Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការធ្វើ​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា ផ្អែក​លើ​គន្លឹះ​សំខាន់​ចំនួន​៥​ចំណុច​

​ភ្នំពេញ ៖ ដើម្បី​អភិវឌ្ឍ​វិស័យ​អទិភាព​លើ​ម្រោង​ថ្មី​មួយ​ស្តីពី “​ការធ្វើ​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា​” នេះ ក្នុងចំណោម​វិស័យ​ផ្សេងៗ​ទៀត ដែល​រាជរដ្ឋាភិបាល បានកំណត់​រួច ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ផ្តល់​អនុសាសន៍ ជា​គន្លឹះ​សំខាន់​ចំនួន​៥​ចំណុច​ធំៗ ដល់​ក្រុម​ការងារ​គម្រោង របស់​ធនាគារ​ពិភពលោក យក​ទៅ​ពិនិត្យ​ពិចារណា ធ្វើយ៉ាងណា​ឲ្យ​ការអនុវត្ត​គម្រោង​ដំណើរ​បាន​រលូន​និង​ទទួលបាន​ជោគជ័យ ទាំង​ម្ចាស់​ជំនួយ និង​អ្នក​ទទួល​ជំនួយ​(​កសិករ​) ក្នុង​ខេត្ត​គោលដៅ​។​

​នៅ​ទីស្តីការក្រសួង ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​អនុញ្ញា​ឲ្យ​លោកស្រី ចំរើន មុតិតា តំណាង​ឲ្យ​ធនាគារពិភ​ព​លោក និង​ជា​ប្រធាន​ក្រុមការងារ និង​សហការី​ចូលជួប​សម្តែង​ការគួរសម ពិភាក្សា​ការងារ រួច​ស្នើសុំ​អនុសាសន៍​ជា​គន្លឹះ​សំខាន់ៗ​មួយចំនួន ដើម្បី​កសាង​គម្រោង​ថ្មី​មួយ​ស្តីពី “​ការធ្វើ​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា Cambodia Agriculture Sector Diversification Project” ឲ្យបាន​រលូន​និង​ទទួលបាន​ជោគជ័យ​។​

​តាម​អ្វី​ដែល​លោកស្រី​ចំរើន មុតិតា បាន​ថ្លែង​ក្នុងជំនួប​នោះ​ថា បេសកកម្ម​របស់​ក្រុមការងារ​នាពេលនេះ​គឺ​មាន​បំណង រៀបចំ​ផែនការ​សកម្មភាព​នៃ​ដំណើរការ​បឋម​របស់​គម្រោង កំណត់​សមាសភាព​ពាក់ព័ន្ធ​ចូលរួម កំណត់​ប្រព័ន្ធ​តាមដាន​និង​វាយតម្លៃ ឯកភាព​លើ​ការគ្រប់គ្រង​គម្រោង រៀបចំ​ធ្វើ​ទស្សនកិច្ច​នៅ​តាម​បណ្តា​ខេត្ត​ដែល​មាន​សក្តានុពល សម្របសម្រួល និង​រៀបចំ​កិច្ចប្រជុំ​ដើម្បី​អនុម័ត​សម្រេច​។ គម្រោង​នេះ​ក៏​នឹង​មាន​ភាគី​ពាក់ព័ន្ធ​សំខាន់​មាន​ជាអាទិ៍ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ ។​

