ភ្នំពេញ ៖ ឧត្ដមសេនីយ៍ឯក ស ថេត បានថ្លែងថា ជឿថាមានប្រជាពលរដ្ឋខ្មែរ ជាអ្នកធ្វើដំណើរមិនតិចនាក់ទេ ធ្លាប់ភ្ញាក់ព្រើត ឡើងព្រលឹងចុះទៅដកព្រលិតឲ្យតែពេលសមត្ថកិច្ចពួនចាំស្ទាក់ម្ដងៗ ។
បើតាមទំព័រហ្វេសប៊ុក ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជាធានីភ្នំពេញ បានថ្លែងថា
មូលហេតុដែលប៉ូលិសពួនចាំស្ទាក់ ព្រោះមិនចង់ឲ្យអ្នកល្មើសនឹងចរាចរណ៍ឃើញហើយ ជិះគេចទាន់ ទើបពួនៗក្បែរដើមឈើ ហើយចេញផ្លុំកញ្ចែច្រាច់តែម្ដង។ តែពេលនេះលែងមានសកម្មភាពប៉ូលិសពួនស្ទាក់ចាំចាប់ទៀតហើយ។
ក្នុងចំណោមគោលការណ៍ជាច្រើនចំណុច ដែលមានចែងនៅក្នុងតួនាទីរបស់ក្រុមអន្តរាគមន៍ពិសេសដោះស្រាយរឿងកកស្ទះនៅភ្នំពេញ ដែលទើបតែបង្កើតឡើង ក៏បានដាក់ចេញមួយចំណុចដ៏គួរឲ្យចាប់អារម្មណ៍ គឺលុបបំបាត់សកម្មភាពពួនស្ទាក់ដើម្បីចាប់អ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍ ពីសំណាក់សមត្ថកិច្ច។
លោកស្នងការបាននិយាយថា “សម្រេចបង្កើតក្រុមអន្តរាគមន៍ពិសេស សម្រាប់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ចំនួន៣ក្រុម ដោយមានការឯកភាពពីគណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ ក្រុមនេះ នឹងចល័តទៅគ្រប់គោលដៅ ដែលមានការកកស្ទះខ្លាំងរៀងរាល់ថ្ងៃ។ ទប់ស្កាត់ការជិះបញ្ច្រាសនៅម៉ោងកកស្ទះ។ សុំឲ្យកម្លាំងសម្រួលចរាចរណ៍ ពេលស្ទះខ្លាំងឲ្យបានធូរស្បើយ មិនត្រូវឈរលើថ្នល់មើលការកកស្ទះឡើយ។ ត្រូវជិះម៉ូតូចល័ត ទៅគ្រប់កន្លែងដែលស្ទះ ហើយសម្រួលដោះស្រាយបញ្ហាស្ទះភ្លាមៗ។ ត្រូវត្រៀមខ្លួនជានិច្ច នៅតាមច្រកចេញរាជធានីភ្នំពេញ នៅពេលមានពិធីបុណ្យជាតិសំខាន់ៗ។ ត្រូវលុបបំបាត់សកម្មភាពពួនស្ទាក់ដើម្បីចាប់អ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍។ នឹងមានបំប៉នវគ្គសិក្សា ដល់មន្ត្រីនគរបាលចរាចរណ៍។ មិនត្រូវពិន័យលើសការកំណត់។ មិនត្រូវឆ្លើយដាក់កូនចៅពេលមានបញ្ហា។ ត្រូវកែជាបន្ទាន់នៅ ពេលពលរដ្ឋបត់ស្តាំទោះស្តុបឡើងពណ៌ក្រហមក៏ដោយ មិនត្រូវពិន័យឡើយ”៕ ដោយ ៖ កូឡាប