Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ហូប​ចំអិន​ពី​សត្វព្រៃ មាន​ដាក់លក់​ជា​ចំហ នៅ​តាម​ហាង​ផឹក​ស៊ីនា​ខេត្ត​ព្រះសីហនុ ដោយ​គ្មាន​សមត្ថកិច្ច​បង្ក្រាប​

​ព្រះសីហនុ​៖ អ្នកឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម​ប្រចាំ ខេត្ត​ព្រះសីហនុ រិះគន់​កម្លាំង​នគរបាល កងរាជអាវុធហត្ថ ព្រមទាំង​មន្ទីរ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​គ្មាន​វិធានការ​ចុះ​បង្ក្រាប​បទល្មើស​សត្វព្រៃ ដែល​ត្រូវ​ម្ចាស់​ហាង​ដាក់លក់​ជូន​ភ្ញៀវ នៅ​តាម​ភោជនីយដ្ឋាន ពិសេស​ហាង​ផឹកស៊ី យ៉ាង​អនាធិបតេយ្យ​នា​មូលដ្ឋាន​នេះ​ទេ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោកស្រី ជៀ​ប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក (Adhoc) ខេត្ត​ព្រះសីហនុ បានឲ្យ​អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​នេះ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧​ថា មុខម្ហូប​ចំអិន ពី​សាច់​សត្វព្រៃ​គ្រប់​ប្រភេទ គឺ​មាន​ដាក់លក់​ជូន​ភ្ញៀវ​កម្មង់ ឬ​បញ្ជា​ទិញ​ជា​ចំហ នៅ​តាម​ភោជនីយដ្ឋាន ពិសេស​តាម​ហាង​ផឹកស៊ី​ភាគច្រើន នា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​។ លោកស្រី​បន្ត​ថា បទល្មើស​សត្វព្រៃ​នេះ កន្លងមក​មិន​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ចេញមុខ​បង្ក្រាប ឬ​ទប់ស្កាត់​នោះទេ​។

​លោកស្រី សុធា​រី ទទួលស្គាល់ថា មុខម្ហូប​ចំអិន​ពី​សាច់​សត្វព្រៃ ពិតជា​កំពុង​ពេញនិយម សម្រាប់​ភ្ញៀវ ឬ​ពេញ​និយម​មិន​ចាញ់​អាហារ​សមុទ្រ​នោះ​ទេ ហើយ​ភ្ញៀវ​ភាគច្រើន អាច​កម្មង់ ឬ​បញ្ជា​ទិញ​បាន​ដោយ​សេរី ព្រោះ​ម្ចាស់​ហាង បាន​ដាក់លក់ ដោយ​គ្មាន​ការលាក់លៀម ឬ​មិន​ញញើត​កម្លាំង​សមត្ថកិច្ច​ជំនាញ​នោះ​ទេ​។​


​លោកស្រី សុធា​រី បាន​កត់សម្គាល់​ថា រាល់ថ្ងៃនេះ នៅ​តាម​ភោជនីយដ្ឋាន​ភាគច្រើន នា​ខេត្ត​ព្រះសីហនុ ភ្ញៀវ​អាច​កម្មង់​មុខម្ហូប​ចំអិន​ពី​សាច់​ព្រៃ​បាន​ជា​ចំហ ដោយ​ម្ចាស់​ហាង​នី​មួយៗ មិន​ខ្លាច​ញញើត​កម្លាំង​សមត្ថកិច្ច​មក​រារាំង ឬ​ហាមឃាត់​នោះទេ​។

​អ្នកឃ្លាំមើល​សង្គម​រូបនេះ ទទូច​ដល់​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ កម្លាំង​កងរាជអាវុធហត្ថ ជាពិសេស លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ឲ្យជួយ​ទប់ស្កាត់​បទល្មើស​សត្វ​ព្រៃ នៅ​តាម​ភោជនីយដ្ឋាន ឬ​ដាក់​លក់​នៅ​តាម​ហាង​ផឹកស៊ី​ភាគច្រើន​នា​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ និង​តាម​ហាង​នានា នៅ​ទីប្រជុំជន​តាម​ស្រុក ទូទាំង​ខេត្ត​ព្រះសីហនុ ឲ្យបាន​ជា​ស្ថាពរ​។

