Sunday, February 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ស្នើ​ឲ្យ​បុគ្គលិក​សុខាភិបាល ថែទាំ​សុខភាព​មាតា ទារក និង​កុមារ ដើម្បី​កាត់បន្ថយ​អត្រា​ការស្លាប់​របស់​មាតា ការស្លាប់​របស់​ទារក​ក្នុង​ផ្ទៃ

​ភ្នំពេញ ​៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ បាន​អំពាវនាវ ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​សុខាភិបាល អ្នកផ្តល់​សេវា​ទាំងអស់ ចូលរួម​គាំទ្រ​ការអនុវត្ត​គោលនយោបាយ គាំពារ​សង្គម​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឈានទៅ​សម្រេចបាន​គោលដៅ កាត់បន្ថយ​អត្រា​ការស្លាប់​របស់​មាតា ការស្លាប់​របស់​ទារក​ក្នុង​ផ្ទៃ ការស្លាប់​របស់​ទារក​ទើបនឹង​កើត និង​ការស្លាប់​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ តាម​ការកំណត់​នូវ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ឆ្នាំ​២០៣០ និង​សូម​អំពាវនាវ ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ទាំងអស់ ទាំង​ជាតិ និង​អន្តរជាតិ សូម​បន្ត​ជួយ​វិនិយោគ គាំទ្រ​ដល់​ការងារ​សុខភាព​មាតា ទារក និង​កុមារ​នៅ​កម្ពុជា ​។​

​ក្នុងឱកាស​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានដាក់​ចេញ នូវ​អនុសាសន៍​៥​ចំណុច​សំខាន់ៗ ក្នុងការ​ថែទាំ​សុខភាព​មាតា ទារក និង​កុមារ ចាប់ពី​ពេល​មានគភ៌ ពេល​សម្រាល និង​ពេល​ក្រោយ​សម្រាល​បុត្រ ​។

​នេះ​បើតាម​សារលិខិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន​បង​-​ប្អូន​ជនរួមជាតិ ក្នុង​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ បានលើកឡើង​ក្នុង​សារលិខិត​ថា ដើម្បី​ចូលរួមចំណែក​ទៅ​សម្រេចបាន គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ ការងារ​ចាំបាច់​ដែល​យើង​ត្រូវ​រួមគ្នា​ធ្វើ ក្នុងការ​ថែទាំ​សុខភាព​មាតា ទារក និង​កុមារ ចាប់ពី​ពេល មានគភ៌ ពេល​សម្រាល និង​ពេល​ក្រោយ​សម្រាល​បុត្រ រួមទាំង​ការពន្យារ​កំណើត ពី​កូន​មួយ​ទៅ​កូន បន្ទាប់​ការចិញ្ចឹម​ទារក និង​អាហារូបត្ថម្ភ ដើម្បី​ឲ្យ​មាតា និង​ទារក មាន​សុខ​ភាពល្អ ក្នុងឱកាស​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ​នេះ ខ្ញុំ​សូម​ផ្តល់​អនុសាសន៍​ដូចតទៅ​៖ ១) សូម​ឲ្យ​ស្ត្រី​មានគភ៌​ទាំងអស់ អញ្ជើញ​ទៅពិនិត្យ​សុខភាព ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ឆ្មប​ជំនាញ​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ តាម​កាលកំណត់​ទទួលយក សេវា​បង្ការ ព្យាបាល​ទាំងអស់ ឲ្យ​បាន​ទៀងទាត់​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ និង ស្ម័គ្រចិត្ត​ធ្វើតេស្ត​ឈាម​ដើម្បី​ពិនិត្យ​ស្ថានភាព​មេរោគ​អេដស៍ និង​មេរោគ​ស្វាយ ដើម្បី​លុបបំបាត់ ពិការភាព និង​ការ​ចម្លងជំងឺ​ទាំងពីរ​នេះ ពី​ម្តាយ​ទៅ​កូន​។ ២) សូម​ទៅ​សម្រាលកូន នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែលមាន​គ្រូពេទ្យ​ធ្ម​ប​ជំនាញ ទទួលបាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​។ ៣) សូម​អញ្ជើញ​ទៅពិនិត្យ​សុខភាព ក្រោយពេល​សម្រាល​ទាំង​មាតា និង​ទារក និង​ទទួល​ថ្នាំ​បង្ការ ជំងឺ​១១​មុខ តាម​ការកំណត់​របស់​គ្រូពេទ្យ​។ ៤) សូម​បំបៅ​ទារក​ដោយ​ទឹកដោះ​ម្តាយ តែមួយ​មុខ​គត់ ចាប់ពី​ពេល​ទារក​ប្រសូត​ភ្លាម​រហូតដល់ ទារក​មាន​អាយុ​៦​ខែ និង​ផ្តល់​អាហារ​បន្ថែម​គ្រប់មុខ គ្រប់​ជីវជាតិ (​បបរ​ខាប់​គ្រប់គ្រឿង​) រួមជាមួយ​ការបន្ត​បំបៅ​ទឹកដោះ​ម្តាយ រហូតដល់​កុមារ​មាន​អាយុ​យ៉ាងតិច​២​ឆ្នាំ​។ ៥) សូម​ប្រញាប់​យក​ទារក​ទៅ​មន្ទីរពេទ្យ​ភ្លាម នៅពេល​ឃើញ​សញ្ញា​គ្រោះថ្នាក់​ណាមួយ នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម ជំងឺរាក ឬ​ជំងឺឆ្លង​ដទៃទៀត និង​យក​ទារក ឬ​កុមារ​តូច​ដែលមាន​រាងកាយ ស្គម ឬ​មិន​ឡើង​ទម្ងន់​សោះ ទៅ​ពិគ្រោះ​យោបល់ និង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ ៕ ដោយ ​៖​ កូ​ឡាប​

×