Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ផ្តល់​ថវិការ ៣៥០.០០០​ដុល្លា សំរាប់​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែ​ង​

​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ផ្តល់​ថវិកា​ចំនួន ៣៥០.០០០ ដុល្លា​អាមេរិក​ដល់​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) សំរាប់​កិច្ចការ​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង​របស់​កម្ពុជា សំរាប់​ដំណាក់កាល​ទី ៥​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​ស្ថានទូត​អា​មេ​រិច ដែល CEN ទើប​ទទួលបាន​នៅ​ថ្ងៃនេះ​។​

​ថវិការ​សំរាប់ធ្វើ​ការអភិរក្ស​ប្រាសាទភ្នំ​បាក់​ខែ​ង ក្នុង​សួនឧទ្យាន​អង្គរ ត្រូវបាន​ផ្តល់​តាមរយៈ​មជ្ឈមណ្ឌល​បេតិកភណ្ឌ​វប្បធម៌​របស់​ការិយាល័យ​កិច្ចការ​វប្បធម៌ និង​អប់រំ​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដែល​បានមកពី​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក​សំរាប់​ការអភិរក្ស​វប្បធម៌​។​

​សេចក្តីប្រកាស​បញ្ជាក់ថា កម្ពុជា​គឺជា​ប្រទេស​ស្ថិតក្នុង​ចំណោម​ប្រទេស ៩ ដែល​បាន​ទទួល​ជំនួយ នៅក្នុង​ឆ្នាំសារពើពន្ធ ២០១៧ សំរាប់​ការអភិរក្ស​ទីតាំង​បូរាណ និង​ប្រវត្តិសាស្ត្រ តាមរយៈ​កម្មវិធី​ជំនួយ​ថវិកា​ខ្នាត​ធំ​នៃ​មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​សំរាប់​ការអភិរក្ស​វប្បធម៌​។​

​ប្រាសាទភ្នំ​បាក់​ខែង​គឺជា​ប្រាសាទ​ដែល​ចាស់​ជាងគេ​ក្នុង​សម័យ​អង្គរ ហើយ​ជា​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​បំផុត​មួយ​របស់​ពិភពលោក​។ តាំងពី​ឆ្នាំ ២០០៨ មក គំរោង​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែ​ង​បាន​ផ្តោត​លើ​ការធ្វើ​អោយ​សំណង់​មាន​លំនឹង និង​ការ​ទប់​មិន​អោយ​លិច​ទឹក នៅ​ចំហៀង​ខាងកើត​នៃ​ប្រាសាទ​កណ្តាល ដោយ​ទន្ទឹមនឹងនោះ បញ្ចូល​សកម្មភាព​គ្រប់គ្រង​លើ​ទីតាំង និង​ការបណ្តុះបណ្តាល​។ ដំណាក់កាល​ទី ៥ របស់​គំរោង​នឹង​បង្ហើយ​ការជួសជុល​ពេញលេញ​ទៅលើ​ចំហៀង​ខាងកើត​នៃ​ប្រាសាទ​កណ្តាល ស្រប​តាម​គំរោង​ប្លង់​ជួសជុល ដែល​ត្រូវបាន​កំណត់​ច្បាស់ នៅ​ដំណាក់កាល​មុនៗ​។​

​អន្តរាគ​ម​នេះ​នឹង​ធ្វើអោយ​មាន​ឡើង​វិញ​នូវ​ភាព​ដើម​នៃ​សំណង់​របស់​ប្រាសាទ និង​ប្រព័ន្ធ​គ្រប់គ្រង​ទឹក ដោយ​ប្រើ​សំភារៈ​បូរាណ​ផង ទំនើប​ផង​។ គំរោង​នេះ​មានបំណង​ជំរុញ​អោយបាន​ច្រើន​ដល់​ចក្ខុវិស័យ នៃ​ផែនការ​មេ​ក្នុង​ការអភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង​ដែល​ត្រូវបាន​កំណត់​នៅ​ឆ្នាំ ២០០៧ WMF បានរៀចំក​ម្ម​វិធី​អភិរក្ស ដោយ​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សា​រា និង​អ្នកជំនាញ​នៃ​អ​អង្គការ UNESCO ដែល​ធ្វើ​ការជួបប្រជុំគ្នា​ទៀងទាត់ តាមរយៈ​គណកម្មាធិកា​រ​សំរបសំរួល អន្តរជាតិ​អង្គរ​។​

​តាំងពី​ឆ្នាំ ២០០៤ មក អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​បាន​ទទួល​ថ​វិកា​ជាង ៣,២ លាន​ដុល្លា អាមេរិក​ពី​រដ្ឋា​ភី​បាល​អាមេរិក សំរាប់ធ្វើ​ការអភិរក្ស​ប្រាសាទភ្នំ​បាក់​ខែ​ង​។ អង្គការ​មូលនិធិ​នេះ គឺជា​អង្គការ ឯករាជ្យ​ឈានមុខ​គេ ដែល​ធ្វើការ​ដើម្បី​សង្គ្រោះ​កន្លែង​ដែល​ត្រូវបាន​គេ​ផ្តល់​តំលៃ​អោយ​បំផុត ក្នុង​ពិភពលោក​។ អស់​រយៈពេល ៤៥ ឆ្នាំ​ហើយ អ្នកឯកទេស​ដែលមាន​ជំនាញ​យ៉ាង​ខ្ពស់​របស់​អង្គការ​នេះ​បាន​ប្រើ​បច្ចេកទេស ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ធ្វើការ​អភិរក្ស​ទីតាំង​បេតិកភណ្ឌ​វប្បធម៌ និង​ស្ថាបត្យកម្ម​សំខាន់ៗ​នានា នៅ​ជុំវិញ​ពិភព លោក​។​

​មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​សំរាប់​ការអភិរក្ស​វប្បធម៌ ត្រូវបាន​បង្កើតឡើង​ដើម្បី​អភិរក្ស​ទី តាំង​បេតិកភណ្ឌ​វប្បធម៌​សំខាន់ៗ​។ ក្រៅពី​ប្រាសាទភ្នំ​បាក់​ខែង រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ថែមទាំង​បាន​ផ្តល់​អំណោយ​ថវិកា ដើម្បី​ជួយ​អភិរក្ស​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​សំខាន់ៗ​ដទៃទៀត​នៅ​កម្ពុជា ដូចជា​ប្រាសាទ​ហា​ន់ ជ័យ​ក្នុង​ខេត្ត​កំពង់ចាម ប្រាសាទភ្នំ​ដា នៅ​អង្គរ​បូរី ខេត្តតាកែវ ជាដើម​។ ជំនួយ​សរុប​របស់​ស​ហ​រដ្ឋ​អាមេរិក​សំរាប់ ការអភិរក្ស​វប្បធម៌​នៅ​កម្ពុជា មាន ចំនួន ៤ ២៧២ ៤៦៥ ដុល្លា​អាមេរិក ដែល​ក្នុង​ចំនួន​នេះ ៣ ៣២៦ ៣៦៥ ដុល្លា​ត្រូវបាន​ផ្តល់អោយ​តាមរយៈ​មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​សំរាប់​ការអភិរក្ស​វប្បធម៌ ៕​ សុភ័ក្ត្រ

 

×