ខេត្ដកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ PL បានឲ្យដឹងថា អំពើហិង្សាក្នុងគ្រួសារ មិនមែនជារឿងបុគ្គល តែពីនាក់នោះទេ គឺជាបញ្ហារួមនៅក្នុងសង្គមដែលត្រូវធ្វើការអប់រំ និងផ្ដន្ទាទោស ចាំបាច់បំផុត គឺត្រូវតែរួមគ្នាជួយអន្ដរាគមន៍ដោះ ស្រាយឲ្យទាន់ពេលវេលា។
កាលពីវេលាម៉ោង ២១និង២០នាទីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីហឹង្សាក្នុងគ្រួសារ ដែលបង្កឡើងដោយបុរសម្នាក់ជាប្ដីហេងស៊យ ដែលគេស្គាល់ឈ្មោះប៊ុន ចាន់ អាយុ ៥១ឆ្នាំ រស់នៅក្នុងភូមិគោគវាយ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មុខរបរ ធ្វើស្រែ។ មូលហេតុដែលបង្កឡើងឲ្យអំពើហិង្សានេះគឺផឹកសុរ៉ាស្រវឹង រួចមករករឿងបង្កជម្លោះជាមួយប្រពន្ធ និងបានធ្វើសកម្មភាព ដេញវាយប្រពន្ធនៅក្នុងផ្ទះ រួចចាក់សោទ្វាបង្ខាំងទុក ជនរងគ្រោះជាប្រពន្ធ មានឈ្មោះ ណន លៀប អាយុ ៣៩ឆ្នាំ មុខរបរ លក់ដូ ។
តាមការរៀបរាប់ឲ្យដឹងពីសំណាក់ប្រពន្ធថា ប្ដីគាត់ គឺជាមនុស្សហូបស្រាជាប្រចាំ ស្រវឹងមិនដែលលោះថៃ្ងណានោះទេ បន្ទាប់មកគឺរករឿងប្រពន្ធទាលុយ បើមិនឲ្យគឺរករឿងវៃតប់គំរាមសម្លាប់ និងចាក់សាំងដុតសម្លៀកបំពាក់ជាដើម ។
ក្នុងហេតុការណ៍ខាងលើ ប្ដីគឺបានចាក់សោពីខាងក្នុង និងបានប្រមូលយកសម្លៀកបំពាក់ ប្រុងដុតចោល រួមជាមួយម៉ូតូ និងរបស់ផ្សេងៗទៀត ។
សមត្ថកិច្ចបានចុះសហការ ជាមួយក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ កម្លាំងប្រជាការពារ និងបងប្អូនសាច់ញាតិគ្រួសារជនបង្ក ជួយអន្ដរាគមន៍គាស់ទ្វារំដោះយកជនរងគ្រោះ ចំណែកជនបង្ក នៅក្នុងដៃមានកាន់កាំបិតខ្វែវ ហើយគំរាមរកកាប់មកលើសមត្ថកិច្ចទៀតផង ជាលទ្ធផលសមត្ថកិច្ចធ្វើការឃាត់ខ្លួន យកមកកាន់អធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ៖ បញ្ញាស័ក្តិ