បាត់ដំបង ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានបង្កើតគណៈកម្មាធិការ ដើម្បីត្រួតពិនិត្យបឋមទៅលើគ្រឿងញៀន ដែលបានដកហូតពីជនសង្ស័យ ដោយមានការចូលរួមពីលោកព្រះរាជអាជ្ញា ប៉ង់ ចាន់សុយុទ្ធារ៉ា, លោកក្រឡាបញ្ជី យី សុភាព, មន្ត្រីជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស, មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង និងបានបំពេញនីតិវិធីបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់តុលាការនារសៀលថ្ងៃដដែល។
សូមបញ្ជាក់ថា៖ នៅវេលាម៉ោង ១១ព្រឹក នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង ឋិតក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ត្រង់ចំណុចក្រុមទី៨ ភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង និងដកហូតវត្ថុតាង ថ្នាំញៀនសរុបទម្ងន់ ១៥,៨គីឡូក្រាម ក្នុងនោះ ៖ ប្រភេទថ្នាំញៀនម្សៅក្រាមពណ៌សថ្លារឹង (ទឹកកក) មានទម្ងន់ ៩,៧០ គីឡូក្រាម និងថ្នាំគ្រាប់ ប្រភេទ (WY) ទម្ងន់ ៦,១០ គីឡូក្រាម៕ ដោយ ៖ កូឡាប