ខេត្តស្វាយរៀង ៖ លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ម៉ី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងអមដំណើរដោយលោក គឹម សាវុធ ប្រធានមន្ទីរ និងលោក ណុប ទូច អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្វាយរៀងកាលពីថ្ងៃទី ២៣និង២៤ ខែមករា ឆ្នាំ ២០១៩ នេះបានអញ្ជើញចុះទៅពិនិត្យការងារអន្តរាគមន៍ និងចុះផ្សព្វផ្សាយអំពីសារាចរណែនាំរបស់រាជរដ្ឋាភិបាលដល់ឃុំចំនួន២ នៅខេត្តស្វាយរៀង គឺឃុំស្វាយយាស្វាយជ្រំ និងឃុំបន្ទាយក្រាំងស្រុកកំពង់រោទិ៍។
ការងារដែលគណៈប្រតិភូបានដាក់ផែនការឱ្យអនុវត្តបន្ទាន់ចំពោះមុខមាន ទី១.ការងារកាយវះពោះប្រឡាយស្ថិតនៅភូមិ កៀនតាស៊ីវ និងភូមិស្វាយជំរៅ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីជួយសង្គ្រោះស្រូវប្រាំងលើផ្ទៃដី ៣០៤ហ.ត ស្មើនឹងគ្រួសារ ៣៣៩គ្រួសារ ដែលមានប្រវែងចំនួន ៣៨០០ម៉ែត្រ។
ទី២.ការងារកាយវះពោះប្រឡាយ ស្ថិតនៅភូមិកែវជះ និងភូមិចន្ទ្រា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដើម្បីជួយសង្គ្រោះស្រូវប្រាំងលើផ្ទៃដី ២១៥ហ.ត ស្មើនឹង ១៦១គ្រួសារ ដែលមានប្រវែងចំនួន ១៣០០ម៉ែត្រ។
ដោយឡែកកាលពីសប្តាហ៍កន្លងទៅនេះ សាលាខេត្តស្វាយរៀងក៏បានបើកកិច្ចប្រជុំផ្សព្វផ្សាយនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្ដីពីការចាត់វិធានការរក្សាទឹកទុក ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលខេត្តនៃគណៈអភិបាលខេត្តស្វាយរៀង ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីផ្សព្វផ្សាយ ណែនាំអំពីការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព (ការធ្វើដំណាំស្រែប្រាំងទីពីរ) ចៀសវាងការខ្វះខាតទឹកប្រើប្រាស់នៅពេលខាងមុខផងដែរ ៕ ដោយ ៖ វ៉ៃគោ