ការស្លាប់តែងនាំមកទុក្ខសោក ហើយវាក៏ដល់ពេលត្រូវយកទៅបញ្ចុះ ទោះយ៉ាងណាអ្នកស្លាប់ពុំអាចរស់ឡើងវិញបានទេ នេះជារឿងរបស់ស្ត្រីម្នាក់នៅឥណ្ឌូណេស៊ី ដោយខ្លួនអ្នកស្រីផ្ទាល់បានរៀបចំពិធីបញ្ចុះសពឲ្យស្វាមី។
នៅ Java, ប្រទេសឥណ្ឌូណេស៊ី បុរសអាយុ៦២ឆ្នាំ ឈ្មោះ Waluyo បានរងគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងធ្វើដំណើរតាមផ្លូវ រួចត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ មួយសប្តាហ៍ក្រោយគាត់បានស្លាប់។ ភរិយាបានដង្ហែរសពប្តីហើយធ្វើការបញ្ចុះដោយផ្ទាល់។
ពេលវេលាជិតមួយឆ្នាំបានកន្លងផុត ទុក្ខព្រួយក៏រសាយ ស្រាប់តែនៅខែកុម្ភៈឆ្នាំនេះ Waluyo បានបង្ហាញវត្តមាននៅមាត់ទ្វារផ្ទះជាហេតុធ្វើឲ្យក្រុមគ្រួសារមានការភ័យតក់ស្លុតយ៉ាងខ្លាំង ព្រោះតែគាត់បានស្លាប់យូរមកហើយ។ ភរិយារបស់គាត់បានសម្លឹងទៅកាន់”បុរសនោះ” ទាំងក្តីមន្ទិលសង្ស័យ ប៉ុន្តែពេលសម្លឹងឃើញធ្មេញរបស់គាត់ទើបជឿជាក់ថា គ្មានអ្វីសង្ស័យឡើយ ៖ គាត់គឺជាស្វាមីរបស់ខ្ញុំ!។
ដូច្នេះអ្នកដែលត្រូវបានបញ្ចុះមុននោះជានរណា? តាមពិតទៅក្រោយពេលលោក Waluyo ចេញទៅធ្វើការកន្លែងឆ្ងាយកន្លងមកប៉ូលិសបានប្រកាសផ្សាយថា មានបុរសម្នាក់រងរបួសជាទម្ងន់ពិបាកសម្គាល់ភិនភាគ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយដោយសាររាងរៅបុរសនោះស្រដៀងនឹងលោក Waluyo ព្រមទាំងមានការបញ្ជាក់ពីប៉ូលិសផង ធ្វើឲ្យអ្នកផងជឿថា គាត់គឺ Waluyo។
Waluyo ឲ្យដឹងថា គាត់បានទៅដល់ Semarang ដើម្បីធ្វើជាបុគ្គលិកអនាម័យ ប៉ុន្តែទីនោះគ្មានទូរស័ព្ទដើម្បីទាក់ទងមកគ្រួសារ។ ប្រាកដណាស់លោកពុំបានដឹងថា ខ្លួនបានត្រូវ “រៀបចំបុណ្យសព” និងបញ្ចុះរួចរាល់បាត់ទៅហើយ។ រដ្ឋអំណាចប្រចាំតំបន់ ទោះបីគេចវេសពុំទទួលស្គាល់ថា នេះជារឿងពិតក្តី ក៏ត្រូវបង្ខំបដិសេធចោលលិខិតមរណៈភាពរបស់លោក។
ក្រោយហេតុការណ៍បែកធ្លាយចេញអ្នកភូមិផងរបងជាមួយគ្មានអ្នកណាជឿឡើយ ជាហេតុនាំឲ្យប្រព័ន្ធព័ត៌មានប្រចាំតំបន់បានទៅសម្ភាសន៍យកព័ត៌មាន។
ប្រព័ន្ធព័ត៌មានប្រចាំតំបន់ក៏បានចុះផ្សាយរឿងរ៉ាវចម្លែកអស្ចារ្យនេះ។
ជំនួបសារជាថ្មីចំពោះសាច់ញាតិដែលគិតថា បានស្លាប់ជារឿងត្រេកអរគ្មានអ្វីប្រៀបផ្ទឹម។ ប៉ុន្តែចំពោះលោក Waluyo វិញ លោកមានអារម្មណ៍យ៉ាងណាដែរ ពេលអវត្តមាន១ឆ្នាំពីផ្ទះ រួចវិលមកផ្ទះប្រពន្ធកូននឹកស្មានថា ជាខ្មោចនោះ!។
តាមប្រិយមិត្តអ្នកណាជាអ្នកខុស?