​នា​ឱកាស​នេះ​លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ក្រុម​ការងារ​ពី​ការវិវឌ្ឍ​វិស័យ​កសិកម្ម​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ និង​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​ការធ្លាក់​ចុះ​កម្លាំង​ពលកម្ម​ដោយសារ​ការ​ធ្វើ​ចំណាកស្រុក តម្លៃ​ពលកម្ម​កើនឡើង ទិន្នផល​កសិកម្ម​នៅ​មាន​កម្រិត​ទាប​បើ​ធៀប​ជាមួយ​ប្រទេស​ជិតខាង ស្របពេល​ដែល​សេចដ្ឋកិច្ចជាតិ​មាន​កា​ររីកចម្រើន ចំនួន​ប្រជាជន​មាន​ការកើនឡើង ទីផ្សារ​កសិផល​លក្ខណៈ​ប្រកួតប្រជែង​ខ្លាំង ការវិនិយោគ​លើ​វិស័យ​នេះ​ក៏​នៅមានកម្រិត ខណៈ​ដែល​វិស័យ​នេះ​មាន​សក្តានុពល​ឬ​ឱកាស​សម្រាប់​ធ្វើ​ការវិនិយោគ​។

​​លោក​រដ្ឋមន្ត្រី​បាន​ជូន​អនុសាសន៍ ជា​គន្លឹះ​ដល់​ក្រុម​ការងារ​គម្រោង​របស់​ធនាគារ​ពិភព​លោ​ករួ​ម​មាន​៖

​ទី​១- គួរ​សិក្សា​និង​ធ្វើ​ការកែសម្រួល​លើ​ប្រព័ន្ធ​ស្រោចស្រប​កសិកម្ម ធ្វើ​យ៉ាង​ងាយស្រួល​ដល់​កសិករ​ក្នុងការ ប្រើប្រាស់ ដោយ​គួរតែ​សិក្សា​ពី​លទ្ធភាព​អាច​ទាញ​យក​ទឹក​ពី​ប្រភព​ទឹក​ដែល​មាន​ស្រាប់​ដូចជា​អាងទឹក ទន្លេ បឹង ត្រពាំង ឬ​អណ្តូង​។ គួរ​បង្កើន​សមត្ថភាព​ដល់​អ្នក​ប្រើប្រាស់​លើ​ការងារ​គ្រប់គ្រង​ទឹក ការប្រើប្រាស់​ទឹក​ឲ្យបាន​សមស្រប​។​

ទី​២-​គួរ​សិក្សា​ពី​លទ្ធភាព​នៃ​ការផ្លាស់ប្តូរ​មុខ​ដំណាំ គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ដាំ​ដុះ​ដំណាំ​ទៅតាម​តម្រូវការ​ទីផ្សារ សមស្រប​ទៅតាម​ស្ថានភាព និង​គុណភាព​ដី និង​លក្ខណៈ​អំណោយផល​ក្នុង​ការស្រោចស្រប​ទឹក​។​

​ទី​៣-​គួរ​សិក្សា​ពី​លទ្ធភាព​នៃ​ការអនុវត្ត​ពិពិធ​កម្ម​កសិកម្ម​ទំនើប​ដើម្បី​ធានាបាន​ទាំង​បរិមាណ និង​គុណភាព ដើម្បី​បង្កើន​ចំណូល​ក្នុង​គ្រួសារ ដែល​សមាជិក​ចេះតែ​កើនឡើង និង​កំណើន​សេដ្ឋកិច្ច មាន​កើនឡើង​ជា​រៀងរាល់ឆ្នាំ​។​

​ទី​៤-​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​កសិកម្ម​ទំនើប​ដែល​មាន​លក្ខណៈ​សមស្រប​ទៅតាម​លទ្ធភាព​និង​ស្ថានភាព​របស់​កសិករ ដើម្បី​ធានាបាន​នូវ​និរន្តរភាព​នៃ​ការផលិត និង​ការផ្គត់ផ្គង់​។​

ទី​៥-​គួរ​សិក្សា​ពី​យន្តការ​នៃ​ការផលិត​តាំងពី​ការជ្រើសរើស​ពូជ ការដាំដុះ បច្ចេកវិទ្យា​ក្រោយពេល​ប្រមូល​ផល ការដឹកជញ្ជូន ការ​ស្តុក​ទុក ឃ្លាំង​សម្ងួត ការកែច្នៃ និង​ការនាំចេញ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×