Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ពិភពលោក ជាពិសេស​ទៅ​កាន់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក

​ភ្នំពេញ ៖ ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​របាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ពិភពលោក ជាពិសេស​ទៅ​កាន់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​៥​ឆ្នាំ (២០១២​ដល់​២០១៦) ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​។​

​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​រាយការណ៍​ជូន​សម្តេច​តេជោ ហ៊ុន សែន​ថា ការនាំ​ចេញ​ទៅ​កាន់​ទីផ្សា​រ​សហភាព​អឺរ៉ុប ក្នុង​ទឹកប្រាក់​នៃ​ការនាំចេញ​សរុប​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​៦.២៥៩​លាន​ដុល្លារ​អាមេរិក​។ ការនាំ​ចេញ​នេះ​មិន​រួមបញ្ចូល​ទឹកប្រាក់​ដែល​ត្រូវ​បង់ពន្ធ​នោះទេ ដោយសារ​កម្ពុជា​ទទួល​បាន​ភាពអនុគ្រោះ​ពន្ធ​គយ​ទាំង​ស្រុក​ពី​សហភាព​អឺរ៉ុប​។ មុខទំនិញ​នាំចេញ​សំខាន់ៗ រួមមាន សម្លៀក​បំពាក់​គ្រប់​ប្រភេទ ស្រោម​និង​ស្បែកជើង អង្ករ គ្រាប់​ធញ្ញជាតិ វត្ថុ​ធ្វើ​ពី​ស្បែក ឆត្រ កៅស៊ូ និង​ទោចក្រយាន ជាដើម​។ ប្រសិន​ជា​មិន​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ​ទេនោះ កម្ពុជា​ត្រូវ​បង់ពន្ធ​ចំនួន ៦៧៦​លាន​ដុល្លារ​អាមេរិក ក្នុងករណី​នាំចេញ​មាន​បរិមាណ​ដូចគ្នា និង​បរិមាណ​នាំចេញ ក្នុង​ឆ្នាំ​២០១៦ (​អត្រាពន្ធ​មធ្យម​មាន​ប្រមាណ​១១​ភាគរយ​)​។​

​លោក​បន្តថា ការនាំ​ចេញ​ទៅ​កាន់​ទីផ្សា​រ​សហរដ្ឋអាមេរិក ក្នុង​ទឹកប្រាក់​នៃ​ការនាំចេញ​សរុប​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន ២.៩១៦​លាន​ដុល្លារ​អាមេរិក​។ ទឹកប្រាក់​ដែល​កម្ពុជា​បាន​បង់ពន្ធ​ឲ្យ​សហរដ្ឋ​អាមេរិក​មាន​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ​អាមេរិក​(​អត្រាពន្ធ​មធ្យម​មាន​ប្រមាណ​១២​ភាគរយ​) ព្រោះ​សហរដ្ឋអាមេរិក មិន​បាន​ផ្តល់​ភាព​អនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​ដូច​សហភាព​អឺរ៉ុប​ឡើយ​។ មុខទំនិញ​នាំចេញ​សំខាន់ៗ​រួមមាន សម្លៀក​បំពាក់​គ្រប់​ប្រភេទ ស្រោម​និង​ស្បែកជើង ប្រដាប់​ក្មេង​លេង វត្ថុ​ធ្វើ​ពី​ស្បែក ស្រោម​ពូក និង​គ្រឿងសង្ហារិម ជាដើម​។ ដោយឡែក​សហរដ្ឋអាមេរិក ទើបតែ​ផ្តល់​ភាពអនុគ្រោះ​ពន្ធ​លើ​មុខ​ទំនិញ​សម្រាប់​ការធ្វើ​ដំណើរ នៅ​ចុងឆ្នាំ​២០១៦ ប៉ុណ្ណោះ ដែល​ការនាំ​ចេញ​មុខ​ទំនិញ​នេះ​ទៅ​សហរដ្ឋអាមេរិក រយៈពេល ១១​ខែ នៃ​ឆ្នាំ​២០១៧ មាន​ប្រមាណ​២០០,៦​លាន​ដុល្លារ​អាមេរិក​(​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​) ។ ប្រសិនបើ​មាន​ការតម្រូវ​ឲ្យ​បង់ពន្ធ​វិញ​នោះ​ទឹកប្រាក់​ដែល​កម្ពុជា​ត្រូវ​បង់​មាន​ត្រឹមតែ​ប្រមាណ​១០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​(​អត្រាពន្ធ​មធ្យម​គឺ​៥​ភាគរយ​)​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់​ថា ប្រសិន​ជា​សហរដ្ឋអាមេរិក តម្រូវ​ឲ្យ​កម្ពុជាឮ​បង់ព​ន្ធ​នាំ​ចូល​នោះ ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​មាន​បរិមាណ​តិចតួច​(១០​លាន​ដុល្លារ​អាមេរិក​) ប៉ុណ្ណោះ ព្រោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក​បាន​បង់ពន្ធ​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ​។ ប្រសិន​ជា​សហភាព​អឺរ៉ុប​តម្រូវ​ឲ្យ​កម្ពុជា​បង់ពន្ធ​នា​ចូល​នោះ ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​គិត​ជា​មធ្យម មាន​រហូត​ដល់​៦៧៦​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ ដែល​ផលិតកម្ម​ទំនិញ​នាំចេញ​ទាំងនេះ ប្រើប្រាស់​កម្មករ​ប្រមាណ​៤០​ម៉ឺន​នាក់​។ សហភាព​អឺរ៉ុប​ធ្លាប់បាន​ព្យួរ​សម្បទាន​ពន្ធគយ​ជា​បណ្តោះអាសន្ន ឬ​អចិន្ត្រៃយ៍ ដោយ​ផ្អែក​លើ​ករណី​ប្រទេស​ទទួល​ភាពអនុគ្រោះ​ពន្ធ​នោះ ត្រូវបាន​ចោទប្រកាន់​ថា​មាន​ការរំលោភ​គោលការណ៍​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​សិទ្ធិ​ជា​មូលដ្ឋាន​ធ្ងន់ធ្ងរ​។ ប្រទេស​ដែល​ធ្លាប់​ទទួលរង​ការព្យួរ​សម្បទាន​ពន្ធ​កន្លងមក រួមមាន ប្រទេស​មី​យ៉ាន់​ម៉ា ប្រទេស​ស៊ូដង់ ប្រទេស​ស្រីលង្កា និង​ប្រទេស​បេឡា​រុស្ស ជាដើម​។ ដើម្បី​ទប់ស្កាត់​ការសម្រេច​ព្យួរ​សម្បទាន​ពន្ធគយ​លើ​គ្រប់​មុខ​ទំនិញ​ដោយ​សភា​អឺរ៉ុប​ជាយថាហេតុ កម្ពុជា​គួរ​បញ្ចុះបញ្ចូល បណ្តាល​ប្រទេស​ជា​មិត្ត​ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប តាមរយៈ​បណ្តាញ​ការទូត និង​ពាណិជ្ជកម្ម ព្រោះ​សហភាព​អឺរ៉ុប​ច្រើន​មាន​ភាពទន់ភ្លន់ និង​យោគយល់​ដល់​ស្ថានភាព​របស់​កម្ពុជា​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

×