ភ្នំពេញ៖ ប្រធានព្រឹទ្ធិសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីបង្កើនប្រសិទ្ធិភាពការងារជូនពលរដ្ឋតាមមូលដ្ឋាន។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានស្នើឲ្យសមាជិកទាំងអស់បញ្ចេញយោបល់ឲ្យចំនូវចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីរួមគ្នាដោះស្រាយ។
លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈផេកហ្វេសប៊ុកនៅថ្ងៃទី៨កុម្ភៈនេះ បានថ្លែងថា ខ្ញុំបានធ្វើការរាយការណ៍ការងារសន្តិសុខ ការរៀបចំសណ្តាប់ធ្នាប់ និងបញ្ហាសំខាន់ជាច្រើនជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងអង្គប្រជុំដូចជា៖ បញ្ហាសន្តិសុខដែលពលរដ្ឋចង់បាន គឺ ការបង្ក្រាបករណីឆក់ ដោយគ្រាន់តែនៅក្នុងខែមករានេះ មានករណីឆក់១៥លើក ហើយអាចបង្ក្រាបបាន១៤លើក ដូច្នេះការបង្ក្រាប បានស្ទើមួយរយភាគរយ។ បញ្ហាគាស់ផ្ទះ ក៏បានបង្ក្រាបទាន់ពេលវេលាយ៉ាងច្រើន ហើយមុខសញ្ញាគាស់ផ្ទះភាគច្រើនពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀន ហើយដោះស្រាយបញ្ហានេះបាន ត្រូវចូលរួមច្រើនភាគី មិនមែនតែមួយស្ថាប័នឡើយ ដូចជា ត្រូវចូលរួមអប់រំពីគ្រួសារ អប់រំពីសាលា ដើម្បីកុំអោយឈានដល់ការប្រើប្រាស់គ្រឿងញៀន។ អំពើហិង្សា និងការបាញ់បោះសេរីដែលភាគច្រើនកើតចេញពីការហូបគ្រឿងស្រវឹង សមត្ថកិច្ចតាមមូលដ្ឋានបានចាប់ប្រគល់អោយផ្លូវច្បាប់ដោះស្រាយតាមនីតិវិធី។ ពលរដ្ឋទៅប្តឹង មន្ត្រីប៉ុស្តិ៍មួយចំនួន មិនទទួលរាក់ទាក់ ខ្ញុំក៏បានលើកបញ្ហានេះនៅពេលប្រជុំ ដើម្បីមន្ត្រីនគរបាលទាំងនោះ លុបបំបាត់ឥរិយាបថមិនយកចិត្តទុកដាក់ជាមួយពលរដ្ឋ ហើយ ការធ្វើល្អជាមួយពលរដ្ឋតាមមូលដ្ឋាន នឹងជួយបង្កើនពិន្ទុល្អសម្រាប់រាជរដ្ឋាភិបាល។
វេនចាំបញ្ជានៅស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ក៏រៀបចំអោយមានប្រចាំថ្ងៃ ព្រោះ ពេលមានបញ្ហាពលរដ្ឋមកប្តឹង យើងដោះស្រាយតាមលទ្ធភាព និងមានបញ្ហាផ្សេង ស្នងការអាចអន្តរាគមន៍ភ្លាមៗ ។ បញ្ហាឃាតកម្ម និងប្លន់ ក៏បានប្រឹងប្រែងដោះស្រាយ។ បញ្ហាកកស្ទះចរាចរណ៍ កើតឡើងដោយសារបញ្ហាកង្វះកងកម្លាំង ការមិនគោរពច្បាប់ចរាចរណ៍ និងការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ មិនទាន់ឆ្លើយតបកំណើនពលរដ្ឋ។ ការជិះបញ្ច្រាស និយាយទូរស័ព្ទពេលបើកបរ និងជិះមិនប្រកាន់ស្តាំ នៅតែកើតមាន ហើយបញ្ហានេះ នឹងមានការរឹតបន្តឹងនាពេលខាងមុខ។ រថយន្តធុនធំចូលក្រុងខុសម៉ោង ត្រូវបានដោះស្រាយ ដោយយើងមានទីតាំងស្តុករថយន្តដែលចាប់បានរាប់សិបគ្រឿង។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំអោយមានកងអន្តរាគមន៍ពិសេសសម្រាប់ដោះស្រាយបញ្ហាកកស្ទះ ដោយបង្កើតអោយមាន៣ក្រុម ១ក្រុមមាន១០នាក់ ដើម្បីពង្រាយនិងចល័តទៅគ្រប់គោលដៅដែលស្ទះខ្លាំងភ្លាមៗ និងដើម្បីរួមចំណែកលុបបំបាត់គ្រឿងញៀន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើរបាយការណ៍តាមផ្ទះសំណាក់ ផ្ទះជួលដែលគ្មានច្បាប់សំណង់អាណាធិបតេយ្យ ៕ ដោយ៖កូឡាប