ភ្នំពេញ៖ រដ្ឋបាលរាជធានី បានជូនដំណឹងអោយម្ចាស់ជលយានយន្តគ្រប់ប្រភេទ យកចិត្តទុកដាក់បង្ការ និងការពារសុវត្ថិភាពអោយខ្ពស់ នៅពេលធ្វើដំណើរតាមដងទន្លេឆ្លងកាត់ការដ្ឋានសាងសង់ស្ពានដែកបេឡេ មុខឃ្លាំងសាំង ខណៈដែលស្ពានឆ្លងកាត់ទន្លេនេះបាននឹងកំពុងដំណើរការវាយបុកគ្រឹះ និងបញ្ឈរដែកសសរនៅលើផ្ទៃទឹក។
បើយោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសបុករបស់រដ្ឋបាលរាជធានីបានអោយដឹងថា នៅពេលនេះការដ្ឋាន សាងសង់ស្ពានដែកបេឡេឆ្លងកាត់ទន្លេសាបតភ្ជាប់ពីច្រាំងជ្រោយចង្វា-ឫស្សីកែវ បាននិងកំពុងចាប់ផ្តើម ដំណើរការវាយបុកគ្រឹះ និងបញ្ឈរដែកសរសរនៅលើផ្ទៃទឹក។
រដ្ឋបាលរាជធានី សូមអោយបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ជលយានយន្តគ្រប់ប្រភេទធ្វើដំណើរតាមដងទន្លេ ឆ្លងកាត់ទីតាំងការដ្ឋាន មេត្តាយកចិត្តទុកដាក់បង្ការ ការពារសុវត្ថិភាពអោយបានខ្ពស់ចាប់ពីថ្ងៃជូនដំណឹងតទៅ។
គួរបញ្ជាក់ផងដែរថា ស្ពានដែកបេឡេនេះគឺធ្វើការសាងសង់អោយឆ្លងបណ្តោះអាសន្នដើម្បីសម្រួលចរាចរណ៍ពីស្ពានជ្រោយចង្វារចាស់ដែលបាននឹងកំពុងធ្វើការជួសជុល បន្ទាប់ពីស្ពាននោះជួសជុលរួចស្ពានដែកបេឡេនេះនឹងត្រូវរួសរើចេញវិញ ជាមួយនឹងការសាងសាង់ស្ពានថ្ម នៅស្របគ្នា ដោយតភ្ជាប់រវាងខណ្ឌជ្រោយចង្វា និង ខណ្ឌឬស្សីកែវ ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕ ដោយ៖កូឡាប