មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្តេជ្ញាថានឹងធ្វើឲ្យកូរ៉េខាងជើង “ក្លាយទៅជាមហាអំណាចនុយក្លេអ៊ែរដ៏ខ្លាំងបំផុតក្នុងពិភពលោក”។ នេះតាមការចេញផ្សាយរបស់ភ្នាក់សារព៌តមានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី ១៣នេះ។
កូរ៉េខាងជើងបានធ្វើឲ្យសហគមន៍អន្តរជាតិវិលក្បុង ដោយសារតែការបាញ់សាកល្បងមីស៊ីលរបស់ខ្លួនជាញឹកញាប់ ហើយថ្មីៗនេះ របបកុម្មុយនិស្តនេះទើបតែបានអះអាងថា បានសម្រេចក្នុងការបាញ់សាកល្បងមីស៊ីលរយៈចំងាយឆ្ងាយ ដែលអាចមានសមត្ថភាពវាយប្រហារដល់គ្រប់ទីកន្លែងនៃទឹកដីអាមេរិច។
គីម ជុងអ៊ុន បានថ្លែងប្រាប់កម្មកររបស់ខ្លួនថា ប្រទេសរបស់ខ្លួននឹងសម្រេចជោគជ័យ និងបោះជំហានទៅក្លាយជាមហាអំណាចនុយក្លេអ៊ែរ និងយោធាដ៏ខ្លាំងក្លាបំផុតក្នុងបិភពលោក។
ការថ្លែងរបស់មេដឹកនាំផ្តាច់ការវ័យក្មេងនេះ កើតឡើងខណៈពេលដែលមហាអំណាចជាច្រើនក្នុងពិភពលោកកំពុងស្រវារកការឆ្លើយតបនឹងវិបត្តិដ៏គ្រោះថ្នាក់នេះ ដោយមានសហរដ្ឋអាមេរិចជាអ្នកដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូតលើរបបនេះ ដើម្បីបង្ខំឲ្យព្យុងយ៉ាងបោះបង់នុយក្លេអ៊ែរចោល។
ប៉ុន្តែកូរ៉េខាងជើង ដែលមើលទៅហាក់ធម្មតា ទោះរងសម្ពាធយ៉ាងណាក៏ដោយ នៅតែបន្តបាញ់សាកល្បងមីស៊ីល ដែលធ្វើឲ្យពិភពលោក កាន់តែមានការព្រួយបារម្ភ។
ភាពតានតឹងរឹតតែកើនឡើង នៅឧបទ្វីបកូរ៉េ ក្រោយពេលរបបនេះបានបាញ់សាកល្បងមីស៊ីលរយៈចំងាយឆ្ងាយប្រភេទថ្មី កាលពីខែវិច្ឆការ ថ្ងៃទី ២៩ ដែលខ្លួនអះអាងថា អាចបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរដ៏ធ្ងន់ទៅកាន់គ្រប់ទីកន្លែងលើទឹកដីអាមេរិច។
ទោះយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងធ្លាប់បានបញ្ជាក់ថា កូរ៉េខាងជើងនៅមិនទាន់ឈានដល់ចំនុចចុងបញ្ជប់នៃការសម្រេចបានការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរលើមីស៊ីលនៅឡើយទេ តែនៅពេលជាមួយគ្នានេះដែរ មន្ត្រីដដែលទទួលស្គាល់ពីការអភិវឌ្ឍន៏ដ៏លឿននៃកម្មវិធីអាវុធរបស់ប្រទេសនេះ៕ សុភ័ក្ត្រ