ភ្នំពេញ ៖ ក្នុងករណីដែល លោក ព្រំ សាន មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ប៉ះពាក្យសម្តីគ្នាជា លោកវ៉ាន់ ប៊ុនថា ទីប្រឹក្សាក្រសួងព័ត៌មាន ពាក់ព័ន្ធករណីអ្នកសារព័ត៌មានកំពុងដើរតួនាទី សំខាន់ជាងសមត្ថកិច្ចជំនាញទៅទៀត ដែលធ្វើឲ្យមតិមហាជន បានឃើញច្បាស់ពីសីលធម៌ និងវិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន រហូតដល់មានការជេប្រមាថ រិះគន់ តាមរយៈព័ត៌មានរបស់ខ្លួន ទៅលើបុគ្គល និងមន្ត្រីសាធារណៈរបស់រដ្ឋ ។
ករណីនេះ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការបង្ហោះសារក្នុងផេកហ្វេសប៊ុក Sinath Hun កាលពីថ្ងៃទី១៧ខែកុម្ភៈ បានបញ្ជាក់ថា “ពេលនេះខ្ញុំគិតថាឯកឧត្តមខៀវ កាញ៉ារីទ្ធ ក្នុងនាមគាត់ជាឪពុកបាតដៃក៏សាច់ ខ្នងដៃក៏សាច់ តែខ្ញុំជឿជាក់លើឯកឧត្តម គាត់មានយុត្ដិធម៌សម្រាប់កូនចៅរបស់លោក ហើយគាត់ជាមនុស្សម្នាក់ ដែលអង្គុយលើកៅអីក្រសួងនេះយូរយារហើយ សម្ដេចលោកមានជំនឿទុកចិត្តឯកឧត្តមកន្លងមក រាល់ការផ្ដល់ព័ត៌មានផ្សេងៗនោះ ។ ម្យ៉ាងទៀត រឿងការរាយការណ៍របស់បុគ្គលម្ខាងៗ គាត់មុខតែយល់ និងផ្ដល់គុណសម្បត្តិ និងគុណវិបត្តិ ឲ្យអ្នកទាំងអស់ហើយថា មួយណាល្អមួយណាអាក្រក់ ភូតភរនោះ ។ ខ្ញុំមើលឯកឧត្តមបង្ហោះនេះ បែបមិនមែនគាត់អ្នកសរសេរទេ ជារបាយកាណ៍របស់លោកវ៉ាន់ ប៊ុនថា នោះទេមើលទៅ ។ ខ្ញុំសូមឲ្យបងប្អូនមិត្តរួមហ្វេសប៊ុក យើងខំយកព័ត៌មានពិតៗ ដើម្បីជួយដល់សង្គមសម្អាតពួកពុករលួយ ឲ្យអស់ក្នុងអាណត្តិទី៦នេះ និង ពួកតែ ស្ករ ផងដែរ ។ ពីនាយសមុទ្រ ជិតបានជួបគ្នាហើយ នឹករលឹកជានិច្ច”។
ចំណែក លោក ព្រំ សាន មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានសរសេរលើផេកហ្វេសប៊ុករបស់លោកឈ្មោះ San Prum កាលពីថ្ងៃទី១៧ខែកុម្ភៈថា “សុំឯកឧត្តមរដ្ឋមន្ត្រី មេត្តាចាត់វិធានការណ៍ចំពោះទីប្រឹក្សា ដែលហ៊ានរាយការណ៍ភូតមេ!!!
