កណ្តាល ៖ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្តាលឲ្យស្លាប់) កើតហេតុថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៣០នាទី នៅចំណុចមុខផ្ទះជនសង្ស័យ ភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះចំនួន០១នាក់ ឈ្មោះ ហុង តារា ហៅព្រឹង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (ស្លាប់ថ្ងៃទី១៤.០២.២០១៩)។ ជនសង្ស័យចំនួន០១នាក់ ឃាត់ខ្លួនថ្ងៃទី១៤.០២.២០១៩ ឈ្មោះ អ៊ូរ លាម ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះប៉ះពាល់ផ្លោកនោម និងបង្ហួរនោមទៅព្យាបាលនៅមន្ទីរពេទ្យកេតុមាលា (1.79)ស្លាប់។
វរសេនីយ៍ឯក មាន សំណាង បានឲ្យដឹងថា សភាពនៃរឿងហេតុ នៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹង ហើយដើរមកក្បែរផ្ទះជនសង្ស័យ ហើយមានឆ្កែព្រុស ។ពេលនោះជនសង្ស័យ បានយកបន្ទះរនាបឫស្សី ចេញរកវាយឆ្កែ តែឆ្កែរត់បាត់ ជនរងគ្រោះជេរបញ្ចោរជនសង្ស័យ ទាក់ពាក្យសម្តីគ្នាទៅវិញទៅមក ហើយជនរងគ្រោះដើរសំដៅ ទៅវាយនិងទាត់លើជនសង្ស័យ រីឯជនសង្ស័យចេះតែរងនិងគេច តែទ្រាំពុំបានក៏ទាត់១ជើង និងវាយ១ដៃចំកណ្តៀតក្អម បណ្តាលឲ្យដួលអុកគូថសន្លប់មួយសន្ទុះ ទើបអ្នកជិតខាងជួយយកទៅផ្ទះ ហើយបញ្ជូនទៅមន្ទីរពេទ្យកេតុមាលា(1.79) ព្យាបាលដោយធ្វើការវះកាត់ភ្លោកនោមនិងបង្ហួរនោម ។ រហូតដល់ថ្ងៃទី៦.២.២០១៩ ទើបជនរងគ្រោះចេញមក សម្រាកនៅផ្ទះ លុះដល់ថ្ងៃទី១៤.២.២០១៩ វេលាម៉ោង១៤.៣០នាទី បានស្លាប់។
តាមការបំភ្លឺរបស់ឈ្មោះ ហុង ចាន់នឿន ភេទស្រីអាយុ៣១ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះបានបំភ្លឺថា
ដោយសាររវល់យកបងទៅពេទ្យទើបនៅថ្ងៃទី៣០.១.២០១៩ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់។
វរសេនីយ៍ឯក មាន សំណាង បានបន្ថែមថា តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថា ខ្លួនពិតជាបានទាត់មួយជើង និងវាយមួយដៃទៅលើជនរងគ្រោះ ចំកណ្តៀតក្អមបណ្តាល ឲ្យដួលសន្លប់ ហើយអ្នកជិតខាងយកទៅផ្ទះបាត់។ សូមបញ្ជាក់៖ ជនសង្ស័យធ្លាប់ហាត់ក្បាច់គុនល្បុកតោ និងការ៉ាត់តេដូ រយៈពេល៣ឆ្នាំ) ។
ចំពោះជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធី ៕ ដោយ ៖ បញ្ញាស័ក្តិ