Saturday, September 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគារ​អ្នកដំណើរ​ថ្មី​នៅ​ព្រលានយន្តហោះ​ភ្នំពេញ​បើក​ដំណើរការ​ជា​ផ្លូវការ ឆ្លើយតប​កំណើន​ទេសចរណ៍​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​បើកសម្ពោធ​ដាក់ឲ្យ​ដំណើរការ «​ស្ថានីយ៍​សម្រាប់​ទទួល​អ្នកដំណើរ​មកដល់ និង​ស្ថានីយ៍​សម្រាប់​ភ្ញៀវ​រង់ចាំ​ចេញដំណើរ​» នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ដើម្បី​ឆ្លើយ​នឹង​កំណើន​អ្នកដំណើរ​ដែល​កំពុង​កើនឡើង​ជា​លំដាប់​ក្នុង​បច្ចុប្បន្ន និង​អនាគត ជាមួយ​ការព្យាករណ៍​ចំនួន​អ្នកដំណើរ​ជាង​៤​លាន​នាក់ នៅ​ឆ្នាំ​២០១៧ និង​ការរំពឹង​ទុក​ទទួលបាន​អ្នកដំណើរ​យ៉ាងតិច​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ ខាង​មុខ​នោះ ។​

​ក្នុងឱកាស ពិធី​បើក​សម្ពោធ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋ​មន្ត្រី​ប្រចាំការ ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី តំណាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានឲ្យដឹងថា តាម​ការព្យាករណ៍​របស់​ក្រសួង​ទេសចរ​ណ៍ នៅ​ឆ្នាំ​២០១៧ កម្ពុជា​នឹង​ទទួល​ទេសចរ​អន្តរជាតិ​ជាង​៥​លាន​នាក់ និង​នៅ​ឆ្នាំ​២០២០ នឹង​ទទួលបាន​យ៉ាងតិចណាស់​ក៏បាន ៧​លាន​នាក់​ដែរ ដូច្នេះ​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​នេះ​សំខាន់​ខ្លាំងណាស់​សម្រាប់​កម្ពុជា ដែល​ទាមទារ​ឲ្យមាន​ការសហការ និង​ខិតខំ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ធ្វើយ៉ាងណា​ឲ្យមាន​ការស​ម្រួ​ល​ដល់​ការដឹកជញ្ជូន​អ្នកដំណើរ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​លើកទឹកចិត្ត និង​ជំរុញ​ការងារ​នេះ​ឲ្យបាន​ខ្ជាប់ខ្ជួន​ជាទីបំផុត​។​

​ក្នុងឱកាស​នោះ លោក ម៉ៅ ហា​វណ្ណា​ល់ រដ្ឋលេខាធិការ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បានឲ្យដឹងថា កម្ពុជា​កំពុង​ប្រែ​ក្លាយខ្លួន​ជា​មជ្ឈមណ្ឌល​អាកាសចរណ៍ និង​ទេសចរណ៍​មួយ ដែល​មាន​ភាព​ទាក់ទាញ​ក្នុង​តំបន់ និង​ពិភពលោក ដែល​ជាទី​តាំង​មាន​ភូមិសាស្ត្រ​ល្អ ប្រកបដោយ​សក្តានុពល និង​សម្បូរបែប ដោយសារ​កម្ពុជា​មាន​សន្តិភាព ស្ថិរភាព​នយោបាយ ហើយ​ជា​ទីផ្សារ​មួយ​ក្នុងចំណោម​ទីផ្សារ​ទេសចរណ៍ ដែល​មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​បំផុត នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ពោល​នៅតែ​បន្ត​រក្សា​កំណើន​ជា​មធ្យម​ក្នុង​រង្វង់ ៨,៥% រហូតដល់​ឆ្នាំ​២០៤០​។​


​លោក​រដ្ឋលេខាធិកា​របា​ន​បន្តថា ការចូលរួម​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​បើក​ទំព័រ​ថ្មី​បន្ថែម​ទៀត សម្រាប់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុង​ការសម្រួល​បន្ថែម​នូវ​បរិមាណ នៃ​ការមកដល់​របស់​អ្នកដំណើរ​តាម​ផ្លូវអាកាស ប្រកប​ដោយ​ផាសុកភាព ដោយ​រក្សាបាន​នូវ​គុណភាព សន្តិសុខ និង​សុវត្ថិភាព ជា​ពិសេស​ជួយ​ដោះស្រាយ​ការដឹកជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវអាកាស​។​

​លោក នី​កូឡា ណូត​បា អគ្គនាយក​ក្រុមហ៊ុន​វ៉ាំង​ស៊ី និង​ជា​ប្រធាន​ក្រុមហ៊ុន អាកាសយានដ្ឋាន​កម្ពុជា បានឲ្យដឹងថា ការបើក​ដំណើរការ​ស្ថានីយ៍​នេះ មាន​គោលបំណង​២ រួមមាន​៖ ទី​១. ដើម្បី​គិតគូរ​ពី​កំណើន​ភ្ញៀវទេសចរ​នាបច្ចុប្បន្ន និង​អនាគត ខណៈ​ជិត​ដាច់​ឆ្នាំ​២០១៧​នេះ អ្នកដំណើរ​ដែល​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​លើស​ពី​៤​លាន​នាក់​ហើយ ហើយ​នៅ​ឆ្នាំ​២០២០ កម្ពុជា​ក៏​រំពឹងទុក​ថា​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​យ៉ាងតិច ៧​លាន​នាក់ ដូច្នេះ​នេះ​ជា​ការគិតគូរ​នៅ​អនាគត​។ ទី​២. ដើម្បី​រៀបចំ​កែលម្អ​ប្រព័ន្ធ​ហេដ្ឋានរចនាសម្ព័​ន្ធ​ថ្មីៗ សម្រាប់​អ្នកដំណើរ​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ​៕ ដោយ​៖​កូឡាប​

spot_img
×