ខេត្តស្វាយរៀង ៖ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ បានស្លាប់កាលពីវេលម៉ោងប្រហែលជា៤និង៣០នាទី ល្ងាចថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រោយពេលដែលក្មេងស្រីរងគ្រោះត្រូវបានសត្វឆ្មាឡើងមួយក្បាលបានខាំកែងជើងខាងឆ្វេងរបស់នាងកាលពីចុងខែធ្នូ ឆ្នាំ២០១៨ ខណៈពេលដែលរូបនាងនៅផ្ទះរបស់ខ្លួនហើយសត្វឆ្វានោះក៏ជាសត្វដែលចិញ្ចឹមនៅផ្ទះតែម្តងនេះបើតាមការឱ្យដឹងពីសំណាក់ស្ត្រីឈ្មោះគឹម ពិសី អាយុ ៣៨ ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រហើយត្រូវជាម្តាយរបស់ក្មេងស្រីរងគ្រោះនៅព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៩នេះ។
ប្រភពដដែលបានបន្តថា ៖ រូបគាត់មានប្តីឈ្មោះ ទាវ បូរ៉ា មានអាយុ ៣៧ឆ្នាំ មានមុខរបរជាកម្មករសំណង់ សព្វថ្ងៃរស់នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិតខេត្តស្វាយរៀង មានកូនស្រីចំនួន២នាក់នៅក្នុងបន្ទុកបហើយកូនស្រីដែលត្រូវសត្វឆ្មាខាំបណ្តាលឱ្យស្លាប់នោះឈ្មោះ ទាវ វុត្តី អាយុ ១១ឆ្នាំ សព្វថ្ងៃរៀននៅថ្នាក់ទី៤ ។
ស្ត្រីជាម្តាយបានឱ្យដឹងទៀតថាៈក្នុងកំឡុងខែធ្នូឆ្នាំ២០១៨កន្លងទៅកូនស្រីទី២ របស់គាត់ត្រូវបានសត្វឆ្មាខាំ
ប៉ុន្តែពួកគាត់មិនបានយកមកចាក់ថ្នាំការពារនៅមន្ទីរពេទ្យប៉ាស្ទ័រទេ គឺចាក់ថ្នាំការពារនៅក្នុងភូមិ ចាប់តាំងពីចាក់ថ្នាំមកក្មេងស្រីពុំមានអាការៈអ្វីនោះទេ ក៏ប៉ុន្តែរហូតមកដល់ថ្ងៃទី១២ខែកុម្ភះឆ្នាំ២០១៩អាការៈក្មេងស្រីមានលក្ខណៈគ្រុនក្តៅខ្លួនខុសប្លែកពីធម្មតាហើយសភាពជំងឺកាន់តែធ្វើទុកខ្លាំងហើយពួកគាត់ ក៏បានយកទៅវៀតណាមក្រោយពីការពិនិត្យឈាមរួចមកគ្រូពេទ្យបានក៏បានចាក់ថ្នាំឱ្យមួយម្ជុលនិងព្យួរសឺរ់ូមមួយកូនដបហើយបានប្រាប់ពួកគាត់ថាៈ ពេទ្យ គ្មានលទ្ធភាពទេ ត្រូវបញ្ជូនកូនរបស់គាត់មកផ្ទះវិញឱ្យប្រញាប់ពីព្រោះមេរោគវាបានជ្រាបចូលពេញរាងកាយអស់ទៅហើយ។
ដោយមិនអស់ចិត្តក្រុមគ្រួសាររបស់គាត់ក៏បានបញ្ជូនពីខេត្តតៃនិញប្រទេសវៀតណាមទៅកាន់វិទ្យាស្ថានប៉ាស្ទ័រនៅភ្នំពេញជាបន្តទៀត តែជាការសោកស្តាយគឺមិនអាចជួយសង្គ្រោះជាតិជីវិតបានទេដោយលោកគ្រូពេទ្យបានប្រាប់ថាហួសពេលហើយគឺជំងឺកូនរបស់គាត់ដល់ដំណាក់កាលចុងក្រោយហើយ សូមប្រញាប់បញ្ជូនកូនមកផ្ទះវិញព្រមទាំងត្រៀមរៀបចំចាត់ចែងធ្វើបុណ្យទៅ។
ប្រភពដដែលបានបន្តទៀតថាៈដោយលឺលោកគ្រូពេទ្យប្រាប់ដូច្នេះក្រុមគ្រួសាររបស់គាត់ក៏បានជួលរថយន្តឈ្នួលជិះពីភ្នំពេញមកផ្ទះវិញហើយនៅលើរថយន្តឈ្នួលនោះកូនរបស់គាត់មានសភាពនិយាយរវើរវាយជាបណ្តើរៗលុះមកដល់ម្តុំជ្រោយដងស្រុកគៀនស្វាយខេត្តកណ្តាលដោយឃើញសភាពបែបនេះម្ចាស់រថយន្តឈ្នួលក៏បានឱ្យក្រុមគ្រសារគាត់រករថយន្តសង្គ្រោះរបស់មន្ទីរពេទ្យជិះវិញគ្រាន់តែផ្លាស់ប្តូររថយន្តជិះបានបន្តិចកូនរបស់គាត់ក៏បានក្អួតធ្លាក់ឈាមហើយក៏បានដាច់ខ្យល់ស្លាប់នៅលើរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យនៅតាមផ្លូវតែម្តងទៅ។
សូមរំលឹកឡើងវិញថា ៖ បន្ទាប់មានការបង្ហោះតាមរយៈ facebook ថា មានក្មេងស្រីអាយុ១១ឆ្នាំត្រូវសត្វឆ្មាខាំក្រញៅ បានឆ្លងជំងឺ ហើយអាការៈប្រកាច់ៗ ទាញៗ កន្ត្រាក់ដូចសត្វឆ្មាបានស្លាប់បាត់បង់ជីវិត កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញនេះហើយនៅព្រឹកថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០១៩នេះក្រុមអ្នកសារព័ត៍មានបានចុះទៅដល់ផ្ទះរបស់ក្មេងស្រីរងគ្រោះដើម្បីបង្ហាញឲ្យដឹងពីដំណើរសាច់រឿង ៕ ដោយ ៖ វ៉ៃកូ