ខ្ញុំបាទ បានតេទៅ ឯកឧត្តម វ៉ាន់ ប៊ុនថាហើយ ដោយទាមទារឲ្យគាត់រកភស្តុតាង បង្ហាញថា ខ្ញុំបានប្រើឈ្មោះក្រសួង និងបានសុំលុយគេធ្វើឡាន…គាត់បានសុំទោសខ្ញុំ តែខ្ញុំទារឲ្យគាត់បំភ្លឺ បើមិនចឹងទេ ខ្ញុំប្តឹងគាត់វិញ…។
ខ្ញុំបាទ សុំជម្រាបជូនមេ តាមដំណើររឿងដូចខាងក្រោម… ។ ខ្ញុំបាទ និងសហការី រួមជាមួយ ឆាយ បូរិន អតីតប្រធានមន្ទីរព័ត៌មានយើង បានទៅលេងច្រក អូរយ៉ាដាវ ហើយមិនបានតេទៅ មេប៉ុស្តិ៍ឈ្មោះ អ៊ី ចំរើន ដើម្បីសុំលុយធ្វើឡានទេ ហើយក៏មិនបានសុំលុយ អនុប៉ុស្តិ៍គាត់២នាក់ ដែលមកឆែករកបេសកម្មនិង ឆែកកាតខ្ញុំដែរ ម្យ៉ាងទៀត ក្រុមខ្ញុំក៏មិនបានរំខានការងារនគបាល នៅមាត់ច្រកដែរ ពោលគឺក្រុមខ្ញុំគ្រាន់ តែសុំឈរថតលើផ្លូវជាតិ ឲ្យជាប់ប៉ុស្តិ៍និងប៉ារ៉ាស ដើម្បីបញ្ជាក់ប្រាប់មិត្តភក្តិបងប្អូននិងគ្រួសារខ្ញុំថា ខ្ញុំពិតជាបានមកដល់ប៉ុស្តិ៍ អូរយ៉ាដាវមែន (រូបថតបញ្ជាក់អត្ថន័យ) ម្យ៉ាងទៀត ខ្ញុំឈរថតនៅផ្លូវជាតិ និងឈរជជែកជាមួយពួកគាត់តែ១៥នាទី ក៏ប្រញាប់ចាកចេញមកវិញ ដោយសារ លោក កុល ផាណ្ណា ប្រធានមន្ទីរព័ត៌មានយើងបច្ចុប្បន្ន ណាត់បាយ នៅអូរជុំ កន្លែងភក្តីកូនចៅបង អ៊ុក ប្រាថ្នា…បន្ទាប់មកពេលរសៀល ម៉ោង៥និង០០នាទី ខ្ញុំនិងក្រុមការងារបានត្រឡប់មកភ្នំពេញ ដោយមានលោកសា រឿន និងផា ណ្ណា ខាងមន្ទីរ បានជួយរកឡានស្ទូច និងឡានប៉ាវអស់៤០០$ មកភ្នំពេញវិញទាំងយប់…។ ខ្ញុំបាទ គោរពស្នើសុំមេ មេត្តាមានវិធានការណ៍ ចំពោះ ឯកឧត្តម វ៉ាន់ ប៊ុនថា ដែលរាយការណ៍ កាច់មួលខ្ញុំ និងភូតថ្នាក់លើ….។ សុំមេទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទផង។
លោក San Prum បានសរសេរបន្តថា ស្លាប់ដោយសារបាយការណ៍ភូតមេ!!!!។
ស្មានមិនដល់ថា នៅសម័យតេជោសែន ឆ្នាំ២០១៩ ដែលសម្តេច កំពុងតែបន្ថែមអភិក្រម វះកាត់១ទៀត ដើម្បីឲ្យគ្រប់៥ ឯខ្លួនខ្ញុំបែរជាវិះនឹងរងគ្រោះ ដោយសាររបាយការណ៍ របស់ឯកឧត្តម វ៉ាន់ ប៊ុនថា ទីប្រឹក្សាក្រសួងព័ត៌មាន ដែលហ៊ានចោលកិត្តិយសខ្លួនឯង ដើម្បីការពារលោកមេប៉ុស្តិ៍ អូយ៉ាដាវ ជាពួកម៉ាកខ្លួន ដោយរាយការណ៍ភូតឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មានថា ខ្ញុំបានទៅជម្រិតយកលុយគេ មកធ្វើឡាន ក្នុងពេលដែលលុយធ្វើឡាននេះ ខ្ញុំអាចសុំ ពីឯកឧត្តម Moeung Ponlork ប្រធានយុវជន ក.