ភ្នំពេញ ៖ បើតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចហ៊ុនសែន នៅថ្ងៃទី 25 ខែកុម្ភៈឆ្នាំ 2019 បានបញ្ជាក់ថា ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួលស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ដើម្បីវិនិយោគគិន និងពាណិជ្ជករទទួលបានផលប្រយោជន៍កាន់តែច្រើនឡើង។
នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ដែលមានខ្លឹមសារខាងក្រោម ៖ មាត្រា១.ត្រូវបានបញ្ចប់តួនាទី និងភារកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូលរបស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល)នៃក្រសួងពាណិជ្ជកម្មពីច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វាតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្ដោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ មាត្រា២.- អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជាស្ថាប័នតែមួយគត់មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូលនៅច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រតំបន់ សេដ្ឋកិច្ចពិសេសទីកន្លែងសន្ធិធិគយបណ្ដោះអាសន្ននិងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញនាំចូលផ្សេងទៀត។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នាៗ៕ ដោយ ៖ កូឡាប