ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រុកស្វាយជ្រំ ធ្វើការស្ទាក់ចាប់បានក្រោយពីធ្វើសកម្មភាពលួចរថយន្តដឹកទំនិញមួយគ្រឿងនៅដេប៉ូមួយកន្លែងនៅក្រុងស្វាយរៀង ហើយបើករត់គេចដល់ឃុំពោធិរាជស្រុកស្វាយជ្រំ ។
ករណីលួចរថយន្តនេះបានកើតឡើងកាលពីថ្ងៃ ព្រហស្បតិ៍ ០២រោច ខែ មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៩នៅត្រង់ចំណុចដេប៉ូលក់ឈើ ស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖នៅវេលាកើតហេតុខាងលើមានករណីលួចរថយន្តពីកន្លែងដេប៉ូមួយដែលជាកម្មសិទ្ធិរបស់ឈ្មោះ ងិន សុខា ភេទស្រី អាយុ ៥១ឆ្នាំ មុខរបរលក់ឈើ មានទីលំនៅកន្លែងកើតហេតុខាងលើនោះ។ប្រភពបានបន្តទៀតថា៖ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងចុះពង្រឹង ក្រុងស្វាយរៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ សង្ឃ័រ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពោធិរាជ ធ្វើការស្ទាក់ចាប់ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចរថយន្តដែលមាន ឈ្មោះ អន សក្ក័រ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិពោធិតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង រួមនឹងវត្ថុតាងរថយន្តតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-4443 នៅចំណុចលើផ្លូវលេខ៣១៥ ស្ថិតក្នុងភូមិពោធិតារាជ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕ដោយ ៖ វ៉ៃកូ