បន្ទាយមានជ័យ៖ សមត្ថកិច្ចការពារព្រំដែនកម្ពុជា និងសមត្ថកិច្ចការពារព្រំដែនថៃ ប្រឈមមុខតានតឹងដាក់គ្នានៅពេលសមត្ថកិច្ចថៃយកត្រាក់ទ័របម្រុងឈូសឆាយដំឡូងមីរបស់កសិករខ្មែរ នៅតំបន់បន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ឈម និងខេត្តស្រះកែវ ប្រទេសថៃ សភាពការណ៍តានតឹងដាក់គ្នារវាងសមត្ថកិច្ចកម្ពុជា និងថៃ បានធូស្រាលឡើងវិញក្រោយ សមត្ថកិច្ចទាំង២ បានឯកភាពគ្នាឱ្យកសិករខ្មែរដកដំឡូងមីចេញពី។ នេះបើតាមការផ្សាយរបស់វេសាយអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៧ខែកុម្ភៈ។
ពលរដ្ឋខ្មែរ២គ្រួសារ បានបង្ខំចិត្តដកដំឡូងមី ទាំងមើមមិនទាន់ដាក់ម្សៅ ខណៈដែលប៉ូលីសការពារព្រំដែនថៃ កងរយលេខ១២៦ មានគ្នាប្រមាណប២៩នាក់ បានយកត្រាក់ទ័រ១គ្រឿង បម្រុងឈូសឆាយកម្ទេចចោល ដោយប៉ូលីសថៃ ចោទពលរដ្ឋខ្មែរ នោះថាបានដាំដំឡូងមី លើដីបន្ទាត់ព្រំដែន មិនទាន់ច្បាស់លាស់ ខណៈនោះគេឃើញមាននគរបាលការពារព្រំដែនលេខ៩១១ និងយោធាការពារព្រំដែនលេខ៥០៣ របស់កម្ពុជាប្រមាណ១៥នាក់ បានចុះទៅរារាំងមិនឱ្យប៉ូលីស ថៃយកត្រាក់ទ័រទៅឈូសឆាយ ដំឡូងមី ពលរដ្ឋខ្មែរនោះឡើយ។
ការប្រឈមតានដាក់គ្នា រវាងសមត្ថកិច្ចព្រំដែនកម្ពុជានិងថៃ បានធូរស្បើយមកវិញ ដោយភាគីទាំង២ ជជែករកដំណោះស្រាយលើស្មារតីយោគយល់គ្នា ដោយឯកភាពតម្រូវឱ្យពលរដ្ឋខ្មែរដកដំឡូងមី នោះចោល ហើយកសិករខ្មែរ ក៏បានយលព្រមដកដំឡូងមីនោះ ចោលមិនឱ្យលើសពីមួយអាទិត្យ នោះឡើយ ។ បញ្ហានេះដោយមុនដំបូង សមត្ថកិច្ចថៃ ទាមទារកសិករខ្មែរ ដកដំឡូងមីចោលជម្រៅ១៥០ម៉ែត្រប្រវែង៥៥០ម៉ែត្ររ៉េ តាមផ្លូវក្រាលក្រួសក្រហម កសាងអតីតកងទ័ពប៉ារ៉ា កាលនៅជំរុំ ក្រោយមកបានឯកភាពគ្នា ឱ្យដកជម្រៅ៥០ម៉ែត្រប្រវែងបណ្តោយ៥៥០ម៉ែត្រ។ ហេតុការណ៍នោះ កើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីម៉ាលេខ៤២និង៤៣ ក្នុងភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឈមទឹកដីថៃភូមិណងយ៉ាកែវ ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទសថៃ។
ជុំវិញបញ្ហានេះ បើតាមការបញ្ជាក់ឱ្យដឹង ពីសមត្ថកិច្ចកម្ពុជា នៅជួរមុខប្រាប់ឱ្យដឹងថា ពលរដ្ឋខ្មែរ ដែលបានទៅដាំដំឡូងមីមានបញ្ហានៅលើដីជាប់ព្រំដែនកម្ពុជា-ថៃ មានចំនួន២គ្រួសារ ពួកគាត់រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ពួកគាត់ដាំដុះដំឡូងមី ផ្ទៃដីប្រមាណ៦ហិតា។ បញ្ហានោះផងដែរ សមត្ថកិច្ចថៃ គេបានមកជួបជជែក ជាមួយសមត្ថកិច្ចកម្ពុជាយើង២លើកមកហើយ សុំឱ្យកសិករខ្មែរ ដកដំឡូងមីនោះចោល នៅចំណុចបន្ទាត់ព្រំដែន មិនទាន់ឯកភាពគ្នា ដោយសុំរក្សាទុកទ្រង់ទ្រាយដើមមិនឱ្យមានប្រែប្រួល ការឈូសឆាយព្រៃ នៅតាមបន្ទាត់ព្រំដែននោះឡើយ យោងតាមអនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជា និងថៃ បញ្ហាព្រំដែនមិនទាន់ច្បាស់លាស់ ទុកឱ្យគណៈកម្មការព្រំដែន ប្រទេសទាំង២ជាអ្នកដោះស្រាយ។
សមត្ថកិច្ចកម្ពុជា ធ្លាប់បានទៅប្រាប់កសិករ ខ្មែរទាំង២គ្រួសារនោះ រួចមកហើយ បើឈូសឆាយដីដាំដំឡូងមី គឺសុំរក្សាទុកព្រៃខ្លះកុំឱ្យភាគីថៃគេរករឿង ប៉ុន្តែក្រោយមកឃើញកសិករខ្មែរ បានទៅឈូសឆាយព្រៃអស់ទាំងស្រុង រ៉បនឹងផ្លូវក្រួសក្រហមរបស់ភាគីថៃ ដែលបានកសាងឡើង។
បើតាមការបញ្ជាក់ឱ្យដឹង ពីកសិករខ្មែរ ដែលបានដាំដំឡូងមី នៅតំបន់ព្រំដែន មានបញ្ហាចម្រូងចម្រាស់ ឱ្យដឹងថា ការដាំដុះដំឡូងមីពួកគាត់ធ្វើយូរមកហើយ ទើបតែរយៈពេលដើមខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចថៃ គេបានរករឿង ឱ្យពួកគាត់ដកដំឡូងមីនោះចោល។ ការប្រកបមុខ របរដាំដំឡូង ពួកគាត់ខ្ចីចងការប្រាក់ ពីធនាគារ បើតម្រូវឱ្យមានការដកដំឡូងបែបនោះ ពួកគាត់ប្រឈមគ្មានប្រាក់សងធនាគារ ដោយសារដំឡូង ត្រូវដកនៅមើមតូចៗ មិនទាន់ដាក់ម្សៅនោះទេ។ ពួកគាត់ហួសចិត្តថា មិនគួសោះ ដាំដុះលើដីខ្មែរ ត្រូវថៃគេមកហាមឃាត់ទៅវិញ ៕ ដោយ ៖ បញ្ញាស័ក្តិ