​ទន្ទឹមគ្នានេះ លោកស្រី ជៀ​ប សុធា​រី ក្នុងនាម​មន្ត្រី​សង្គម​ស៊ីវិល សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទូទៅ មន្ត្រីរាជការ​ជាពិសេស​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ការងារ​ថែរក្សា​អភិរក្ស​សត្វព្រៃ មិន​ត្រូវ​ទទួល​ទាន​មុខម្ហូប​ចំអិន​ពី​សាច់​សត្វព្រៃ​ទៀត​ទេ​។ ពោល​គឺ ត្រូវ​រួមគ្នា​ធ្វើពហិការ​កុំ​បរិភោគ​អាហារ ឬ​មុខម្ហូប​ចំអិន​ពី​សាច់​សត្វព្រៃ ជា​បន្ត​ទៀត​នា​ថ្ងៃ​អនាគត ប្រយោជន៍​ដើម្បី​រួមគ្នា​ការពារ និង​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា ឲ្យបាន​គង់វង្ស ព្រោះ​បច្ចុប្បន្ននេះ សត្វព្រៃ​ភាគច្រើន​នៅ​កម្ពុជា ស្ទើរ​រលាយ​ផុត​ពូជ​ទៅ​ហើយ​។

​អ្នកឃ្លាំមើល​សង្គម​រូបនេះ ចាត់ទុក​ការ​ទទួលទាន​មុខម្ហូប​ប​ចំអិន​ពី​សាច់​សត្វព្រៃ​ថា​ជា​ការលើកទឹកចិត្ត ឲ្យ​បទល្មើស​សម្លាប់​សត្វព្រៃ​គ្រប់​ប្រភេទ​នៅ​កម្ពុជា អាច​បន្ត​រីក​រាលដាល​ធ្ងន់ធ្ងរ​ថែម​ទៀត​នា​ថ្ងៃ​ខាងមុខ ដោយ​នៅ​ទី​បញ្ចប់​សត្វព្រៃ​នៅ​កម្ពុជា នឹង​រលាយ​ហិនហោច​។​
​ផ្តើម​ពី​បញ្ហា​នេះ អ្នកស្រី សុធា​រី មន្ត្រី​សមាគម​អាដហុក ខេត្ត​ព្រះសីហនុ បាន​កត់សម្គាល់​ថា រាល់ថ្ងៃនេះ ឃើញ​នៅ​តាម​ភោជនីយដ្ឋាន និង​ហាង​ផឹកស៊ី​ភាគច្រើន​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ មាន​ដាក់​លក់​មុខម្ហូប​ចំអិន​ពី​សាច់​សត្វព្រៃ​ដ៏​សម្បូរបែប និង​ដោយ​ចំហ ប៉ុន្តែ​មិន​មាន​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ចេញមុខ​បង្ក្រាប​ទេ​នោះ​ទេ​។

​ទាក់ទិន​បញ្ហា​នេះ​ដែរ លោក ស្រេង វ៉ាន់​លី មន្ត្រី​អង្កេត​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ ក៏​បានឲ្យដឹងថា រាល់ថ្ងៃ​នេះ​ឃើញ​មាន​ហាង​ផឹកស៊ី និង​ភោជនីយដ្ឋាន​មួយចំនួន មាន​បំរើសេវា​មុខម្ហូប​ចំអិន​ពី​សាច់​សត្វព្រៃ ដោយ​ចំហ​ពិតមែន​។ លោក​បន្តថា ស្ទើរ​គ្រប់​ហាង​ផឹកស៊ី នា​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ និង​នៅតាម​ជាយក្រុង​តាម​ទី​ប្រជ​ន​ជន​តាម​ស្រុក​នានា រួម​មាន​ស្រុក​ព្រៃនប់ ស្រុក​ស្ទឹង​ហាវ និង​ស្រុក​កំពង់សីលា​ជាដើម គឺ​មាន​លក់​មុខម្ហូប​ចំអិន​ពី​សាច់​សត្វព្រៃ​នៅ​តាម​ហាង​ភាគច្រើន​។
​បទល្មើស​នេះ លោក វ៉ាន់​លី កត់សម្គាល់ថា មិនដែល​ឃើញ​កម្លាំង​ជំនាញ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះបង្ក្រាប ឬ​ទប់ស្កាត់​បទល្មើស​ល​ក់សាច់​ព្រៃ នៅ​តាម​ភោជនីយដ្ឋាន ឬ​ដាក់​លក់​នៅ​តាម​ហាង​ផឹកស៊ី​ទាំងនោះ ឲ្យមាន​ប្រសិទ្ធភាព​ទេ​កន្លង​មក​។ លោក​បន្តថា សត្វព្រៃ ដែល​ត្រូវ​ម្ចាស់​ហាង​មួយ​ចំនួន ទិញ​យក​មក​លក់​ជូន​ភ្ញៀវ កម្មង់​ចំអិន​ធ្វើ​ជា​អាហារ​ទទួលទាន​រួមមាន​៖ សត្វ​ស្លាប​គ្រប់​ប្រភេទ ពស់​វែក សត្វ​ឈ្លួស ជ្រូក​ព្រៃ ទន្សាយ ក្តាន់​ញ៉ែង អណ្តើក សត្វ​ត្រកួត អណ្តើក និង​ក្តាន់​ញ៉ែង​ជាដើម ដោយ​ត្រូវ​ម្ចាស់​ហាង​ប្រកាស​លក់​ឲ្យ​ភ្ញៀវ​ជា​ចំហ​ថែម​ទៀត​។