១៥៧ ក៏បានដែរ ម្យ៉ាងទៀត លោកឧត្តមសេនីយ៍ Sophea Lor ក៏បានប្រកាសជួយខ្ញុំមុនដែរ ខ្ញុំមិនធ្វើអំពើរថោកទាប ដែលសង្គមស្អប់ខ្ពើមទេ…ហើយខ្ញុំនៅតែជឿថាសាងល្អព្រះជួយ….ជាក់ស្តែងករណីរបាយការណ៍ភូតរដ្ឋមន្ត្រី ក្រសួងព័ត៌មានក៏ព្រះជួយខ្ញុំដែរ…ដោយធ្វើឲ្យក្រុមមនុស្សទុច្ចរិក គ្មានភស្តុតាងដើម្បីចោទខ្ញុំសោះ…មកពី… ៖ ១.ខ្ញុំមិនបានតេ រកលោកមេប៉ុស្តិ៍ឬមន្ត្រីគាត់សោះ…កុំថាឡើយតេទៅសុំលុយ.. ។ ២.ខ្ញុំមិនបានអុកឡុកឆាឆៅ ឬឈ្លោះជាមួយប៉ូលីស និងមិនបានចូលក្នុងបរវេណ មណ្ឌលការងារគាត់សោះ ដោយក្រោយពេលគាត់ ឆែកកាតរួចខ្ញុំ ឈរថតលើផ្លូវរដ្ឋប្រហែល១០នាទីក៏លាគាត់ ត្រឡប់មកបាយជាមួយប្រធានមន្ទីរព័ត៌មាននៅអូរជុំ ។ ៣.ខ្ញុំនៅតែទាមទារ ឲ្យលោកមេប៉ុស្តិ៍ អូរយ៉ាដាវ ឈ្មោះ អ៊ីចំរើន និងឯកឧត្តម វ៉ាន់ ប៊ុនថា ទីប្រឹក្សាក្រសួងព័ត៌មាន បង្ហាញភស្តុតាង និងហ៊ានទៅស្បថ នៅមុខព្រះអង្គដង្កើ ដាក់ជីវិត១ពូជឬតែយើង៣នាក់ក៏បាន។ ៤.ខ្ញុំជឿថា សហការីព័ត៌មានទាំងអស់ រួមទាំងប្រជាពលរដ្ឋមួយចំនួនទៀត គាំទ្រខ្ញុំ និងចង់ឃើញលោកមេប៉ុស្តិ៍ មកស្បថថា លោកមិនបានបើកច្រកទ្វារព្រំដែន ឲ្យឈ្មួញដឹកឈើទៅលក់ឲ្យវៀតណាមទេ…។ ស្តាយណាស់ មួយជីវិតខ្ញុំ ដែលប្រឹងការពាររបបមួយ ដែលខ្ញុំស្រឡាញ់ពេញចិត្ត វាបែរជាធ្វើឲ្យខ្ញុំមានសត្រូវ ទាំងដង្កូវក្នុងសាច់និងដង្កូវក្រៅសាច់….។ល។”។
ក្នុងផេកហ្វេសប៊ុកឈ្មោះ Kanharith Khieu លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានបង្ហោះនូវសារមួយ របស់មន្ត្រីរបស់លោក គឺឯកឧត្តម វ៉ាន់ប៊ុនថា ដែលសូមគោរពជូនឯឧរដ្ឋមន្ត្រីជាទីគោរព។ ក្នុងសារនោះ បានបញ្ជាក់ថា “បច្ចុប្បន្ន អ្នកសារព័ត៌មានកំពុងដើរតួនាទី សំខាន់ជាងសមត្ថកិច្ចជំនាញទៅទៀត ដែលធ្វើឲ្យមតិមហាជន បានឃើញច្បាស់ពីសីលធម៌ និងវិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន រហូតដល់មានការជេប្រមាថ រិះគន់ តាមរយៈព័ត៌មានរបស់ខ្លួន ទៅលើបុគ្គល និងមន្ត្រីសាធារណៈរបស់រដ្ឋ។ ក្នុងនាមខ្ញុំជាមន្ត្រីទីប្រឹក្សាមួយរូប របស់ក្រសួងព័ត៌មាន សូមវាយតម្លៃទៅលើទង្វើរបែប គឺជាការប្រាស់ចាកពីវិជ្ជាជីវៈរបស់ខ្លួន ដើម្បីជាប្រយោជន៍បុគ្គល ។
