កណ្តាល ៖ នគរបាលស្រុកពញាឮ បានឲ្យដឹងថា មានករណីអំពើលួច គាស់ផ្ទះ យកអស់ទ្រព្យសម្បត្តិសរុប២៦.៣៥០ដុល្លារ បន្ទាប់ពីដាក់ប្រាក់ក្នុងថតគ្រែក្បាលដំណេក រួចជនរងគ្រោះក៏ចេញពីផ្ទះបាត់ទៅ។ កើតហេតុ
ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់ នៅចំណុចផ្ទះឈ្មោះ រស់ ហ៊ុន ភេទប្រុស ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះ គ្រោះរស់ ហ៊ុន ភេទប្រុស អាយុ៤៧ឆ្នាំជនជាតិខ្មែរ មុខរបរ គួកជេរដី មានទីលំនៅភូមិ-ឃុំកើតហេតុ ។
ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ។ សម្ភារ បាត់បង់មាន ៖ មាសប្រភេទខ្សែដៃ ២ខ្សែ ទម្ងន់ ៣ដំឡឹង ប្រាក់ដុល្លារ ២៦.៣៥០ដុល្លារ ។ វត្ថុតាចាប់យក ៖ ១-បន្ទះដែកតាន់១កំណាត់ទំហំមុខកាត់១០សង់ទីម៉ែត្រ ប្រវែង១.៥៥ម៉ែត្រ (របស់ជនរងគ្រោះ)ដែលជនសង្ស័យយកធ្វើសកម្មភាព ។ ២-កន្ត្រៃដែក០១ដងស្រោបជ័រពណ៌ក្រហម ។
នៅថ្ងៃកើតហេតុ វេលាម៉ោង៥និង៤៥នាទី ប្រពន្ធរបស់ជនរងគ្រោះឈ្មោះគង់ កុសល និងកូនបាននាំគ្នាចេញពីផ្ទះទៅលក់បាយនៅក្នុងរោងចក្រចំណី សត្វ ក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ចំណែក ប្តីនៅមិនទាន់ទៅទេ គឺនៅរៀបចំទុកប្រាក់ដុល្លារ បានមកពីការទិញលក់ដី នៅក្នុងថតគ្រែក្បាលដំណេក២ម៉ឺនដុល្លារ បន្ថែមលើប្រាក់ដុល្លារ ដែលមានក្នុងថតគ្រែនោះស្រាប់៦.៣៥០ដុល្លារ សរុប២៦.៣៥០ដុល្លារ បន្ទាប់ពីដាក់ប្រាក់ក្នុងថតគ្រែក្បាលដំណេក រួចជនរងគ្រោះក៏ចេញពីផ្ទះបាត់ទៅ ។
រហូតដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃ ខែ ឆ្នាំ ដដែល ជនរងគ្រោះបានយកបាយមកដាក់ឲ្យឆ្កែស៊ីនៅផ្ទះ ស្រាប់តែឃើញទ្វារផ្ទះបាយ ខាងក្រោយដាច់សោរបើក ភ្លាមនោះជនរងគ្រោះដើរមើលជុំវិញផ្ទះ បានឃើញចំរ៉ឹងបង្អួចផ្ទះជាន់ក្រោមផ្ទាល់ដី ផ្នែកខាងត្បូង មានស្នាមគាស់បាក់ ២ចំរ៉ឹង បន្ទាប់មកជនរងគ្រោះបានចូលក្នុងផ្ទះឃើញសោរទ្វារឡើងជណ្តើរជាន់លើមានស្នាមបាក់ត្រចៀក ទ្វារម្ខាង និងទ្វារបន្ទប់របស់ជនរងគ្រោះដេកមានស្នាមគាស់បំបែកសោរទ្វារចូលក្នុងបន្ទប់រុះរើសម្លៀកបំពាក់និងគាស់សោរថតក្បាលគ្រែ កន្លែងជនរង គ្រោះដាក់គ្រឿងអលង្ការនិងប្រាក់ដុល្លារខាងលើ។ ភ្លាមនោះដែរជនរងគ្រោះ បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលពញាឮ រួចហើយកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ ចុះពិនិត្យកន្លែងកើតហេតុ សាកសួរជនរងគ្រោះនិងបន្តការ ស៊ើបអង្កេតស្រាវជ្រាវបន្ត៕ ដោយ ៖ កូឡាប