កណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០១៩ ជាឆ្នាំដែលរាជរដ្ឋាភិបាល កំពុងតែតម្រង់ទិស នៃការអភិវឌ្ឍ និងវិនិយោគផ្សេងៗ ពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់បណ្តាលខេត្តនានា ដែលទាមទារ ឲ្យកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់នានា ឲ្យបានច្រើន ជាក់ស្តែងដូចជា ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ដែលមានរោងចក្រ និងសហគ្រាជាច្រើន សន្ធឹកសន្ធាប់។
នៅព្រឹកថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណ ១១.២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ រោងចក្រដែលបានអនុញ្ញាតឲ្យកម្មករ កម្មការិនី បានជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ គឺមកពីរោងចក្រសហគ្រាសក្នុងស្រុកអង្គស្នួលចំនួន៣៣ និងក្រុងតាខ្មៅចំនួន១។ រោងចក្រទាំង៣៤នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន២៦ ខ្មែរចំនួន៥ កូរ៉េចំនួន១ ជប៉ុនចំនួន១ និងអាមេរិកចំនួន១។ ថ្ងៃនេះ ក៏ជាថ្ងៃចុងក្រោយនៃជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងបងប្អូនក្មួយកម្មករ កម្មការិនី នៅក្នុងខេត្តកណ្តាលនេះ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះកូនក្មួយទាំងអស់ដែលបានគោរពស្រឡាញ់ សម្តេចជារៀងរហូតមក។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណដល់ម្ចាស់រោងចក្រទាំងអស់ ដែលអនុញ្ញាតឲ្យកូនក្មួយកម្មករកម្មការិនី បានឈប់សំរាកនៅល្ងាចថ្ងៃនេះ ដោយទទួលបានប្រាក់ឈ្នួលពេញ។ នេះគឺបានបង្ហាញពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពល្អរវាងកម្មករ និងម្ចាស់រោងចក្រ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានមោទនភាពយ៉ាងខ្លាំង ចំពោះភាពរីកចម្រើន នៃវិស័យឧស្សាហកម្មកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលរាជរដ្ឋាភិបាល កំពុងតែជំរុញនូវគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឆ្នាំនេះផងដែរ ក៏ជាឆ្នាំដែលរាជរដ្ឋាភិបាល កំពុងតែតម្រង់ទិសនៃការអភិវឌ្ឍ និងវិនិយោគផ្សេងៗ ពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់បណ្តាលខេត្តនានា ដែលទាំងនេះគឺទាមទារ ឲ្យយើងកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់នានាឲ្យបានច្រើន ដូចជាផ្លូវតភ្ជាប់ជាដើម។ ជាក់ស្តែងដូចជា ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ដែលពេលនេះ មានរោងចក្រ និងសហគ្រាជាច្រើន សន្ធឹកសន្ធាប់ ដែលបានផ្តល់ការងារយ៉ាងច្រើន ដល់កូនក្មួយកម្មករ កម្មការិនីរបស់យើង។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ផងដែរថា កម្ពុជាមិនពឹងផ្អែកតែវិស័យកសិកម្មមួយមុខនោះទេ យើងត្រូវពឹងផ្អែក លើវិស័យផ្សេងៗសំខាន់ៗ ជាច្រើនទៀតដូចជា វិស័យឧស្សាហកម្ម សេវាកម្មទេសចរណ៍ និងកសិឧស្សាហកម្ម ដែលមានការកែច្នៃផលិតផលកសិកម្មផ្សេងៗ ក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះក្មួយៗកម្មករកម្មការិនី និង បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល ក៏ដូចប្រជាពលរដ្ឋ ជានៅទូទាំងប្រទេស ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោត កាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លងទៅតាមបែបលទ្ធិប្រជាធិបតេយ្យ ជាពិសេសបងប្អូន បានទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នារក្សាសន្តិភាព និងការអភិវឌ្ឍ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ សម្តេចតេជោ នៅតែបន្តចុះជួបសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយក៏ សម្តេចតេជោ មិនទៅណាចោលប្រជាពលរដ្ឋកម្ពុជាឡើយ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ កុំឲ្យមានការរើសអើង ចំពោះអ្នកផ្ទុកមេរោគអេដស៍ ហើយអ្នកមានផ្ទុកមេរោគអេដស៍ទៀតសោត សូមកុំដើរចម្លងទៅអ្នកដទៃ គឺត្រូវចេះថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ មានមោទនភាពយ៉ាងខ្លាំង ចំពោះការធ្លាក់ចុះនៃអត្រាមេរោគអេដស៍ ដែលពេលនេះនៅសល់ត្រឹមតែ 0,៦% តែប៉ុណ្ណោះ។ សព្វថ្ងៃនេះ ក៏មានការព្រួយបារម្ភផងដែរ ចំពោះកូនក្មួយភេទទី៣ ដែលស្រឡាញ់ភេទដូចគ្នា។ សម្តេចតេជោ មិនជំទាស់អ្វីទេ ហើយបានសំណូមពរ កុំឲ្យមានការរើសអើង ចំពោះក្រុមភេទទី៣នេះ។
ដើម្បីជំរុញការអនុវត្តការងារឲ្យមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តដាក់ចេញនូវអនុសាសន៍សំខាន់ៗ១០ចំណុច៕ ដោយ ៖ កូឡាប