Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកទន្លេ​មេគង្គ​លើ បាន​ហក់​ឡើង​ខុសពី​កម្ពស់​ធម្មតា ធ្វើ​ឲ្យ​ស្ពាន​ប្រដឹស​ឫស្សី​កោះ​ប៉ែន របើក​ដាច់​ដោយ​កង់ៗ​

​កំពង់ចាម​ ៖ ទឹកទន្លេ​មេគង្គ​លើ​បាន​ហក់​ឡើង​ជាង​០,៥០​ម៉ែត្រ ខុសពី​កម្ពស់​ធម្មតា ធ្វើ​ឲ្យ​ស្ពាន​ប្រដឹស​ឫស្សី​កោះ​ប៉ែន របើក​ដាច់​ដោយ​កង់ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​នៅក្នុង​ប្រទេស​ឡាវ ដល់​កម្រិត​ជាង​៤០​មិ​លី្ល​ម៉ែត្រ និង​ធ្វើ​ឲ្យ​ទឹកទន្លេ នៅក្នុង​ប្រទេស​នេះ ហក់​ឡើង​ខ្ពស់ជាង​កម្ពស់​ទឹក​ធម្មតា ប្រមាណ​ជា​២,៦០​ម៉ែត្រ​។​

​បើតាម​ការផ្សាយ​របស់​រដ្ឋបាលខេត្ត​កំពង់ចាម នា​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ ២០១៩ លោក​គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​ទៅពិនិត្យ​មើល​ស្ពាន​ឫស្សី កោះ​ប៉ែន ដែល​កំពុង​រង​ការគំរាមកំហែង ដោយសារ​ការកើនឡើង​ទឹកទន្លេ​មេគង្គ ដែល​បណ្ដាលមកពី​នៅ​ភាគ​ខាងលិច ប្រទេស​ចិន ទទួលរង​គ្រោះ​ដោយ​ទឹកភ្លៀង ទើប​បណ្ដាល​ឲ្យ​ចរន្តទឹក​ទន្លេមេគង្គ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ការកើនឡើង​នេះ តាម​របាយការណ៍​រប​ស់​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា មាន​រយៈពេល​ប្រមាណ​ជាមួយ​សប្តាហ៍ នឹង​អាច​ស្រក​ទៅវិញ​។​

​ក្នុងឱកាស​នោះដែរ លោក គួច ចំរើន ក៏បាន​បញ្ជាក់​ផងដែរ​ថា ថ្វីដ្បិតតែ ទឹកទន្លេ​មេគង្គ កើនឡើង​ដែល​ធ្វើឱ្យប៉ះពាល់ ទៅដល់​ស្ពាន​ឫស្សី​នេះ ក៏ពិតមែន តែ​លោក​ក៏បាន​បញ្ជា​ឲ្យ​អ្នកជំនាញ ការជួសជុល​ស្ពាន​នេះ​ឡើងវិញ ដើម្បី​ឲ្យ​ទាន់​ស្របពេល​ពិធីបុណ្យ​ចូលឆ្នាំ​ចិន នាពេល​ខាងមុខនេះ ដែល​អាច​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ បានមក​មើល ឆ្លងកាត់ និង​ធ្វើដំណើរ​កម្សាន្ត​ទៅលេង​ឆ្នេរ​កោះ​ប៉ែន ។ ទោះជា​ការ​ហក់​ឡើង នៃ​ទឹកទន្លេ​មេគង្គ​នេះ ឡើង​ខ្ព​ស់ប​ន្ទិ​ច​មែន តែ​មិន​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការប្រកប​របប​ចិញ្ចឹមជីវិត របស់​បងប្អូន​នៅតាម​ដង​ទន្លេ​នោះទេ​។​

​លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​ក្រុម​អ្នក​ជួសជុល​ស្ពាន​ឫស្សី​នេះ ត្រូវខិតខំ​ធ្វើ ឲ្យ​ហើយដោយ​យកចិត្តទុកដាក់​ខ្ពស់ ពី​សុខ​សុវត្ថិ​ភព​ជា​ចម្បង​ផងដែរ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម បាន​ប្រាប់​ឲ្យ​ដឹងថា ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ខុស​ប្រក្រតី បានធ្វើ​ឲ្យ​ស្ពាន​ប្រដឹស​ឫស្សី​សម្រាប់​អ្ន​ទេសចរណ៍ ឆ្លង​ពី​ក្រុង​កំពង់ចាម​ទៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ដាច់ ខូច​អស់​ប្រវែង​ប្រមាណ​ជា​១០០​ម៉ែត្រ បន្ទាប់ពី​ទឹកទន្លេ​បាន​ឡើងជា​លំដាប់ ប្រហែល​មួយ​សប្តាហ៍ សរុប​ទឹក​ឡើង​ប្រហែល​០,៨០​ម៉ែត្រ ធ្វើ​ឲ្យ​លិច​ស្ពាន​នៅ​កន្លែង​ខ្លះ​មុននឹង​វៀច​ដាច់​។​

​ពាក់​ព​ន្ធ័​ទៅនឹង​ការ​ជន់​ឡើង​ខុស​ប្រក្រតី​នៃ​ទឹកទន្លេ​មេគង្គ​នេះ លោក​ម៉ៅ ហាក់ ជា​អគ្គនាយករង​បច្ចេក ទេស​រួមជាមួយ លោក​យិន សាវុធ ប្រធាន​នាយកដ្ឋាន​ជលសា​ស្ត្រ បាន​ប្រាប់​ឲ្យ​ដឹង នៅ​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៩​ថា ទឹកទន្លេ​មេគង្គ​នៅ​ខេត្តកំពង់ចាម ហក់​ឡើង​ខ្ពស់ជាង​ពេល​ធម្មតា ប្រមាណ​ជា​កន្លះ​មែត្រ​មិនមែន​ដោយ សារ​ការបើកទ្វារ​ទឹក របស់​វា​រី​អគ្គិសនី ណាមួយ​នៅ​កម្ពុជា​ទេ គឺ​ដោយសារ​មាន​ភ្លៀង​ធ្លាក់ ដល់​កម្រិត​៤៣​មិ​លី្ល​ម៉ែត្រ នៅក្នុង​ប្រទេស​ឡាវ​។ ភ្លៀង​នេះ​បានធ្វើ​ឲ្យ​ទឹកទន្លេ​ស្ថានីយ៍​លួង​ប្រ​បាង ឡើង​ខ្ពស់ជាង​ធម្មតា ដល់​ទៅ​២,៦០​ម៉ែត្រ កាលពី​ជាមួយ​សប្តាហ៍​មុន​។ ទឹក​នៅ​ខេត្តកំពង់ចាម​អាច​ឡើង​ថែម​បន្តិចទៀត មុន​ស្រក​ទៅវិញ​។ ថ្ងៃនេះ​ទឹក​មាន​កម្ពស់ ៤,៥៥​ម៉ែត្រ ៕ ដោយ ​៖ ​កូ​ឡាប​

×