ខេត្តកណ្តាល ៖ នគរបាលស្រុកស្អាង បានឲ្យដឹងថា ក្មេងស្ទាវ ថ្លើមធំ គ្រាន់តែរឿងបើកបរបញ្ច្រាសទិសគ្នា គ្មានការយោគយល់ ទាក់ពាក្យសំដីគ្នា ទាញប៉័ងតោ មកកាប់គេបណ្តាលអោយរងរបួសធ្ងន់ ត្រូវនគរបាលចាប៉ខ្លួនជនបង្ក ។
ករណីហិង្សាដោយចេតនា នេះកើតហេតុ ថ្ងៃទី១៧ ខែ កុម្ភៈឆ្នាំ២០១៩ វេលាម៉ោង១៩និង៤៥នាទី នៅចំណុចភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាងខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះ វ៉ាន់ វឿន ភេទ ប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរ មានទីលំភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាងផ្សាដែក មានស្នាមមុតថ្ងាស់ខាង លើចិញ្ចើមខាងឆ្វេង និងស្មាខាងឆ្វេង។ ជនសង្ស័យ ឈ្មោះ តាំង តុងអេងភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិព្រែកឡុង ឃំុរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាងសំណង់ (ឃាត់ខ្លួន) ។
សភាពរឿងហេតុ នៅថ្ងៃកើត ហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូបញ្ច្រាសទិសគ្នា ជាមួយជនសង្ស័យ ហើយបានជជែកឈ្លោះគ្នា ពេលនោះជនសង្ស័យ បានរត់ទៅយកកាំបិតប៉ាំងតោ ពីក្នុងផ្ទះ មកកាប់ទៅលើជនរងគ្រោះឈ្មោះវ៉ាន់ វឿន ត្រូវចំថ្ងាសមួយកន្លែង និងចំស្មាខាងឆ្វេងមួយកន្លែង បណ្តាលអោយរងរបួសធ្ងន់ ។ ភ្លាមនោះ កម្លាំងប៉ុស្តិ៍រកាខ្ពស់ បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ឋាន ដើម្បីចាត់ការបន្តរតាមនីតិវិធី ៕ ដោយ ៖ កូឡាប