ខេត្តកោះកុង ៖ ប្រជាពលរដ្ឋរស់នៅទីប្រជុំជនខេត្តកោះកុង បង្ហាញការព្រួយបារម្ភ លើបញ្ហាខ្វះទឹកស្អាតប្រើប្រាស់មិនបានគ្រប់គ្រាន់ នារដូវប្រាំងឆ្នាំនេះ ព្រោះជាច្រើនឆ្នាំមកហើយនៅរដូវប្រាំងចូលមកដល់ម្តងៗមូលដ្ឋាននេះតែងខ្វះទឹកប្រើប្រាស់។
ក្រុមប្រជាពលរដ្ឋ បានឲ្យដឹងថា កង្វះទឹកស្អាតប្រើប្រាស់ក្នុងមូលដ្ឋាននេះ គឺមិនមែនជាលើកទី១ទេ សម្រាប់ខេត្តកោះកុង ព្រោះតែង «ខ្វះទឹកសាប» សម្រាប់ផ្តល់ជូនពលរដ្ឋប្រើប្រាស់នៅក្នុងរដូវប្រាំង។
ប្រជាពលរដ្ឋបន្តថា ក្នុងឆ្នាំ២០១៩នេះ ទំនងជាក៏មិនខុសពីឆ្នាំមុនៗដែរ គឺកង្វល់ខ្វះទឹកស្អាតប្រើប្រាស់នេះ ធ្វើអោយប្រជាពលរដ្ឋ ក្នុងខេត្តកោះកុង មានកង្វល់យ៉ាងខ្លាំង។
ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ បានលើកឡើងថា ប៉ុន្មានថ្ងៃមកនេះ ប្រភពទឹកស្អាតកំពុងប្រឈមកង្វះខាតប្រើប្រាស់ ព្រោះក្រុមហ៊ុន ដែលផលិតទឹកស្អាតនោះ បានផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ មិនបានគ្រប់គ្រាន់ ដោយនៅតាមលំនៅដ្ឋាន របស់ប្រជាពលរដ្ឋតាមគ្រួសារនីមួយៗ បណ្តាញទឹកសាបបើកមិនចេញទឹកទេ។
ប្រជាពលរដ្ឋទៀតបន្តថា រាល់ថ្ងៃនៅក្នុងទីប្រជុំជនកោះកុង គឺមានផ្ទះប្រជាពលរដ្ឋមួយចំនួន គឺប្រព័ន្ឋផ្គត់ផ្គង់ទឹកបើកមិនចេញទឹកតែម្តង ជាពិសេសពលរដ្ឋមានលំនៅដ្ឋានស្ថិតក្នុងតំបន់ខ្ពស់ៗ គឺគ្មានទឹកប្រើប្រាស់តែម្តង។
ក្រុមប្រជាពលរដ្ឋ បានអះអាងថា សម្រាប់ទឹកសាបនៅខេត្តកោះកុង គឺត្រូវបានគេកាត់ផ្តាច់ ដោយចន្លោះ ពោលគឺមានទឹកប្រើប្រាស់គ្រប់គ្រាន់ នៅតាមប្លុកមួយចំនួនដូចជា៖ នៅតាមតំបន់ក្រុមហ៊ុន លីយ៉ុងផាត់ និងតាមរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសជាដើម ទើបមានទឹកប្រើប្រាស់គ្រប់គ្រាន់។
គួររំលឹកឲ្យដឹងថា កាលពីឆ្នាំ២០១៨កន្លងទៅ ដោយសារតែរដូវប្រាំង មានរយៈពេលវែង រីឯប្រភពផ្គត់ផ្កង់ទឹកស្អាត ក៏ចេះតែស្រកជាលំដាប់ ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងទីប្រជុំជនក្នុងក្រុងកោះកុង ខ្វះទឹកស្អាតប្រើប្រាស់ជាប្រចាំថ្ងៃ។
ប្រជាពលរដ្ឋ បញ្ជាក់ថា កាលនោះក្រុមហ៊ុន លី យ៉ុងផាត់ សម្រេចផ្គង់ទឹកស្អាត ដោយធ្វើការបិទ និងបើកប្រព័ន្ធបង្ហូរទឹកសាប ឬទឹកស្អាត មានពេលវេលាកំណត់ ក្នុងទីរួមខេត្តកោះកុង។
ប្រជាពលរដ្ឋ អះអាងទៀតថា ចំពោះការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់មិនបានគ្រប់គ្រាន់ ក្នុងក្រុងខេមរភូមិន្ទ និងទីប្រជុំជនផ្សេងៗទៀត នាខេត្តកោះកុង បានធ្វើអោយបាត់បង់ភ្ញៀវទេសរចូលមកស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង ជាបន្តបន្ទាប់ ដោយសារគ្មានទឹកស្អាតប្រើប្រាស់ ធ្វើអោយម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន និងតាមរមណីយដ្ឋានមួយចំនួនរអ៊ូរទាំ និងរិះគន់ការដឹកនាំរបស់រដ្ឋបាលខេត្តកោះកុង ថា មិនបានជួយគិតគូរឿងខ្វះទឹកប្រើប្រាស់ជារៀងរាល់ឆ្នាំ នារដូវប្រាំងចូលមកដល់ម្តងៗ។
ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋរស់នៅខេត្តកោះកុង បានសំណូមពរដល់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរស្ថាប័នពាក់ព័ន្ធជួយមានដំណោះស្រាយ ជូនប្រជាពលរដ្ឋជាបន្ទាន់ និងដោយអនុគ្រោះ ព្រោះតែពេលបច្ចុប្បន្ននេះ ខេត្តកោះកុង មិនមានទឹកស្អាត សម្រាប់ផ្តល់ជូនពលរដ្ឋប្រើប្រាស់ឲ្យបានគ្រប់ចំនួនទេ នៅរដូវប្រាំងឆ្នាំនេះ៕ ដោយ៖ ដែន សីមា