​មន្ត្រី​អង្កេត​អង្គការ​លីកាដូ លោក ស្រេង វ៉ាន់​លី សំណូមពរ​ដល់ ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ត្រូវ​ដាក់​បទបញ្ជា​ទៅ​កម្លាំង​នគរបាល កងរាជអាវុធហត្ថ មន្ត្រី​មន្ទីរ​បរិស្ថាន និង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​ជាដើម ប្រចាំ​ខេត្ត​ព្រះសីហនុ ឲ្យ​រួម​សហការ​គ្នា​ចុះ​ត្រួតពិនិត្យ​ការលក់ដូរ​សាច់​ព្រៃ​នៅ​តាម​ហាង​ផឹកស៊ី និង​តាម​ភោជនីយដ្ឋាន​នានា ក្នុង​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​ឲ្យ​នេះ ដើម្បី​ឈាន​ទៅ​ការពារ និង​ទប់ស្កាត់​បទល្មើស​សត្វព្រៃ នៅ​កម្ពុជា ឲ្យមាន​ប្រសិទ្ធភាព​។


បញ្ហា​នេះ​ដែរ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ នៅក្នុង​កិច្ចប្រជុំ​ប្រចាំខែ​នីមួយៗ ធ្លាប់បាន​រំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ឲ្យ​រួម​សហការ​គ្នា ការពារ​បរិស្ថាន ព្រៃឈើ សត្វព្រៃ ធនធានធម្មជាតិ​ចម្រុះ​បាតសមុទ្រ ដែល​នៅ​សេសសល់ ឲ្យបាន​គង់វង្ស ដើម្បី​ឆ្លើយតប​ស្របតាម​គោលនយោបាយ​ណែនាំ របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​ឲ្យ​អនុវត្តឲ្យ​មាន​ប្រសិទ្ធភាព​។

​យ៉ាងនេះក្តី អ្នកឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម​ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​សង្កេតឃើញថា បទល្មើស​សត្វព្រៃ ឬ​មុខម្ហូប​ចំអិន​ពី​សត្វព្រៃ​ជាច្រើន​ប្រភេទ ត្រូវបាន​ម្ចាស់​ភោជនីយដ្ឋាន ពិសេស​ហាង​ផឹកស៊ី​ភាគច្រើន នា​ខេត្ត​ព្រះសីហនុ ដាក់​លក់​ជូន​ភ្ញៀវ​កម្មង់ ឬ​បញ្ជា​ទិញ ឲ្យចំ​អិន​ជា​អាហារ​ទទួលទាន​យ៉ាង​អនាធិបតេយ្យ និង​មិន​ញញើត​កម្លាំង​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​បង្ក្រាប​នោះ​ទេ ដោយ​ពួកគេ បាន​ដាក់​លក់​ជូន​ភ្ញៀវ​ជា​ចំហ​តែម្តង​៕ ដោយ​៖ ដែន សីមា


×