សួនសត្វមួយនៅជ្រលង Gaza ប្រទេស Palestine ថ្មីៗនេះបានសម្រេចឲ្យក្រុម ពេទ្យសត្វរបស់ខ្លួនកាត់ក្រចកតោឈ្មោះ Falestine អាយុ ១៤ខែចោលអស់ ។ មូលហេតុគឺដើម្បីក្មេងៗអាចប្រឡែងលេងបាន! ។
ម្ចាស់សួនសត្វ Mohammed Jumaa អាយុ ៥៣ឆ្នាំ ឲ្យដឹងថា ឥឡូវក្មេងៗអាចឈរក្បែរទ្រុងប្រឡែងលេងបាន ព្រោះវាពុំអាចបង្កស្នាមរបួសដល់ពួកគេ…។
តោ Falestine ក្រោយត្រូវកាត់ក្រចកចេញក្រុមគ្រូពេទ្យថ្លែងថា គេប្រឹងកាត់ឲ្យដល់គល់ ដើម្បីវាមិនងាយដុះមកវិញ ។ ប៉ុន្តែតោកំសត់ គ្រាប្រឹងលោតតោងដើមឈើ ឥឡូវត្រូវ…ធ្លាក់មកដី ។ វានៅស្ងៀម ហើយស្រពាប់ស្រពោន ដោយសារពុំអាចលោតហក់ដូចមុនបានទៀត ។
នៅពេលរឿងរ៉ាវនេះបែកធ្លាយដល់បណ្តាញសង្គម វាបានរងការជេរប្រទេចយ៉ាងចាស់ដៃ ។
– “ឃោរឃៅម្លេះ! ក្មេងៗវាត្រូវការមើលសត្វ ពុំមែនលេងជាមួយសត្វទាំងអស់នោះទេ!” ។
– “នេះគឺជាទង្វើដ៏ព្រៃផ្សៃមួយ!” ។
– “ហេតុអ្វីមិនដកក្រចកបុគ្គលិកសួនសត្វទាំងនោះ? សួរពួកគេមើល បើគ្មានក្រចកមានអារម្មណ៍បែបណា?” ៕ ចន្ទ្រា