ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានផ្សព្វផ្សាយថា ថ្មីៗនេះមានការផ្ទុះជំងឺផ្ដាសាយបក្សី H5N1 កើតលើសត្វបក្សីជាបន្តបន្ទាប់ គឺផ្ទុះនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម និងស្រុកស្ទោង ខេត្តកំពុងធំ ករណីផ្ទុះទាំងពីរនេះ ពុំទាន់រកឃើញមានឆ្លងលើមនុស្សឡើយទេ តែមន្ត្រីជំនាញក្រសួងសុខាភិបាល កំពុងបន្តតាមស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់បំផុត។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានប្រកាសសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់អំពីការចម្លងជំងឺនេះ ជាពិសេស ក្នុងពិធីបុណ្យផ្សេង អាកាសធាតុចុះត្រជាក់ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ សូមបងប្អូនប្រុងប្រយ័ត្នជានិច្ច អំពីការចម្លងជំងឺផ្តាសាយបក្សី ។ សំខាន់សូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ឫលក់បន្ត ត្រូវអនុវត្តអនាម័យក្នុងការ បោចរោម និង ចំអិនជាប់ជានិច្ច ។
សូមរំលឹកថា ចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០១៤ ក្នុងប្រទេសយើងធ្លាប់កើតមានជំងឺផ្តាសាយបក្សី ដែលបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណីដែលក្នុង នោះ ៣៧ ករណីបានស្លាប់ ។ ដោយឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុងឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់ ។ បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨,៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល យើងមានឱសថសំរាប់ព្យាបាលជំងឺនេះ ។
ក្រសួងសុខាភិបាល អំពាវនាវប្រជាពលរដ្ឋទាំងអស់ សូមចូលរួមការពារការចម្លងជំងឺផ្តាសាយបក្សី ។ ដោយសារអាកាសធាតុត្រជាក់ និងការយកចិត្តទុកដាក់លើបញ្ហាសុខភាពប្រជាពលរដ្ឋកម្ពុជាទូទៅ លោកសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកនិងអំពាវនាវសាជាថ្មី សូមឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់ដែលមានសត្វបក្សីកើតជំងឺផ្តាសាយបក្សី H5N1 នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម សូមចូលរួមអនុវត្តវិធានការការពារជំងឺបណ្តាលមកពីអាកាសធាតុត្រជាក់ ដូចជា ផ្តាសាយ ក្អកកណ្តាស រលាកច្រមុះ បំពង់ក និងទងសួត ជាដើម។
ជាពិសេសត្រូវចេះការពារកុំឲ្យមានការចម្លងវីរុសផ្តាសាយបក្សីH5N1ដោយក្នុងពេលថ្មីៗនេះ មានករណីជំងឺផ្តាសាយបក្សី H5N1 ផ្ទុះឡើងជាថ្មីលើសត្វបក្សី នៅភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ពុំទាន់រកឃើញមានឆ្លងមកមនុស្សនៅឡើយ) ហើយមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តកំពង់មាម កំពុងបន្តតាមដានស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់បំផុត រីឯវិធានការសាមញ្ញដើម្បីការពារជំងឺបណ្តាលមកពីអាកាសធាតុត្រជាក់ និងការការពារចម្លងជំងឺផ្តាសាយបក្សីH5N1 ដែលត្រូវរួមគ្នាអនុវត្ត៖ ត្រូវពាក់សម្លៀកបំពាក់ក្រាស់ជិតខ្លួនប្រាណ ត្រូវពាក់ម៉ាស់ នៅពេលក្អក កណ្តាស់ និងប្រើកន្សែងស្អាត ប្រសិនបើមានហូរសំបោរ ហើយមិនត្រូវបោះចោលពាសវាលពាសកាលដែលអាចចម្លងទៅអ្នកដទៃ ត្រូវលាងសំអាតដៃនិងសាប៊ូ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ក្នុងការចាប់កាន់សត្វបក្សីយកមកធ្វើម្ហូបអាហារ ឬប៉ះពាល់សត្វបក្សី សំខាន់បំផុតសូមកុំយកសត្វមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារឬលក់បន្ត ត្រូវអនុវត្តអនាម័យចំណីអាហារ មានអនាម័យល្អក្នុងការបោចរោមសត្វបក្សី និងត្រូវចំអិនអាហារឲ្យបានឆ្អិនល្អជាប់ជានិច្ច៕ ដោយ ៖ កូឡាប