ខេត្តស្វាយរៀង៖ រថយន្ត RX330 មួយគ្រឿង ជារបស់ឪពុកបានត្រូវបុរសជាកូនលួចយកចង្កឹះសោរួចយករថយន្តបើកជិះយ៉ាងរំភើយហើយមិនត្រឹមតែជិះម្នាក់ឯងទេបុរសជាកូនបានទៅយកបុរសម្នាក់ផ្សេងទៀតដែលជាគូកនរបស់មកជិះជាមួយគ្រាន់បានជាគ្នាហើយបុរសម្នាក់នោះគឺមានដីកាឱ្យចាប់ខ្លួនពាក់ព័ន្ធទៅនិងបញ្ហាគ្រឿងញៀនថែមទៀតផង។
ហេតុការណ៍ដែលមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចខាងមុខវត្តខ្ជាយស្ថិតនៅភូមិខ្ជាយឃុំរមាំងថ្កោលស្រុកស្វាយទាបខេត្តស្វាយរៀង។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចបានឱ្យដឹងថា ៖ យុវជនម្នាក់រួមនិងគូកនម្នាក់ទៀតបានលួចយករថយន្តរបស់ឪពុកបើកមិនដឹងថាទៅណានោះទេព្រោះតែឪពុកខ្លាចប៉ះពាល់និងបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃក៏បានប្តឹងសមត្ថកិច្ចក្រុងបាវិតអោយជួយឃាត់តែពេលដែលសមត្ថកិច្ចដេញតាមពីក្រោយឃាត់នោះស្រាប់តែបន្ថែមល្បឿនរថយន្តលឿនដូចហោះធ្លាក់ប្រឡាយទឹកជាប់សាលារៀននិងរបងវត្តខ្ជាយទៅមុខលែងរួច។
បើតាមពលរដ្ឋបានឃើញហេតុការណ៍នេះបានប្រាប់អោយដឹងថា៖នៅមុនពេលកើតហេតុគេឃើញមានរថយន្ត RX330 ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AN 9931 ធ្វើដំណើរពីទិសខាងត្បូងទៅជើងដោយមានរថយន្តសមត្ថកិច្ចដេញតាមពីក្រោយ។ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើដោយផ្លូវនេះរាងកោងក៏រេចង្កូតមកខាងលិចផ្លូវធ្លាក់ចូលប្រឡាយត្រាំក្នុងទឹកទាំងម៉ាសុីនមិនទាន់រលត់ផងនោះ។
ដោយឡែកបើតាមសមត្ថកិច្ចស្រុកស្វាយទាបបានឲ្យដឹងថា៖ក្រោយបានទទួលពាក្យបណ្តឹងពីឪពុករបស់យុវជនខាងលើក៏សមត្ថកិច្ចចេញមកស្ទាក់លើផ្លូវជាតិលេខ១ ក៏ជួបប្រទះរថយន្តខាងលើនាំគ្នាដេញតាមហើយមកដល់ចំណុចក្លោងទ្វារវត្តខ្ជាយយុវជនខាងលើបត់ស្តាំសំដៅទៅទិសខាងជើង។ប្រភពបានបន្តឲ្យដឹងទៀតថា៖សមត្ថកិច្ចយើងដេញតាមលុះមកដល់ផ្លូវកោងដោយរថយន្តបើកលឿនពេកក៏ជ្រុលចង្កូតមកធ្លាក់ប្រឡាយទឹកតែម្តងក្រោយពីរថយន្តធ្លាក់នោះប្រឡាយរួចមកយុវជនទាំង២នាក់បានបើកទ្វាររថយន្តរត់ចេញទៅវត្តតែត្រូវពលរដ្ឋដេញចាប់បានប្រគល់សមត្ថកិច្ច។
សមត្ថបានឲ្យដឹងទៀតថា៖ឪពុកយុវជនខាងលើមានឈ្មោះ ចាន់ ណាវី មានទីលំនៅភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត។យុវជនបង្កខាងលើមានឈ្មោះ ចាន់ សុខកា អាយុ ២៨ឆ្នាំមុខរបរនៅផ្ទះមើលកូនមានប្រពន្ធប្រកបមុខរបរធ្វើសក់និងកូនប្រុសមួយរស់នៅក្នុងសង្កាត់បាវិតក្រុងនិងអ្នករួមដំណើរជាមួយមានឈ្មោះ អាតឿ អាយុ ជាង២០ឆ្នាំ។
ក្រោយពីបង្កហេតុរួចមកសមត្ថកិច្ចធ្វើឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីធ្វើតេសទឹកមូតជាលទ្ធិផលគឺមានសាធាតុញៀនទាំង២នាក់។ចំណែករថយន្តខូចខាតផ្នែកខាងបន្តិតបន្តួចត្រូវបានសមត្ថកិច្ចប្រគល់ឲ្យម្ចាស់រថយន្តដែលជាឪពុកយកទៅជួសជុលវិញ។
សូមបញ្ជាក់ថា បុរសដែលជាគូកនខាងលើ(អាតឿង) ត្រូវបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀនដោយសារមានដីកាពីសមត្ថកិច្ចពាក់ព័ន្ធនិងករណីគ្រឿងញៀន ៕ ដោយ ៖ វ៉ៃកូ