គូស្វាមីភរិយា ប្រធានាធិបតី Mugabe បានចាកចេញពី Zimbabwe ទៅកាន់សិង្ហបុរី ដែលជាចំណុចទៅដល់ដំបូងក្នុងដំណើរចេញក្រៅប្រទេសដើម្បីត្រួតពិនិត្យសុខភាព។
តាម Reuter មន្ត្រីសន្តិសុខម្នាក់របស់ Zimbabwe នៅថ្ងៃម្សិលមិញឲ្យដឹងថា លោក Mugabe អាយុ ៩៣ឆ្នាំ រួមនឹងភរិយា Grace អាយុ ៥២ឆ្នាំ បានធ្វើដំណើរទៅបរទេសជាលើកដំបូង ក្រោយពីលាលែងពីតំណែងប្រធានាធិបតី។
គូស្វាមីភរិយាទាំង២នាក់នេះ រួមជាមួយជំនួយការ បានចាកចេញពីរដ្ឋធានី Harare នៅយប់ថ្ងៃទី ១១/១២។ តាមគំរោងលោក Mugabe ក៏នឹងឈៀងចូលម៉ាឡេស៊ី កន្លែងដែលកូនស្រីរបស់លោក នាង Bona ត្រៀមសម្រាលកូនទី២។
មន្ត្រី Zimbabwe និយាយថា “កម្មវិធី ត្រួតពិនិត្យសុខភាព របស់លោកមានតាំងពីមុនម្ល៉េះ។ ប៉ុន្តែដោយកើតមានព្រឹត្តិការណ៍ច្រើន ប៉ុន្មានសប្តាហ៍កន្លងមក ជាហេតុធ្វើឲ្យលោកពុំអាចទៅបាន”។
ដំណើរចាកចេញពីប្រទេសនេះធ្វើឲ្យលោក Mugabe ពុំអាចមានវត្តមាននៅពេលដែលគណបក្សកាន់អំណាចរបស់លោក -ZANU-PF រៀបចំមហាសន្និបាតពិសេសប្រព្រឹត្តទៅនៅថ្ងៃទី ១៥/១២។ មន្ត្រីសន្តិសុខខាងលើពុំបានបង្ហើបប្រាប់ពីមធ្យោបាយធ្វើដំណើររបស់លោក Mugabe ទេ តែតាម News Day ដែលជាកាសែតឯកជនមួយចុះផ្សាយថា លោក Mugabe ធ្វើដំណើរតាមជើងយន្តហោះដែលជាកម្មសិទ្ធិរបស់រដ្ឋ។
លោក Mugabe ត្រូវបានកងទ័ពឃុំខ្លួននៅក្នុងភូមិគ្រឹះ បង្ខំឲ្យលោកលាចេញពីមុខតំណែងនៅថ្ងៃទី ១៤/១១។
តាមច្បាប់ប្រាក់ឧបត្ថម្ភចូលនិវត្តន៍របស់ប្រធានាធិបតី លោក Mugabe នឹងទទួលបានខ្ទង់ប្រាក់មួយ ភូមិគ្រឹះឯកជន ធានារ៉ាប់រងសុខាភិបាល សិទ្ធិធ្វើដំណើរទៅបរទេស តាមយន្តហោះមានការកំណត់ និងកម្លាំងការពារសុវត្ថិភាព៕ សូយន