ភ្នំពេញ ៖ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានបដិសេធនឹងសារព័ត៌មាននានា ដែលចុះផ្សាយថាកម្ពុជាមានគម្រោងបង្ហោះផ្តាយរណបរបស់ខ្លួនជាលើកដំបូងនៅឆ្នាំ ២០២១។
ការបដិសេធរបស់លោក ឈុំ សុជាត គឺធ្វើឡើងក្រោយពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងក្រសួងព័ត៌មានចុះផ្សាយពីព័ត៌មាននេះដំបូងគេដោយអះអាងថា ជាការ លើកឡើងរបស់លោក ហើយក៏ត្រូវបានសារព័ត៌មានផ្សេងៗ ក្នុងស្រុកស្រង់យកទៅចុះផ្សាយបន្តក្នុងនោះមានសារព័ត៌មានថ្មីៗផងដែរ ។ អ្នកនាំពាក្យរូបនេះមានការងឿងឆ្ងល់ នៅពេលសារព័ត៌មានចុះផ្សាយបែបនេះ ទាំងដែលលោកមិនបាននិយាយ ។
តាមរយៈសារលើទំព័រហ្វេសប៊ុក លោកបានសរសេរបែបនេះថា ៖ «ខ្ញុំមានការងឿយឆ្ងល់បន្តិចដែរ ដែលឃើញសារព័ត៌មានមួយចំនួន បានចុះផ្សាយបន្តគ្នាថា ខ្ញុំបានធ្វើអត្ថាធិប្បាយទាក់ទងនឹងគម្រោងបង្ហោះប្រព័ន្ធផ្កាយរណបរបស់កម្ពុជានាថ្មីៗនេះ។ ទោះបីជារឿងនេះជារឿងវិជ្ជមានក៏ពិតមែន ប៉ុន្តែខ្ញុំសូមស្នើឱ្យសារព័ត៌មានមួយចំនួននោះ ធ្វើការកែតម្រូវឡើងវិញ ដែលរូបខ្ញុំផ្ទាល់ ក្នុងឆ្នាំ២០១៩នេះ មិនដែលបាននិយាយអំពីរឿងនេះជាមួយសារព័ត៌មាន ឬនៅក្នុងវេទិកាណាមួយទាល់តែសោះ។ ខ្ញុំយល់ថា អ្នកសារព័ត៌មានដែលសរសេររឿងនេះ អាចទំនងមានការភាន់ច្រឡំចំពោះប្រភពដែលផ្តល់ព័ត៌មានខាងលើនេះ»។
សូមបញ្ជាក់ថា AKP នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានផ្សាយថា មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានថ្លែងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះថា នៅប៉ុន្មានឆ្នាំខាងមុខនេះ ប្រទេសកម្ពុជាមានគម្រោងបង្ហោះប្រព័ន្ធផ្កាយរណប ដើម្បីសម្រួលដល់ការគ្រប់គ្រងខាងផ្នែកសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងការគ្រប់គ្រងនូវសន្តិសុខតាមបណ្តោយព្រំដែនជាមួយបណ្តាប្រទេសជិតខាង ។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ថា នៅពេលដែលប្រទេសកម្ពុជាមានប្រព័ន្ធផ្កាយរណបផ្ទាល់ខ្លួននោះ វានឹងជួយសម្រួលដល់ ការងារបានច្រើននៅក្នុងវិស័យការពារប្រទេសពិសេសការគ្រប់គ្រងបានល្អលើផ្នែកសន្តិសុខជាតិសណ្ដាប់ធ្នាប់ការគ្រប់គ្រងបានល្អនូវសន្តិសុខតាមបណ្តាព្រំដែនជាមួយ ប្រទេសជិតខាង។ បច្ចុប្បន្ននេះបើសិនត្រូវការតាមដានសន្តិសុខសង្គមឫក៏បញ្ហាព្រំដែនគឺតម្រូវទិញទិន្នន័យពីផ្កាយរណបបរទេស ដូច្នេះរាល់ការសម្ងាត់ខ្លះៗរបស់យើងពិបាកក្នុងការលាក់បាំងពីម្ចាស់ប្រព័ន្ធផ្កាយរណបរបស់គេណាស់ ហើយការជួលនោះក៏មានតម្លៃខ្ពស់ថែមទៀត។
គម្រោងនេះគឺជាការលើកឡើងរវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនមួយរបស់ប្រទេសចិនក្រោមការសម្របសម្រួលដោយក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ដែលគ្រោងនឹងបង្ហោះប្រព័ន្ធផ្កាយរណបនៅក្នុងឆ្នាំ២០២១ ខាងមុខនេះ។
លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនៃនិយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា ទំហំវិនិយោគនៃការបាញ់បង្ហោះផ្កាយរណបផ្ទាល់ខ្លួនរបស់កម្ពុជា នេះអាចមានទឹកប្រាក់ ប្រមាណជា១៥០លានដុល្លារអាមេរិក ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងរាជរដ្ឋាភិបាលកម្ពុជា ៕ ដោយ៖កូឡាប