បាត់ដំបង ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បាតុភូតខ្យល់កន្ត្រាក់បានកើតឡើងលាយឡំជាមួយភ្លៀងធ្លាក់ នៅក្នុងភូមិសាស្ត្រស្រុកបវេល ខេត្តបាត់ដំបង នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ បានវាយបោកបក់មកលើឃ្លាំងស្តុកដំឡូងមី និងផ្ទះប្រជាពលរដ្ឋមួយចំនួន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ផេកហ្វេសប៊ុក ហែម ថ្លៃថ្លា បានសរសេរថា “វេលាម៉ោង៣រសៀលថ្ងៃ១៧.កុម្ភះ២០១៩ព្យុះកំណាចបានបោកបក់មកចំភូមិតាក្រី.ឃុំតាក្រី.ស្រុកកំរៀងខេត្តបាត់ដំបងបង្កអោយខូចខាចឃ្លាំងនិងឡសំងួតស្រូវទាំងនិងរបួសគ្រួសារខ្ញុំនិងបុក្គលិកម្នាក់”។
ក្រសួងធនធានទឹកមិនបានបញ្ជាក់ពីទំហំខូចខាត និងអ្នករងគ្រោះពីករណីបាតុភូតខ្យល់កន្ត្រាក់នេះនៅឡើយទេ។
បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី ១៦-២២ ខែកុម្ភៈ ឆ្នាំ២០១៩ កម្រិតសីតុណ្ហភាពនឹងបន្តកើនឡើងបន្តិចបន្ថែមទៀត ហើយនៅថ្ងៃទី១៨ ខែកុម្ភៈ តំបន់មួយចំនួនអាចនឹងមានភ្លៀងធ្លាក់បន្តិចបន្តួច។ ជាមួយគ្នានេះ ក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅពេលមេឃរកកលភ្លៀងផងដែរ ៕ ដោយ ៖ កូឡាប