ជាក់ស្តែង កាលពីម្សិលមិញ ឯឧ ព្រំ សាន និងសហសេវិករបស់ខ្លួន បានទៅដល់ច្រក និងស្នើសុំជំនួយពីមេប៉ុស្តិ៍អូរយាដាវ ដើម្បីជួសជុលរថយន្តខ្លួនដែលកំពុងមានបញ្ហា និងបន្ទាប់មក មានការសុំជួបសម្ភាសន៍ជាមួយមន្ត្រីច្រក តែពុំមានការអនុញ្ញាតឡើយ ព្រោះមិនមានការស្នើសុំតាមនីតិវិធីរដ្ឋបាល និងលិខិតបញ្ជាបេសកកម្ម។ នៅទីតាំងច្រក លោកបានសរសេរនៅលើទំព័រហ្វេសបុករបស់ខ្លួន ថាខ្លួនត្រូវបានគេចាប់ឆែកកាត គ្រានតែខ្លួនថតរូបលេងជាប់ជាមួយនឹងបារ៉ាសច្រក។ ជានីតិវិធី រាល់ស្ថាប័ន ទាំងឡាយ ពេលទៅសុំជួបសម្ភាសន៍ ឬធ្វើការថតរូបពីសកម្មភាពផ្សេង របស់អង្គភាពណាមួយ គឺត្រូវគោរពតាមនីតិវិធីរដ្ឋបាល និងទំនាក់ទំនង ជាមួយប្រធានមន្ទីរព័ត៌មានខេត្ត ដែលមាន ឯឧ កុល ផាន់ណា ជាសេនាធិការរបស់ក្រសួង ដែលចាំបាច់ត្រូវមានលិខិតស្នើសុំ លិខិតបេសកកម្ម និងត្រូវមានការអនុញ្ញាត ពីអង្គភាពមួយនោះ។ យោងទៅលើវីដេអូខ្លីបពីរ ដែលបង្ហោះចេញនៅលើទំព័រហ្វេសបុករបស់ឯឧ ព្រំ សាន កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ គឺ បង្ហាញពីភាពទទួលខុសត្រូវ ក្នុងកាតព្វកិច្ចការងាររបស់មន្ត្រីច្រក ដោយសុំត្រួតពិនិត្យលិខិតបេសកម្ម និងឯកសារបញ្ជាក់អត្តសញ្ញាណរបស់បុគ្គល មុនសុំជួបសម្ភាសន៍ជាមន្ត្រីច្រក។ តែផ្ទុយទៅវិញបែរជាមានការយលច្រឡំ ថាគ្រាន់តែថតជាប់បារ៉ាសច្រក ត្រូវមន្ត្រីច្រកចាប់ឆែកកាត និងចោទប្រកាន់ថាមន្ត្រីច្រកឈ្លើយទៅវិញ។ នៅក្នុងវីដេអូខ្លីបឡាយ ដែលមានឈ្មោះ ស្អែកស្លាប ដែលជាសហសេវិកក្រុមការងារឯឧ ព្រំ សាន បានធ្វើការបង្ហោះជេរប្រមាថអភិបាលខេត្តរតនគិរី ឯឧ ថង សាវ៉ុន និងមន្ត្រីច្រក ថាបានឃុបឃិតគ្នា កាប់ឈើ និងនាំឈើលក់ឲ្យឈ្មួញរបស់ប្រទេសវៀតណា ថែមទៀត។ វាហាក់ដូចជាបង្ហាញឲ្យមតិសាធារណជន កាន់តែមានការយល់ច្រឡំ និងបាត់នូវទំនុកចិត្ត ដោយគ្មានទឡ្ហីករច្បាស់លាស់ ក្នុងការចោទប្រកាន់ ការអនុវត្តលើពីតួនាទីជាមន្ត្រីព័ត៌មាន។
ខាងលើនេះ ជាសកម្មភាព ដែលខ្ញុំក្នុងនាមជាទីប្រឹក្សាក្រសួងព័ត៌មាន មិនអាចទទួលយកបាន ដោយឃើញពីចេតនាបង្កឲ្យមានបាតុភាពផ្សេង ក្នុងរូបភាពអ្នកសារព័ត៌មាន ដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមឯឧរដ្ឋមន្ត្រី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ និងស្នើសុំឯកឧត្តម មេត្តាផ្តល់អនុសាសន៍ណែនាំ ដល់អ្នកសារព័ត៌មាន ក្នុងការអនុវត្តន៍នូវវិជ្ជាជីវៈរបស់ខ្លួន ឲ្យកាន់តែមានការជឿទុកចិត្ត និងទទួលស្គាល់ពីមជ្ឈដ្ឋានសាធារណៈ និងស្ថាប័ណនីតិបុគ្គលផងដែរ។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ខ្ញុំបាទ ទីប្រឹក្សាក្រសួង ៕ ដោយ ៖ កូឡាប