កោះកុង ៖ ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី១៥ខែកុម្ភៈនេះថា សកម្មភាពមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ដឹកទឹកចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតទឹកប្រើប្រាស់ជាខ្លាំង នៅភូមិចំនួន ០៤ ក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។
សូមជម្រាបជូនថា ក្រុងខេមរភូមិន្ទ បានប្រឈមនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់ ខណៈអាងទឹកតាប៉ន ដែលជាប្រភពទឹកដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់ឱ្យការផលិតទឹកស្អាត ចាប់ផ្តើមរីងខះ ។ អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរ និងអង្គភាពជំនាញ កំពុងទាញយកទឹកពីអាងទឹកមួយកន្លែងទៀត ស្ថិតនៅក្រោយព្រលានយន្តហោះ មកផ្គត់ផ្គង់ឲ្យការផលិតជំនួសវិញ ។
ទន្ទឹមនឹងការប្រឈមខាងលើ តំបន់មួយចំនួនក្នុងក្រុង ត្រូវបានផ្អាកការផ្គត់ផ្គង់ទឹកស្អាតជាបណ្តោះអាសន្ន ក្នុងនោះក៏មានភូមិចំនួន ០៤ របស់សង្កាត់ដងទង់ផងដែរ ។ ឆ្លើយតបនឹងបញ្ហានេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ចេញរថយន្តដឹកទឹក ដែលក្រសួងបានផ្តល់ឲ្យសម្រាប់ត្រៀមចូលរួមដោះស្រាយទឹកប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមក មកដឹកទឹកចែកជូនប្រជាពលរដ្ឋនៅតំបន់នោះ ។ ការដឹកទឹកនេះ បានធ្វើឡើងតាំងពីថ្ងៃទី ១២ មកម្ល៉េះ ហើយមន្ទីរនឹងបន្តដឹករហូតដល់ប្រជាពលរដ្ឋនៅតំបន់នោះ ទទួលបានការផ្គត់ផ្គង់ទឹកស្អាតឡើងវិញ ។
គួររំលឹកផងដែរថា ក្រៅពីវិធានការនាំទឹក បូមទឹក ជីកស្រះ ខួងអណ្តូង… ក្រសួងធនធានទឹក និងឧតុនិយម ក៏បានត្រៀមនូវរថយន្តដែលមានបំពាក់ស៊ីទែនទឹក (ចំណុះសរុប ១០ ម៉ែត្រគូប និងភ្ជាប់ជាមួយម៉ាស៊ីនបូមទឹកខ្នាតតូច) នៅតាមបណ្តារាជធានី-ខេត្តនានា ដើម្បីចូលរួមអន្តរាគមន៍ដោះស្រាយទឹកប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលមានតម្រូវការផងដែរ ៕ ដោយ ៖ កូឡាប