាប់អន្ទាក់របស់កងរាជអាវុធហត្ថខេត្តតាកែវ កាលពីវេលាម៉ោង ១២ រំលោងអាធ្រាតឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។
បើយោងតាមលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួលនិតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាតំបូងខេត្ត បានចុះធ្វើការបង្ក្រាបមុខសញ្ញាលួចរបស់របរក្នុងពេទ្យបង្អែកខេត្ត និងជាមុខសញ្ញាជួញដូរ ប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់ ដែលឃាត់ខ្លួនបានទាំង២នាក់ នៅចំនុចបន្ទប់ជួល ស្ថិតក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
លោក ង៉ែត ចាន់ធី បានបន្តថា ជនសង្ស័យទាំង០២នាក់នោះមាន ១- ឈ្មោះ មាស សាម៉េត ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២-ឈ្មោះ ស៊ុន ជីប ភេទប្រុសអាយុ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ។ ដោយបានធ្វើការដកហូតបានវត្ថុតាងមួយចំនួន៖ មានម្ស៉ៅក្រាមសថ្លា ចំនួន ០២កញ្ចប់ទំងន់ ១,០៨ ក្រាម(ថ្លឹងទាំងសំបក) ។
-សម្ភារៈសេពថ្នាំញៀនមួុយចំនួន។ -ទូរសព្ទចំនួន០៣ គ្រឿង -ម៉ូតូ ០១គ្រឿង មាកសង់កូរ៉េ អត់ស្លាកលេខ។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំនុំរឿងបញ្ជូនទៅសាលាតំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕ ដោយ ៖ តាកែវ