ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញរបាយការណ៍ ស្តីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ត ដោយក្នុងរបាយការណ៍បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ការប្រមូលផលស្រូវរដូវវស្សាឆ្នាំនេះ សម្រេចបានចំនួន ១,២លានហិកតា លើផ្ទៃដីអនុវត្តសរុប ២,៦លានហិកតា ដោយទទួលបានបរិមាណសរុបជាង ៤លានតោនលើសឆ្នាំមុនចំនួនជាង៥សែនតោន។
របាយការណ៍ ក៏បញ្ជាក់ថា ការនាំចេញអង្ករទៅបរទេស ដោយក្នុងនោះ ក្នុងខែវិច្ឆិកាឆ្នាំ២០១៧ ការនាំអង្ករចេញតាមរយៈច្រកចេញចូលតែមួយគឺមានបរិមាណសរុបចំនួន៧០.១២២តោន ដេលមានការកើនឡើងចំនួន១១.៩៥៤តោន(កើន២០,៦០ភាគរយ) ធៀបនឹងបរិមាណនាំចេញក្នុងខែវិច្ឆិកាឆ្នាំ២០១៦។ សរុបរយៈពេល១១ខែដើមឆ្នាំ២០១៧ នាំចេញបានចំនួន៥៦២.២៣៧តោន(១១ខែដើមឆ្នាំ២០១៦នាំចេញបានចំនួន៤៧៩.៦៨៩តោន កើនឡើង១៧,២០ភាគរយ) ទៅកាន់ទិសដៅចំនួន៦៣ប្រទេស ក្នុងប្រទេសចិនឈេលំដាប់ទី១ (១៦៤.៩៧៦តោន) ប្រទេសបារាំងឈរលំដាប់ទី២ (៧០.៧៤១តោន) ប្រទេសប៉ូឡូញឈរលំដាប់ទី៣(៤១.៤៦៩តោន) ប្រទេសម៉ាឡេស៊ីឈរលំដាប់ទី៤(៣៥.២០៩តោន) ប្រទេសបង់ក្លាដេសឈរលំដាប់ទី៥(២៦.៩៧០តោន) ប្រទេសអង់គ្លេសឈរលំដាប់ទី៦(២៥.៨៨៩តោន) ប្រទេសនីដឺឡែនឈរលំដាប់ទី៧(២៥.០០២តោន) ប្រទេសបុងឈរលំដាប់ទី៨(១៩.៨៣៤តោន) ប្រទេសប៊ែលហ្ស៊ីកឈរលំដាប់ទី៩(១៩.២៤៤តោន) និងប្រទេសឆេកឈរលំដាប់ទី១០(១៥.១៨៧តោន) ។ បច្ចុប្បន្នការនាំចេញអង្ករមានចំនួន៨៤ក្រុមហ៊ុន។
ក្រៅពីការនាំអង្ករចេញ ក្រសួងកសិកម្ម ក៏បានបញ្ចេញរបាយការណ៍ទាក់ទងដំណាំកសិកម្មនេះផងដែរគឺដំណាំកៅស៊ូ ដែលមានបរិមាណបញ្ចេញលក់ជ័រកៅស៊ូ ក្នុងខែវិច្ឆិកាឆ្នាំ២០១៧ មានចំនួនសរុប ១៥២.៩៦៣តោន បានកើនឡើងចំនួន៣៦.៦១៣តោន ស្នើនឹង៣១ភាគរយ បើប្រៀបធៀនរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៦។ គួរកត់សម្គាល់ថាតម្លៃលក់ជ័រកៅស៊ូមធ្យមក្នុងខែវិច្ឆិកា ឆ្នាំ២០១៧នេះគឺ១.៦២៥ដុល្លារក្នុងមួយតោន បានកើនឡើងចំនួន៤៥២ដុល្លារក្នុងមួយតោន បើប្រៀបធៀនរយៈពេលដូចគ្នាឆ្នាំ២០១៦។ ក្នុងរយៈពេល១១ខែឆ្នាំ២០១៧ការប្រមូលចំណូលថវិកាបានចំនួនសរុប១.១៩៨.១៣៤.៦៧៤រៀល ពីថ្លៃឈ្នួលដីរបស់ក្រុមហ៊ុនចម្ការកៅស៊ូចម្ការអណ្តូង មេមត់ ជុប ក្រែក ក្រុមហ៊ុននីហរ័ណកៅស៊ូ (និងប្រាក់ពិន័យក្រុមហ៊ុនចម្ការកៅស៊ូស្នូល ចម្ការអណ្តូង ពាមជាំង ឆ្នាំ២០១៦) ។ រីឯការប្រមូលចំណូលថវិកាចូលរដ្ឋក្នុងខែវិច្ឆិកាឆ្នាំ២០១៧គឺពុំមានឡើយ។
បើតាមក្រសួងកសិកម្មដដែលបានលើកឡើងពីការចំណូលព្រៃឈើ សម្រាប់ខែវិច្ឆិកាឆ្នាំ២០១៧ ចំណូលពីថ្លៃសួយសារផល អនុផលព្រៃឈើសរុបចំនួន ១.២០៨.០០០.០០០រៀល និងចំណូលពីសេវាសាធារណៈចំនួន៥៨៥.១៨៧.៨៦០រៀល និង១.១៤២,៥៧ដុល្លារអាមេរិក។ ការប្រមូលថវិកា ចំណូលពីវិស័យជលផលក្នុងខែវិច្ឆិកាឆ្នាំ២០១៧ ចំនួន១៩.៨៤៣.៣៣៦រៀល សរុបរយៈពេល១១ខែបានចំនួន២.៦៦៦.១១១.៣១៩រៀល ស្នើនឹង៨៨,៨៧ភាគរយនៃផែនការ៣.០០០.០០០.០០០រៀល ប្រៀបធៀរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៦ កើនឡើងចំនួន៦៥៦.៣០៧.១៨០រៀល។ មកទល់ពេលនេះការងារបង្កបង្កើនផលដំណាំស្រូវវស្សាបានបញ្ចប់ហើយដោយសម្រេចបានចំនួន២.៦៥៧.៧៦៨ហិកតាស្នើនឹង១០៦,៤៥ភាគរយ នៃផែនការ២.៤៩៦.៧៩០ហិកតា។ ពិនិត្យជារួម ស្ថានភាពទឹកជំនន់ បានធ្វើឲ្យប៉ះពាល់និងខូចខាតលើដំណាំស្រូវប្រាំងនៅខេត្តបន្ទាយមានជ័យលើផ្ទៃដីសរុបចំនួន ១.៤២៦ហិកតា ក្នុងនោះស្តារឡើងវិញបានចំនួន១.០៤១ហិកតា ដោយខូចខាតទាំងស្រុងលើសន្ទូងពង្រោះចំនួន៣៨៥ហិកតា។ ជាមួយនឹងការខិតខំប្រមូលផលដំណាំស្រូវវស្សាយ៉ាងស្រាក់សស្រាំរបស់ប្រជាកសិករ ក្រសួងក៏បានជំរុញដល់គ្រប់អង្គភាពជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរទៅយន្តការនិងបទដ្ឋានបច្ចេកទេសគន្លឹះសំខាន់ៗ៕ ដោយ ៖ កូឡាប