ភ្នំពេញ ៖ ពាក់ព័ន្ធករណី ស្ថានទូតសហរដ្ឋអាមេរិក បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១៥ ខែមីនា ដោយបានលើកឡើងថា លោក កឹម សុខា ត្រូវបានក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបវិញភ្លាមៗ ដោយបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា តែងតែគោរពអធិបតេយ្យភាព របស់ប្រទេសដទៃ ហើយមិនដែលធ្វើអត្ថាធិប្បាយ លើរឿងអាស្រូវគួរឱ្យខ្មាសអៀន របស់មន្ដ្រីជាន់ខ្ពស់ និងអ្នកនយោបាយរបស់ប្រទេសណាមួយឡើយ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅលើបទអត្ថាធិប្បាយតែមួយជ្រុងលើរឿងក្តីរបស់លោក កឹម សុខា ដែលស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ។
តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៦ ខែកុម្ភៈនេះ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកាយវិការនេះ។ ក្រសួងការបរទេស ចាត់ទុកសារអត្ថាធិប្បាយតែមួយជ្រុង លើរឿងក្តីរបស់លោក កឹម សុខានេះ បង្ហាញនូវចេតនាយ៉ាងច្បាស់ ដើម្បីបំភាន់សាធារណៈមតិ ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទង្វើបែបនេះ ហើយចាត់ទុកកាយវិការនេះថា មិនមានលក្ខណៈការទូត និងមិនគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជា ។
ក្រសួងការបរទេស ត្រូវបង្ខំចិត្តក្រើនរំលឹក ដល់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ អំពីមាត្រា៤១នៃអនុសញ្ញាទីក្រុងវីយែនឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត ដែលជាពិសេសតម្រូវឱ្យស្ថានទូតសហរដ្ឋអាមេរិក គោរពច្បាប់និងបទប្បញ្ញត្តិនានា និងមិនត្រូវជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។
សេចក្តីថ្លែងការណ៍ដដែលនេះ បានបន្តថា ព្រះរាជាណាចក្រកម្ពុជា តែងតែគោរពអធិបតេយ្យភាពរបស់ប្រទេសដទៃ ហើយមិនដែលធ្វើអត្ថាធិប្បាយ លើរឿងអាស្រូវគួរឱ្យខ្មាសអៀន របស់មន្ដ្រីជាន់ខ្ពស់ និងអ្នកនយោបាយរបស់ប្រទេសណាមួយឡើយ។ ទង្វើក្នុងទិសដៅលំអៀងបែបនេះ របស់ស្ថានទូតសហរដ្ឋអាមេរិក គឺផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្នរបស់ប្រទេសទាំងពីរ ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងទ្វេភាគី ដែលបម្រើដល់ប្រយោជន៍រួមរបស់ប្រទេសនិងប្រជាជនទាំងពីរ។
ស្ថានទូតសហរដ្ឋអាមេរិក បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១៥ ខែមីនា ដោយបានលើកឡើងថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត។
បើតាមស្ថានទូតសហរដ្ឋអាមេរិក (U.S. Embassy Phnom Penh, Cambodia) បានបញ្ជាក់ថា “តើអ្នកមានដឹងទេថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត ១៨ខែមកហើយ? វាមានរយៈពេល ៥៣០ ថ្ងៃនៃការជាប់ឃុំ។ គាត់ជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត។ មិនមានភស្តុតាងណាមួយប្រឆាំងនឹងគាត់ឡើយ ហើយក៏មិនទាន់ការកំណត់បើកសវនាការកាត់ទោសគាត់ដែរ។ គ្មានភស្តុតាង គ្មានសវនាការកាត់ទោស គ្មានយុត្តិធម៌។ តើអ្នកកំពុងមើលឃើញរូបភាពរួមទេ”។
ប្រភពពីហ្វេសប៊ុកមេធាវី សុភាវី បានសរសេរថា លោក កឹម សុខា ត្រូវបានដោះលែងពីការឃុំខ្លួននៅត្រពាំងផ្លុង ដោយអនុញ្ញាតឲ្យមករស់នៅក្នុងលំនៅដ្ឋានរបស់គាត់វិញ ប៉ុន្តែត្រូវស្ថិតនៅក្រោមលក្ខខណ្ឌដែលកំណត់ដោយចៅក្រមដូចជា: មិនអនុញ្ញាតឲ្យចេញពីព្រំប្រទល់ដែនដី ដែលកំណត់ដោយចៅក្រមស៊ើបសួរ គឺគាត់អាចដើរបានតែនៅជិតៗផ្ទះគាត់ប៉ុណ្ណោះ ក្នុងករណីគាត់ចង់ទៅឆ្ងាយជាងនេះដោយសារហេតុផលសុខភាពត្រូវសុំការអនុញ្ញាតពីចៅក្រម។ មិនឲ្យជួបអតីតថ្នាក់ដឹកនាំcnrp មិនឲ្យជួបជនបរទេស ជាពិសេសជបបរទេស ដែលអាចមានការពាក់ព័ន្ធក្នុងសំណុំរឿង។ មិនឲ្យធ្វើសកម្មភាពជួបជុំក្នុងគោលដៅនយោបាយ…។ សរុបមកគឺគ្រាន់បើជាងឃុំនៅក្នុងពន្ធនាគារបន្តិច។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីយប់អធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ។ លោក កឹម សុខា ត្រូវបានតុលាការបញ្ជូន ទៅពន្ធនាគារត្រពាំងផ្លុងភ្លាមៗ ក្រោមការចោទ ប្រកាន់ពីបទសន្ទិដ្ឋិភាព ជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។
កាលពីខែមីនា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា ជា បណ្តោះ អាសន្នរយៈពេល៦ខែ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម ចំពោះបទល្មើស លោក កឹម សុខា។ លោក កឹម សុខា ត្រូវបានដោះលែងចេញពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង៣ព្រឹក ចូលថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ ។
បើយោងតាមដីកាបង្គាប់ ឲ្យដោះលែងរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ត្រូវបានផ្ទេពីការឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង មកស្នាក់នៅក្នុងគេហដ្ឋានរបស់លោកវិញ ៕ ដោយ ៖ បញ្ញាស័ក្តិ