ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចចម្រុះបានបង្ក្រាបបទល្មើសគ្រឿងញៀន ៧.៥៩១ករណី ឃាត់ខ្លួនមនុស្សចំនួន ១៦.៦៥០នាក់ (ស្រី១៤៩២នាក់) រឹបអូសគ្រឿងញៀន គ្រប់ប្រភេទ ១៦៨គីឡូក្រាម និង៧០៣,៥៧ក្រាម និង១.៤២២កញ្ចប់ កញ្ឆាក្រៀម ៨៩គីឡូក្រាម និង១៥ក្រាម និង ២៣៤.២៨៣ដើម។ ករណីនេះ គឺបានកើនឡើងជាងឆ្នាំ២០១៦កន្លងទៅ។
លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា រាជរដ្ឋាភិបាលថៃ បានសម្រេចផ្តល់ជំនួយឥតសំណង ជាង៣៨លានបាត(ប្រមាណ១.១៥០.០០០ដុល្លារ) ដើម្បីសាងសង់ មជ្ឈមណ្ឌលជាតិព្យាបាលអ្នកញៀនគ្រឿងញៀន។ លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ បានសន្យាបន្តសហការគ្នាគ្រប់ពេលវេលាក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀននៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងសាងសង់មជ្ឈមណ្ឌលជាតិបន្សាបគ្រឿងញៀនដ៏ធំ ដោយមានទំហំដី២០ហិកតានៅខេត្តព្រះសីហនុ ហើយមិនយកសេវាពីអ្នកញៀន ។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីពិធីប្រគល់និងទទួលជំនួយរបស់ព្រះរាជាណាចក្រថៃ សម្រាប់គម្រោងកម្ពុជា-ថៃ ស្តីពីការពង្រឹង និង ជម្រុញកិច្ចសហប្រតិបត្តិការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ប្រាជីន ជុនទុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ និងលោក កៅ ខុនដារ៉ា ប្រធានស្តីទីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ថ្លែងនៅក្នុងពិធីនោះដែរ លោក នាយឧត្តមសេនីយ៍ ប្រាជីន ជុនទុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃបានលើកឡើងថា ប្រទេសថៃគាំទ្រជានិច្ច ក្នុងកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយកម្ពុជា ក្នុងការលុបបំបាត់និងទប់ស្កាត់បទល្មើសគ្រឿងញៀន ហើយថា ថៃនឹងបន្តជួយដល់កម្ពុជាបន្ថែមទៀតនូវសម្ភារៈផ្សេងៗសម្រាប់ទប់ស្កាត់នូវគ្រឿងញៀន និងឧបករណ៍ សម្រាប់បន្សាបគ្រឿងញៀន។
លោក កៅ ខុនដារ៉ា ប្រធានស្តីទីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា ក្នុងពេលបច្ចុប្បន្ននេះ មានអ្នកញៀនថ្នាំនៅប្រទេសកម្ពុជាប្រមាណជាង២ម៉ឺននាក់ ហើយបន្ទាប់ពីធ្វើការសាងសង់នូវមជ្ឈមណ្ឌលជាតិបន្សាបគ្រឿងញៀននេះរួចហើយ រំពឹងថា ការព្យាបាលជនរងគ្រោះពីគ្រឿងញៀន នឹងទទួលបានភាពវិជ្ជមាន៕ ដោយ ៖ បញ្ញាស័ក្តិ